សមត្ថកិច្ច​អង់គ្លេស​ចាប់​ខ្លួន​ជន​វាយ​ប្រហារ​ថ្មី​ ខណៈ​ប៉ូលិស​បង្ហាញ​រូបភាព​នៃ​អំពើ​ភេរវកម្ម

លោក ខាលីដ ម៉ាសូដ ជា​ពល​រដ្ឋអង់គ្លេស ដែល​មាន​ប្រវត្ត​ប្រព្រឹត្តបទល្មើស (រូបភាពពីទីភ្នាក់ងារ​ AFP)

អាជ្ញាធរ​អង់គ្លេស​នៅ​ថ្ងៃ​នេះ បាន​ចាប់ខ្លួន​​ជន​សង្ស័យ​ម្នាក់​ទៀត​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​វិមាន​សភា ខណៈ​ដែល​ពួកគេ​បាន​បង្ហាញ​រូបថត​ឃាតករ​ក្នុង​ស្រុក​ម្នាក់ ដែល​បាន​សម្លាប់​មនុស្ស ៤​នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ូលិស​អង់គ្លេស បាន​និយាយ​ថា លោក ខាលីដ ម៉ាសូដ ជា​ពលរដ្ឋ​អង់គ្លេស​អាយុ​៥២​ឆ្នាំ ដែល​មាន​ប្រវត្ត​ប្រព្រឹត្ត​បទ​ល្មើស ប៉ុន្តែ​មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ ត្រូវ​បាន​ប៉ូលិស​បាញ់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ក្រោយ​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​វិមាន​រដ្ឋ​សភា។

ជន​សង្ស័យ ៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន ក្រោយ​ពី​ប៉ូលិស​ស្រាវ​ជ្រាវ​លើ​ទីតាំង ១២​កន្លែង ភាគ​ច្រើន​នៅ​ជុំ​វិញ​ទីក្រុង​ឡុងដ៍ កណ្ដាល​ទីក្រុង​ប៊័រមីងហាំ និង​ភាគ​ពាយព្យ​ទីក្រុង​មេនឆេស្ទ័រ។

ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ថា ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​នៅ​អង់គ្លេស​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ទាហាន​ម្នាក់​របស់​ពួកគេ ដែល​បាន​អំពាវ​នាវ​ឲ្យ​វាយ​ប្រហារ​ទៅ​លើ​បណ្ដា​ប្រទេស​នានា​ស្ថិត​ក្នុង​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អាមេរិក​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បះបោរ។

ប៉ូលិស​និយាយ​ថា គ្មាន​ការ​គំរាម​កំហែង​ទៀត​ទេ ប៉ុន្តែ មេ​បញ្ជាការ​ប្រឆាំង​ភេរវកម្ម លោក ម៉ាក រ៉ូឡេយ៍ បាន​និយាយ​ថា ពួកគេ​កំពុង​ព្យាយាម​សាង​ទិដ្ឋភាព​នៃ​អំពើ​បាញ់​ប្រហារ​នោះ​ឡើយ​វិញ និង​ព្យាយាម​ស្វែង​រក​ថា តើ​នរណា​ជំរុញ​ គាំ​ទ្រ និង​បញ្ជា​​ខ្មាន់​កាំភ្លើង ម៉ាសូដ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ