លិខិតមិត្តអ្នកអាន៖ ការឲ្យនិយមន័យបដិវត្តន៍ពណ៌របស់លោក ហ៊ុន សែន

លោក ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ថ្ងៃ​ទី​២៥ខែកុម្ភៈ២០១៥ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុបការ​ងារ​ឆ្នាំ​២០១៤ និង​លើក​ទិស​ដៅ​ការ​ងារឆ្នាំ​​២០១៥ នៃ​​ក្រសួង​មហាផ្ទៃ​ លោកនាយករដ្ឋមន្ត្រី​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ថ្លែង​អំពីបញ្ហា​ទាក់​ទង​នឹង​​បាតុកម្ម​រៀប​ចំ​ដឹក​នាំ​ដោយ​​បក្ស​ប្រឆាំង មាន​សេចក្តី​ដូច​ខាង​ក្រោមនេះ​​៖​

«ការប៉ុន​ប៉ង​ផ្តួល​រំលំរាជ​​រដ្ឋាភិបាល​តាម​របស់​ដែល​ហៅ​ថា​ ​“អំណាច​ប្រជាជនឬក៏​​បដិវត្តន៍​ពណ៌​” បាន​ធ្វើ​ឡើង​យ៉ាង​គគ្រឹក​គគ្រេង។​ គេ​បាន​ប្រកាស​ថា​ ឆ្នាំ​២០១៣ ​គឺ​ជា​ឆ្នាំ​ដែល​​ល្អ​បំផុត​ដើម្បី​ដូរ​ ហ៊ុន ​សែន​ ហើយ​មជ្ឈដ្ឋាន​ពី​ខាង​ក្រៅ​គេ​បាន​សួរនូវ​​សំណួរ​២មក​ទី​ក្រុង​ភ្នំ​ពេញ៖​ សំណួរ​ទី​១​ ​តើ​គណបក្ស​ប្រជាជន​រួប​រួម​គ្នា​ ឬ​អត់?​​ សំណួរ​នេះ​ត្រូវ​បាន​ឆ្លើយទៅ​វិញ​យ៉ាង​ច្បាស់​ថា​ គណបក្ស​ប្រជាជន​គឺ​មាន​ការ​រួប​រួម​គ្នា​ល្អ​ណាស់​។​ ចម្លើយ​របស់​គេ ​គឺ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​។ សំណួរ​ទី​២​ តើ​កង​កម្លាំង​ប្រដាប់​អាវុធនៅ​ស្មោះ​ត្រង់​ជាមួយ ​ហ៊ុន​ សែន​ ស្មោះ​ត្រង់​ជា​មួយរាជ​រដ្ឋាភិបាល​ឬ​អត់?​​​ ចម្លើយ​ពី​ទី​ក្រុង​ភ្នំ​ពេញឆ្លើយ​​ថា​មិន​ច្បាស់​។ ដូច្នេះ​ហើយបាន​ជា​​​ខ្ញុំ​សន្និដ្ឋាន​ថា​ បាតុកម្ម​ថ្ងៃ​ ១៥ ១៦ និង​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ​ជា​ការ​ធ្វើ​តេស្ត​សាក​ល្បង​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ចំពោះ​រាជរដ្ឋាភិបាល​។ ប្រហែល​ជា​អស់​លោកនាយ​នគរ​បាល​និង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​បាន​ដឹង​ហើយ​ថា​​ មុន​ពេល​បាតុកម្ម​មក​ដល់ ​គេ​បាន​ដើរ​ចែក​ផ្កា​ ចែក​នុំ​ចំណី​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ កម្លាំង​ប្រដាប់អាវុធ​អាច​អព្យាក្រឹត​បាន​​តែ​ចំពោះ​មុខ​បក្ស​នយោបាយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​អាច​អព្យាក្រឹត​រវាង​ម្ខាង​បក្ស​នយោបាយ ​និង​ម្ខាង​រាជរដ្ឋាភិបាល​ទេ​។ សូម​ជម្រាបជូន​​ឱ្យ​ច្បាស់ ជា​សារ​នយោបាយ​មួយ​ចំពោះ​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​​ អព្យាក្រឹត​ចំពោះ​មុខ​បក្ស​នយោបាយ​ទាំង​អស់​ ប៉ុន្តែ​មិន​អាចអព្យាក្រឹត​រវាង​បក្ស​នយោបាយ​និង​រដ្ឋ​បាន​ទេ​។ កម្លាំង​ប្រដាប់​អាវុធ​ រដ្ឋបាល​ស៊ីវិល​ បង្កើត​ឡើង​ដើម្បី​ការ​ពារ​​រដ្ឋ​ធម្មនុញ្ញ​ ហើយ​​អ្នក​ដែល​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ​គឺ​រាជរដ្ឋាភិបាល​នោះ​ឯង​ ស្ថាប័ន​តុលាការ​​និង​ផ្នែក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ អំណាច​សាធារណៈ​ មិន​អាច​បំពាន​បាន​ទេ។​ ដូច្នេះ​សូម​កុំ​ភ័ន្ត​ច្រលំ​ នៅ​គ្រប់​ទី​កន្លែង​ដែល​បដិវត្តន៍​ពណ៌​បាន​ធ្វើ​ តែង​យក​អព្យាក្រឹតូបនីយកម្ម​កង​កម្លាំង​ប្រដាប់​អាវុធ​រវាង​បក្ស​នយោបាយ​ ​កម្លាំង​ប្រដាប់អាវុធ​ និង​រដ្ឋបាល​ស៊ីវិល​ រវាង​បក្ស​នយោបាយ​និង​រដ្ឋ​។ តែ​នៅ​ទី​នេះ​ ខ្ញុំ​សូម​បញ្ជាក់​ជូន​អស់​លោក​ឱ្យ​បាន​ជ្រាប​ ទាំង​កង​ទ័ព ទាំង​នគរបាល​ ​ទាំង​​អាវុធ​ហត្ថ​ និង​រដ្ឋ​បាល​ស៊ីវិល​ទាំង​អស់​ មិន​អាច​អព្យាក្រឹត​និង​រវាង​បក្ស​នយោបាយ​និង​រដ្ឋ​បាន​ទេ​។ នេះ​សូម​បញ្ជាក់​ ព្រោះ​នេះ​ជា​ឧបករណ៍​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​ ការ​ពារ​ជាតិ​ ការ​ពារ​សន្តិសុខ​របស់​ប្រទេស​ បើ​បក្ស​នយោបាយ​ទាស់​គ្នា​ អាហ្នឹង​អស់​លោក​ទៅ​ឃាត់​បាន​ អត់​មាន​​កាន់​ជើង​ម្ខាងៗ​ទេ​ ប៉ុន្តែ​កាល​ណា​បក្ស​នយោបាយមួយ​​បំពាន​ទៅ​លើ​រដ្ឋ​ហើយ​គឺ​ហ្គឹប​ហើយ អត់​មាន​…។ សំណាង​​ដែរដែល​​គេ​មិន​ហ៊ាន​ធ្វើ​នោះ​ ​ គ្រាន់​តែ​មាន​រឿង​នៅ​​អ៊ុយក្រែន​ភ្លាម​ ថា​ធ្វើ​ដូច​អ៊ុយក្រែន ចាំ​តែ​មក​ដូច​អ៊ុយ​ក្រែន​ដាក់​ហ្គឹបឥឡូវ​ហ្នឹង​​​​។​​ អាហ្នឹង​បញ្ហា​ទី​មួយ​ ខ្ញុំ​សូមកោត​​សរសើរ​ហើយ​ដែល​អស់​លោក​បាន​យល់អំពី​​តួនាទី​អព្យាក្រឹតភាព​រវាង​បក្ស​នយោបាយ​និង​បក្ស​នយោបាយ​ដែល​​ត្រូវ​ការ​ពារ​ឱ្យ​ទាំង​អស់​គ្នា​ អត់​មាន​កាន់​ជើង​ខាង​ណា​ទេ​ បើ​ទាស់​គ្នា លោក​ឯង​ទាស់​​គ្នា​ ខ្ញុំ​ទៅនៅ​​កណ្តាល​ ​អត់​មាន​​ឱ្យ​លួច​ឱ្យ​​ទឹក​សុទ្ធ​ទៅ​​ខាង​ណោះ​​ ហើយមិន​​​ឱ្យ​ទឹក​សុទ្ធទៅ​​ខាង​ណេះ​ទេ​ ការ​ពារ​ឱ្យ​ទាំង​អស់​គ្នា​ ប៉ុន្តែ​ដែល​ហៅ​ថា​រដ្ឋ​ហើយ​គឺ​កឹប​ ខ្ញុំ​បែរ​ដាក់​លោកឯង​​កឹប​ហ្មង​​។ […] កង​ទ័ព​ត្រូវ​ចាំ ​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ចាំ​ រដ្ឋបាល​ស៊ីវិល​ត្រូវ​ចាំ​ លោក​ឯង​អាច​អព្យាក្រឹត​ជា​មួយ​​បក្ស​នយោបាយ​បាន​ ប៉ុន្តែ​លោក​ឯង​អត់​មាន​អព្យាក្រឹតរវាង​កម្លាំង​ប្រដាប់​អាវុធ​ រដ្ឋបាល​ស៊ីវិល​ ជា​មួយ​នឹង​រដ្ឋ​ទេ​…​លោក​ឯង​ជា​ឧបករណ៍​ការ​ពាររដ្ឋ​​ ការ​ពារ​រដ្ឋធម្មនុញ្ញ​ ហើយ​អ្នក​ណាការ​ពារ​បញ្ជា​លើ​កម្លាំ​ងគឺ​រាជ​រដ្ឋាភិបាល​​ អ៊ីចឹង​សូម​ឱ្យ​ចាំ​។ ហើយ​ឥឡូវប្រទេស​បដិវត្តន៍​ពណ៌​កំពុង​ងាប់​ហើយ​ ងាប់​មួយ​ម្តង​ៗ ឬ​ក៏​បើ​វា​មិន​ងាប់​ទេ​ ក៏​គង់​តែ​រពើក​​ៗ។​ លីប៊ី​យ៉ាង​ម៉េច​ហើយ​ សួរ​មើល​លីប៊ី​, អេហ្ស៊ីប​ម៉េច​ហើយអេហ្ស៊ីប,​ ទុយនេស៊ី​រៀង​គ្រាន់​បើ​ជាង​គេ​បន្តិច,​ បើ​អេហ្ស៊ីប​ យោធា​កាន់​តែ​ម្តង​ ហើយ​ចាប់ ​ក្រៅ​ពី​ការ​បង្ក្រាប​ហើយ​ ចាប់​អា​បក្ស​ធ្វើ​នេះ​គេ​ហ្នឹង​ កាត់​ទោស​ប្រហារ​ជីវិតតែ​​ម្តង​ ប៉ុន្មាន​ថ្ងៃ​មុន​ដូច​ជា​រំលាយ​អា​អង្គការ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​បក្ស​ភាតរៈ​អស់​ដូច​ជា ១១៨អង្គការ​​រំលាយ​ចោល​តែ​ម្តង។​ ​អ៊ុយក្រែន​ម៉េច​ហើយ បដិវត្តន៍​ពណ៌នៅ​​អ៊ុយក្រែន​ បដិវត្តន៍​ទឹក​ក្រូច​ ឥឡូវ​សូម​​កុំ​ឱ្យតែ​​សង្គ្រាមផ្ទុះ​​នៅ​អ៊ុយក្រែនទៅ​បាន​ហើយ​ អា​បទ​ឈប់​បាញ់​ហ្នឹង​ បើ​ទោះ​បីថា​ ​ឈប់​មិន​ឈប់​ក៏​កុំ​ឱ្យ​សង្គ្រាម​ហ្នឹងវា​​រីក​ធំ​លើស​ហ្នឹង​តាម​រយៈ​ការ​ផ្គត់​ផ្គង់​អាវុធ​ទាំង​សង​ខាង​…។ អា​ហ្នឹង​និយាយ​ឱ្យ​ហើយ​ អព្យាក្រឹត​ភាព​គឺ​អព្យាក្រឹតភាព​តែ​រវាង​បក្ស​នយោបាយ​និង​បក្ស​នយោបាយ​បាន​ហើយ​ បើ​​បក្ស​នយោបាយ​នា​នា​បំផុស​មនុស្ស​កាន់​កាប់​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ កាន់​កាប់​ក្រសួង​នេះ​ កាន់​កាប់​ក្រសួង​នោះ​ ចាប់រដ្ឋ​​មន្ត្រី​ ចូល​បន្ទាយ​ទាហាន​ ចូល​ស្អី​ហើយ​ នៅ​ស្ងៀម​អាម៉េច​ អត់​នៅ​ស្ងៀម​ទេ​ អាសត្វ​ហ្នឹង​នោះ​។ ពី​មុន​មក ​ខ្ញុំ​អត់​និយាយ​ទេ​អាហ្នឹង​ ខ្ញុំ​ចង់មើល​កង​ទ័ពយើង​ម៉េច​ គ្រាន់​បើ​ អរគុណ​។ ស្មាន​តែ​ទុក​លោក​ឯងហ្អី​ បើ​​លោកឯង​​មិន​ធ្វើ​ មាន​អ្នក​ដទៃ​ទៀត​ធ្វើ​ហើយ កុំ​ឆ្ងល់​ពេក​​ អង្គភាពមួយ​​ចេញ​មកមិន​ព្រម​ធ្វើ​​​​ ប៉ុន្តែជា​ទូទៅអត់​មាន​អង្គភាព​ណា​មិន​ធ្វើទេ​។​ ខ្ញុំ​ឃើញ​នៅ​ហ្ស៊ក​ហ្ស៊ី​ខុស! នៅ​ហ្ស៊កហ្ស៊ី​​ បណ្តោយ​ឱ្យ​គេ​ចូល​​ដេញ​ប្រធានាធិបតី​នៅ​ក្នុង​វិមាន​ប្រធានាធិបតី នៅ​ហ្ស៊កហ្ស៊ី​ខុស!​ ​​ ខុស​រឿង!​ អាហ្នឹង​​រឿង​ហ្ស៊កហ្ស៊ី​ ប៉ុន្តែរឿង​​កម្ពុជា​ផ្សឹង…​។  ហើយ​វីរនារី​ខ្លះ​ វីរបុរសខ្លះ​ គេ​​ចូល​ចិត្ត​ណាស់​ទីលាន​ប្រជាធិបតេយ្យ​ ដីស្រុក​ខ្មែរ​ ១៨១០៣៥គីឡូម៉ែត្រ​ការ៉ា​…មិន​ទៅ​រំដោះ​ទេ​ ​រំដោះទឹក​ដី​ អា​​ដីប៉ុន​បាត​ដៃ​ ដែល​គេ​ទុក​ស្រាវជ្រាវ​ធ្វើ​កោសល្លវិច្ច័យ​​ ដល់​អ៊ឹចឹង​បានជា​​មានពួកនៅក្រុម​​​​ព្រៃ​សហ្នឹង​​។ អាហ្នឹង​​រឿង​វា​អ៊ីចឹង​អំណាច​រដ្ឋ​! អាហ្នឹង​គ្រាន់​តែ​ផ្តាំ​ផ្ញើ​ ហើយ​បរទេស​មួយចំនួនដែល​មាន​ចេតនា​មិន​ល្អ​ ត្រូវ​​​មើល​ឱ្យ​ច្បាស់នេះ​មិន​មែនជា​​អ៊ុយក្រែន​ ហើយ​នេះ​មិន​មែនជា​​លីប៊ី​…។»

នេះ​ជា​សន្ទរកថា​ដ៏​សំខាន់​បំផុត​របស់​លោក​នាយករដ្ឋមន្ត្រី​ទាក់​ទង​នឹង​ប្រធាន​បទ​បដិវត្តន៍​ពណ៌​ ព្រោះ​វា​ផ្តល់​ព័ត៌មាន​​ជា​​ច្រើន​ ពិសេស​សម្រាប់​​​អ្នក​សិក្សាអំ​ពី​ចលនា​ប្រជាជននៅ​កម្ពុជា​​ ហេតុ​នេះ​ហើយ​ទើប​យើង​ដក​ស្រង់​សឹង​ទាំង​ស្រុង​រាល់​សម្តី​ដែល​ពាក់​ព័ន្ធ​ សូម្បី​តែ​ពាក្យ​ដដែលៗ​។ សម្តី​ពណ៌​ដិត​ទាំង​ឡាយ​គឺ​ជា​ចំណុច​សំខាន់ដែល​យើង​នឹង​បែង​ចែកជា​ផ្នែក​មក​ពិភាក្សា​​ដូច​ត​ទៅ​នេះ​៖ អព្យាក្រឹតភាព​​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​, តាក់ទិច​អហិង្សា​ប្រើ​ប្រាស់​ក្នុង​បដិវត្តន៍​ពណ៌​, ប្រទេស​ដែល​មាន​បដិវត្តន៍ពណ៌​​កើត​ឡើង​។

អព្យាក្រឹត​ភាព​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​

លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ជា​ច្រើន​ដង​អំពី​អព្យាក្រឹត​ភាព​របស់​កង​កម្លាំងប្រដាប់​អាវុធ​​ ទាំង​ក្នុង​សន្ទរកថា​នេះ ​និង​សន្ទរកថា​នៅ​កន្លែង​ផ្សេង​ទៀត​ ព្រោះ សម្តេច​​បារម្ភ​​ខ្លាច​កង​កម្លាំង​​លែង​ស្មោះ​ត្រង់​នឹង​លោក​ ដែល​អាច​ឈាន​ទៅ​រក​ការ​ដួលរលំ​របប​របស់​លោក​និង​បិទ​បញ្ចប់​សម័យ​តេជោ​។​ ទោះ​មិន​បាន​កំណត់​និយមន័យ​ក៏​ដោយ​ ក៏​បរិបទ​បញ្ជាក់​​​​ថា​ សម្រាប់​បក្ស​ប្រជាជន អព្យាក្រឹតភាព គឺ​​ការ​ពារ​អំណាច​លោក​នាយករដ្ឋមន្ត្រី​​​និង​គណបក្ស​ប្រជាជន​ មិន​មែន​ការ​ពារ​រដ្ឋទេ​, ការ​លើក​ឡើង​ថា​ យោធា​អព្យាក្រឹត​​ មាន​ន័យ​ថា​ ស្ថាប័នទាំង​នោះ​ជា​​របស់​​​បក្ស​ បញ្ជា​ដោយ​បក្ស និង​ដើម្បី​បក្ស​នោះ​ឯង​ មិន​មែន​មាន​ន័យ​ថា​ មិន​ប្រកាន់​បក្ស​នយោបាយ​ មិន​បម្រើ​ប្រយោជន៍​ក្រុម​ណា​មួយ​ តាម​និយម​ន័យ​ត្រឹម​ត្រូវ​នៃ​ពាក្យ​អព្យាក្រឹត​នោះ​ឡើយ​។ លោក​នាយករដ្ឋមន្ត្រី​ពន្យល់​ឃោសនាបង្ក​ភាព​ស្រពិច​ស្រពិល​អំពី​​​បញ្ញត្តិ​ ‘អព្យាក្រឹត​ភាព’​​ ​រវាង​រដ្ឋ​និង​បក្ស​ ដើម្បី​ធ្វើ​ឱ្យ​យោធា​ថ្នាក់​ក្រោម​នៅ​តែ​គោរព​តាម​បញ្ជា​លោកដោយ​មិន​ចាំ​បាច់​ខ្វល់​ថា​ជា​បញ្ជា​ស្រប​ច្បាប់​ឬ​អត់់​ ​ទោះ​បី​បញ្ជា​នោះ​គឺ​មាន​គោលដៅ​នយោបាយ​ការ​ពារអំណាច​​លោក​និង​បក្ស​ ហើយជា​បទ​បញ្ជា​​រំលោភ​ច្បាប់​ក៏​ដោយ​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់លោក​នាយករដ្ឋមន្ត្រី​និង​គណបក្ស​ប្រជាជន​ បញ្ជា​របស់​ពួក​គេ​មិន​ចេះ​ខុស​ច្បាប់​នោះ​ទេ​។ ឧ. បទ​បញ្ជា​បង្ក្រាប​បាតុកម្ម​អហិង្សា​របស់​បក្ស​ប្រឆាំង​និង​កូដកម្ម​កម្មករនៅ​ដើម​ឆ្នាំ​២០១៤​ គឺ​ជា​បញ្ជា​ល្មើស​ច្បាប់​ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការ​ងារ​ធានា​ការ​ពារសិទ្ធិ​ធ្វើ​​បាតុកម្មនិង​កូដកម្ម​ដោយ​សន្តិវិធី​, ការ​ព្រមាន​អំពី​ក្រុម​បាត​ដៃ​ទី​បី​របស់​លោក​នាយករដ្ឋមន្ត្រី​ (សាធារណជនជឿ​ថា​ពួក​គេ​ស៊ី​ឈ្នួល​​រដ្ឋាភិបាល​ ​ជាប្រជាការពារឬ​​​កង​សន្តិសុខ ដែល​​ស្លៀក​ពាក់​ស៊ីវិល​ដើម្បីចៀស​វាង​ការ​ចោទ​ប្រកាន់​និង​ការ​ចំណាំ​អត្តសញ្ញាណ​​​​) រួច​ហើយ​ក៏ពិត​ជា​​មាន​ជនចូល​មក​បន្លំ​ខ្លួន​ជា​បាតុករ​​ដើម្បី​​បង្ក​អំពើ​ហិង្សា ដើម្បី​ផ្តល់​លេស​ឱ្យ​រដ្ឋាភិបាល​បង្ក្រាប​ ​គឺ​ជា​ការ​ញ៉ុះ​ញង់​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ បទ​ឧក្រិដ្ឋ​ និង​បំផ្លាញ​សន្តិសុខ​​ ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បក​ប្រែ​តាម​ស្ថាន​ភាព​ជាក់​ស្តែងឡើយ​ ពួក​គេ​តែង​អះ​អាង​ថា​ ជា​ការ​អនុវត្ត​ច្បាប់​ ទោះ​បី​បំពាន​ច្បាប់​លើ​គោក​​ក៏​ដោយ​។​ ​យើង​ទទួល​ស្គាល់​ថា​ ក្នុង​របប​ប្រជាធិបតេយ្យ​ បក្ស​ឈ្នះ​ឆ្នោត​គឺ​ជា​បក្ស​កាន់​អំណាច​ ពោល​គឺ​កាន់​កាប់​រដ្ឋាភិបាល​ មាន​សិទ្ធិ​ស្រប​ច្បាប់​បញ្ជា​លើ​កង​កម្លាំងរដ្ឋ​​ ប៉ុន្តែ​ ស្របច្បាប់​ លុះ​ត្រា​តែ​ឡើង​កាន់​អំណាច​តាម​មធ្យោបាយ​​ស្រប​ច្បាប់ដែរ​​ ពោល​គឺ​​ឈ្នះ​ឆ្នោត​ដោយ​យុត្តិធម៌ ​គ្មាន​ការ​លួច​បន្លំ​ ទិញ​និង​គំរាម​កំហែង​អ្នក​បោះ​ឆ្នោត​, ផ្ទុយ​ទៅ​វិញ​ គណបក្ស​ប្រជាជន​មាន​ប្រវត្តិ​ឡើង​កាន់​អំណាច​ដោយមធ្យោបាយ​មិន​ស្រប​ច្បាប់​ ពោល​គឺ​ ​រដ្ឋប្រហារបក្ស​ឈ្នះ​ឆ្នោត​ហ៊្វុនស៊ិនប៉ិច​ នៅ​ឆ្នាំ១៩​៩៧ ​និង​ឈ្នះ​ឆ្នោតទទួល​បាន​សំឡេង​លើស​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៣ ​ដោយ​ភាព​មិន​ប្រក្រតី​ ដូច្នេះ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​ ដែល​ត្រឹម​តែ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះប៉ុណ្ណោះ​​ (រដ្ឋាភិបាលអន្តរកាល​វរាង​អាណត្តិ​បោះ​ឆ្នោត​ ដែល​បក្ស​កាន់​អំណាច​ពី​អាណត្តិ​មុន​ នៅ​កាន់​កាប់​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ រហូត​ដល់​រដ្ឋាភិបាល​កើត​ចេញ​ពី​គណបក្ស​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​ ត្រូវ​បាន​បង្កើត​ហើយ​​ចូល​មក​កាន់​កាប់​​) ពិត​ណាស់​ គ្មាន​សិទ្ធិ​ស្រប​ច្បាប់​បញ្ជា​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋ​នោះ​​ទេ​ ហេតុ​នេះ​ទើប​ពួក​គេចេះ​តែ​​ព្រួយ​បារម្ភ​ពី​ការ​តវ៉ា​និង​ការ​លែង​គោរព​បញ្ជា​ពី​កង​កម្លាំង​រដ្ឋ​។ ក្នុង​ករណី​នេះ​ បើ​កង​កម្លាំង​រដ្ឋ​ពិត​ជា​យល់​ពី​បញ្ញត្តិ​ អព្យាក្រឹត​ មិន​ចំណុះ​បក្ស​នយោបាយ​ នោះ​ពួក​គេ​នឹង​មិន​​គោរព​បទ​​បញ្ជាពី​​បក្ស​ប្រជាជន​ឡើយ​ គឺ​មិន​ធ្វើ​តាម​រដ្ឋាភិបាល​ដែល​កាន់​កាប់​ដោយ​បក្ស​ប្រជាជន​ រឹត​តែ​​មិន​​ចូល​ជា​​សមាជិក​បក្ស​ប្រជាជន​នោះ​ដែរ​​, ​ត្បិត​បក្ស​មិន​មែន​រដ្ឋនោះ​ទេ មាន​តែ​រដ្ឋ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ផ្តាច់​មុខ​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ បក្ស​នយោបាយ​គ្មាន​ទេ​។ ​កង​កម្លាំង​អព្យាក្រឹត​ មាន​ន័យ​ថា​ ពួកគេ​​ឈរ​កណ្តាល​ ទទួល​បញ្ជា​តែ​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុណ្ណោះ​ មិន​ធ្វើ​តាម​បញ្ជា​ល្មើស​ច្បាប់​ពី​បក្ស​កាន់​អំណាចដែល​​នៅ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ​ ហើយ​ក៏​មិន​ធ្វើ​តាម​បក្សជាប់​ឈ្នះ​ដទៃ​ទៀត​ដែរ​​ ដរាប​ណា​រដ្ឋាភិបាល​ស្រប​ច្បាប់​មិន​ទាន់​ត្រូវ​បាន​បង្កើត​​ចេញពី​បក្ស​ជាប់​ឆ្នោត​នា​នា​, កង​កម្លាំង​អព្យាក្រឹត​គឺ​នៅ​ឆ្ងាយ​ពី​រឿង​នយោបាយ​, ជម្លោះ​នយោបាយ ​ឬ​ការ​តវ៉ា​បញ្ហា​​សន្លឹកឆ្នោត​​គឺជា​រឿង​របស់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ មិន​​ពាក់​ព័ន្ធ​នឹង​កង​កម្លាំង មិន​មែនជា​​កិច្ច​ការ​​របស់ក្រុម​​យោធានោះ​ទេ។​​ កង​កម្លាំងអព្យាក្រឹត​​ឯករាជ្យ​រឹត​តែ​មិន​បង្ក្រាប​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​ ឬ​បក្ស​កាន់​អំណាច​ដែល​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច​ក្រោយ​លទ្ធផលចាញ់​​ឆ្នោតនោះ​ដែរ​​ ហើយ​ក៏​មិន​ឆ្លៀត​ឱកាសធ្វើ​​រដ្ឋប្រហារ​បក្ស​កាន់​អំណាច​ដើម្បី​ចូល​កាន់​កាប់​រដ្ឋាភិបាលនោះ​​ដែរ​ ព្រោះក្នុង​របប​ប្រជាធិបតេយ្យ​ ​កង​កម្លាំង​យោធា​គ្មានសិទ្ធិ​ក្តោប​ក្តាប់​រដ្ឋាភិបាល​ស៊ីវិល​ទេ​ ដោយ​សារ​ពួក​គេ​ពុំ​ជា​គណបក្ស​នយោបាយ​ មិន​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ លុះ​ត្រា​តែ​ជា​របប​សឹកឬ​របប​ផ្តាច់​ការ​យោធា​ ​ទើប​យោធា​មាន​អំណាច​នយោបាយ​ ក្តោប​ក្តាប់​ស្ថាប័ន​ស៊ីវិល​។​ តួ​នាទី​របស់​យោធា​ក្នុង​របប​ប្រជាធិបតេយ្យ​គឺ​ការ​ពារទឹក​ដី​ឬ​​ដែន​អធិបតេយ្យ​, ទប់​ស្កាត់​ចលនា​ឧទ្ទាម​, ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ពី​រដ្ឋប្រហារពី​បក្សណា​មួយ​​​​ឬក្រុម​យោធា​ខ្លួន​ឯង​​​, បើ​យោធា​ធ្វើ​តាម​បញ្ជា​បក្ស​ណា​មួយ​ ទៅ​​ធ្វើ​រដ្ឋប្រហារ​បក្ស​ណា​មួយឬ​បង្ក្រាប​ចលនា​ប្រជាជន​អហិង្សា​​ នោះ​បាន​សេចក្តី​ថា​ ពួក​គេ​បាត់​បង់​អព្យាក្រឹត​ភាព​របស់​ខ្លួន​ ចូល​ដៃ​ជា​មួយ​បក្ស​ណា​មួយ​នោះ​ហើយ​។ ទោះ​បី​យ៉ាង​ណា​ សេចក្តី​ពន្យល់​អំពី​អព្យាក្រឹត​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ប៉ុន្មាន​ មិនអាច​​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​ឈឺ​ក្បាលនោះ​ទេ​​ ព្រោះ​សម្រាប់គណបក្ស​ប្រជាជន​រដ្ឋគឺ​​បក្ស​ បក្ស​គឺ​រដ្ឋ​​ ការ​ពារ​រដ្ឋឬការ​ពារ​​រដ្ឋាភិបាល​​គឺ​ការ​ពារ​បក្ស, ដូច្នេះ​ហើយ​ទើប​លោក​នាយករដ្ឋមន្ត្រី​​ប្រឹងប្រែង​​កេង​ចំណេញ​លើ​អំណាច​រដ្ឋ​ ក្នុង​គោល​ដៅ​ពង្រឹង​អំណាច​បក្ស​, ​យកកង​​កម្លាំងរដ្ឋ​​​ដាក់​ជា​កម្លាំ​ង​របស់​បក្ស​​ បញ្ចូល​ជា​សមាជិកភាព​បក្ស​ និង​តែង​តាំង​កូន​ជាអគ្គ​​មេ​បញ្ជាការ​ ដោយ​មិន​ចាត់​ទុក​ថា​ទង្វើ​នេះ ​គឺ​ជា​ការ​បំផ្លាញ​អព្យាក្រឹតភាព​របស់​ស្ថាប័ន​យោធា​​។ ​រដ្ឋាភិបាលឡើង​កាន់​អំណាច​ដោយ​​មិន​ស្រប​ច្បាប់​ តែង​ប្រឈម​នឹង​ចលនា​ប្រជាជនឬ​បដិវត្តន៍​ពណ៌​​ បាតុកម្ម​តវ៉ា​ ឱ្យ​សើរើ​លទ្ធផល​ឆ្នោត​ បោះ​ឆ្នោត​ឡើង​វិញ​ ឬ​ទាម​ទារ​ឱ្យ​មេ​ដឹក​នាំ​ចុះ​ចេញ​ពី​តំណែង​ ដែល​រមែង​កើត​នៅ​ស្ទើរ​ទូទាំង​សាកល​លោក​ គ្មាន​អ្វី​គួរ​អ្វី​ភ្ញាក់​ផ្អើល​ទេ​ ដែល​មាន​បាតុកម្មឆ្នាំ​២០១៣​នៅ​កម្ពុជា​។

តាក់ទិចអហិង្សា​​ប្រើ​ប្រាស់​ក្នុង​បដិវត្តន៍​ពណ៌​

លោក​នាយករដ្ឋមន្ត្រីយល់​ឃើញ​ត្រឹម​ត្រូវ​ដែល​​ថា​ បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​​បាន​ដោយ​សារ​ការ​ធ្វើ​ឱ្យ​កង​កម្លាំង​អព្យាក្រឹត​ពីរដ្ឋ​ឬ​​បក្ស​កាន់​អំណាច​ ឬក៏​ថា​ ​របប​ផ្តាច់​ការដួល​រលំ​​​ដោយ​សារ​​ការ​មិន​គោរព​តាម​បញ្ជា​របស់​នគរបាល​​ ​យោធា និង​រដ្ឋបាល​ស៊ីវិល​​  ដែល​ចំណុច​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ជា​ច្រើន​ខក​ខាន​មិន​បាន​បរិយាយ​ដល់​ ពោល​គឺ​ អ្នក​វិភាគ​ចាញ់​លោក​ ហ៊ុន​ សែន​ ដែលចាប់​ចំ​ចំណុច​ ​បាន​ទទួល​បាន​មេរៀន​ពី​​បដិវត្តន៍​ពណ៌​បាន​លឿន​ជាង​អ្នក​វិភាគ។ អ្នក​វិភាគ​ផ្តោត​ខ្លាំង​ពេក​លើ​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​បដិវត្តន៍​ពណ៌​ មិន​សូវ​​ឮ​និយាយ​ដល់​ពី​របៀប​ដែល​បដិវត្តន៍ពណ៌ផ្តួល​រំលំ​រដ្ឋ​អំណាចនោះ​​ទេ​​ ហើយ​ទំនង​ជា​ពួក​គេ​ក៏​ពុំ​ដឹង​ថា​ជោគ​ជ័យ​ដោយ​របៀប​ណា​ដែរ ត្បិត​​​មាន​ការ​ផ្សព្វ​ផ្សាយតិច​តួច​ណាស់​អំពីការ​សិក្សា​បែប​វិទ្យាសាស្ត្រ​អំពី​ចលនា​ប្រជាជនមក​ដល់​​​កម្ពុជា, បើ​មាន ​ក៏​ច្រើន​មាន​ទម្រង់​ជា​ព័ត៌មាន​ មិន​មែន​​ការ​សិក្សា​ទេ​​។ លោកនាយករដ្ឋមន្ត្រី​​បាន​ប្រដៅ​មន្ត្រី​​នា​នា​និង​មេ​បញ្ជាការ​យោធា​ពី​ចំណុច​ អព្យាក្រឹត​ភាព​នេះ​ ហើយលោក​​​រក្សា​បាន​នូវ​ការ​គោរព​តាមបញ្ជា​របស់​កង​កម្លាំង​ ប៉ុន្តែ​ទោះ​ទទួល​លទ្ធផល​គាប់​ចិត្តក៏​ដោយ​​ ក៏​ការ​ពិសោធ​ភក្តី​ភាព​របស់​កង​កម្លាំង​នេះ​គឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​។ គ្រាន់​តែ​ចង់ដឹង​ភក្តី​ភាព​របស់​កង​កម្លាំង លោក​​បាន​បណ្តោយ​បាតុកម្ម​បក្ស​ប្រឆាំង​រីក​ធំ​និង​មាន​កូដកម្ម​កម្មករ​កើត​ឡើង​ក្រោយ​មក​ បើបក្ស​ប្រឆាំង​និង​សហជីព​​អាច​ទប់​ទល់នឹង​​ការ​បង្ក្រាប​បាន​ ហើយមិន​ប្រមូល​ផ្តុំ​គ្នាតែ​​នៅ​តែ​បន្ត​កូដកម្ម ប្រើ​ប្រាស់​តាក់​ទិច​ដក​ហូត​ប្រភព​អំណាច​រដ្ឋ​ ​​ល្បួង​កង​កម្លាំង​ឱ្យ​អព្យាក្រឹត ​លែង​ស្តាប់​បទ​បញ្ជា​ពី​បក្ស​កាន់​អំណាច​ រដ្ឋាភិបាល​​ប្រាកដ​ជា​ដួល​រលំ​​ពុំ​ខាន​ឡើយ​។​

ការ​លើក​ឡើង​ពី​​សកម្មភាព​ជូន​ផ្កា​របស់​ក្រុម​យុវជន​ដើម្បី​សន្តិភាព​របស់​លោកនាយករដ្ឋមន្ត្រី​​ ហាក់​ដូច​ជា​យល់​ច្រលំ​ថា​ បក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ តែ​តាម​ពិត​ ពួក​ក្រុម​យុវជន​ដែល​ប្រមូល​ផ្តុំ​ដោយ​និស្សិតសាកលវិទ្យាល័យ​ផ្សេងៗ​គ្នា​​ទាំង​នោះ​ មិន​បាន​ទទួល​បញ្ជា​ពី​បក្ស​ប្រឆាំងទេ​ ពួក​គេ​ធ្វើសកម្ម​ភាព​​ក្នុង​គោល​បំណង​ «សុំ​សន្តិភាព, ​បង្ហាញ​ក្តី​ស្រលាញ់​រវាង​ពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ និង​រិត​ចំណងមិត្តភាព ភាតរភាព ​សន្តិភាព​ និង​ភាព​​​អហិង្សា​ក្នុងសង្គម» ប៉ុណ្ណោះ​ ក៏​ព្រោះ​តែ​ពួកគេ​ដឹង​ជា​មុន​ថា ​អាច​នឹង​មាន​អំពើ​ហិង្សា​កើត​ឡើង ពុំ​មែន​ដូច​ការ​ចោទ​របស់​រដ្ឋាភិបាល​ថា​បង្ក​ឱ្យ​មាន​ហិង្សា​ប្រដាប់​អាវុធ ​ឬ​ញ៉ុះ​ញ៉ុង​ឱ្យ​មាន​បទ​ឧក្រិដ្ឋ​នោះ​ទេ​។​ ​គឺ​តាក់ទិចអហិង្សា​ ដូច​ជា​​ចែក​ផ្កា​ ចែក​ទឹក​ ចែក​នំ​ នេះ​ហើយ​ ដែល​បង្ក​ឱ្យ​ភក្តីភាព​របស់​កង​កម្លាំងជា​មួយ​បក្សកាន់​អំណាច​​ធ្លាក់​ចុះ​ តិច​ឬ​ច្រើន​ ទោះ​បី​ពួក​គេបដិសេធ​មិន​ហ៊ាន​ទទួល​ក៏​ដោយ​, បាន​ញ៉ាំង​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​សម្រេច​ចិត្ត​ ដក​ការ​ពិសោធភក្តី​ភាព​កង​កម្លាំង​ បើក​ដៃ​​ឱ្យ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ និង​មាន​ការ​ចាប់​ខ្លួន​យុវជន​សន្តិភាព​បួន​នាក់​ភ្លាមៗ​ ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​នៃ​តាក់​ទិចនេះ​។ បើ​ការ​អះ​អាង​របស់​សម្តេចនាយក​​ដែល​ថា​ “បក្ស​នៅ​តែ​រួប​រួម តែ​កង​កម្លាំង​ថ្នាក់ក្រោម​​មិន​ច្បាស់​” ត្រឹម​ត្រូវ​នោះ​ មាន​ន័យ​ថា​ តាក់​ទិច​​បង្កើត​ភាព​ស្និទ្ធ​ស្នាល (Fraternization) មាន​ប្រសិទ្ធភាពចំពោះ​​​​អ្នកថ្នាក់​​ក្រោមនៅ​មូល​ដ្ឋាន​ផ្ទាល់​ គឺ​មក​ពី​ពួក​គេជា​អ្នក​​ប្រឈម​ផ្ទាល់​នឹងការ​ប្រមូល​ផ្តុំ​របស់​​ប្រជាជន​, តាក់​ទិច​នេះ​មាន​ឥទ្ធិពលបង្កើន​ចំណង​រវាង​ភ្នាក់​ងាររដ្ឋាភិបាល​និង​ប្រជាជនដែល​​ចូល​រួមបាតុកម្ម​ នាំ​ឱ្យ​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ​ចំពោះ​របប​ដឹក​នាំត្រូវ​បាន​កាត់​បន្ថយ​​​​​ តែ​វា​​មិនមាន​ឥទ្ធិពល​ចំពោះ​ថ្នាក់​លើ​នោះ​ទេ ព្រោះ​​ប្រយោជន៍​របស់​ពួក​ថ្នាក់ដឹក​នាំ​កំពូល​ទាំង​នោះ​ជាប់​ស្អិត​ទៅ​នឹង​ចីរភាព​នៃ​ប្រព័ន្ធ​ដឹក​នាំខ្លាំង​ពេក​​ មិនទំនង​ជា​​រង្គោះ​រង្គើ​ព្រោះ​តាក់​ទិចជូន​ផ្កា​នេះ​នោះ​ទេ​​។​ ​គួរ​បញ្ជាក់​ដែរ​ថា ​​ដោយ​សារ​​សកម្មភាព​នេះ​មិន​មែន​គ្រោង​ផែនការ​ដោយ​បក្ស​ប្រឆាំងនិង​មិន​មែន​ដឹក​នាំ​ដោយ​បក្ស​នេះ​​​ ដូច្នេះ​គេ​មិន​អាច​ភ្ជាប់​គ្នា​ថា​មាន​អ្នក​ដឹក​នាំ​រឿង​តែ​មួយ​នោះ​ទេ​ ក៏​មិន​សន្និដ្ឋាន​ថា​វា​ជា​ភាព​ឈ្លាស​វៃ​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​នឹក​ឃើញ​ប្រើ​តាក់​ទិចជូន​ផ្កា​​នេះ​នោះ​ដែរ​។

តាក់​ទិចនៅ​ក្នុង​បដិវត្តន៍​ពណ៌​​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ការ​កាន់​កាប់​ទី​តាំង​សាធារណៈ​ណា​មួយ​ឬ​ស្ថាប័ន​រដ្ឋ​ណា​មួយ​ ដែល​លោក​នាយករដ្ឋមន្ត្រី​ថា​ត្រូវ​បង្ក្រាប​ដាច់​ខា​ត​ គឺ​លោក​មើល​ឃើញ​ថា​ ចលនា​ប្រជាជន​​មាន​តាក់​ទិចលុក​លុយ​កាន់​កាប់​​មួយ​ទៀត​ លើស​ពី​ការ​ជូន​ផ្កា​និង​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​សាធារណៈ, ​អ្នក​ជំនាញ​ខាង​សកម្ម​ភាព​អហិង្សា​ហៅ​ថា​ ​អន្តរាគមន៍​រំខានដោយ​អហិង្សា (Nonviolent Disruptive Intervention)​។ តាក់​ទិចនេះ​​បង្អាក់​ប្រព័ន្ធ​ដឹក​ខ្លាំង​ទៅ​តាម​ទីតាំង ​ឬ​ស្ថាប័ន​ដែល​អ្នក​អនុវត្ត​កំណត់​ជា​មុខ​សញ្ញា​ ហើយ​តែង​នាំ​ឱ្យ​ភាគី​រដ្ឋអំណាច​បង្ក្រាប​ភ្លាម​ៗ​ ដោយ​សារ​វា​​អាច​បង្អាក់​ប្រព័ន្ធ​ដឹក​នាំ​ឱ្យ​ជាប់​គាំង​​ ប៉ុន្តែ​វា​ក៏​មាន​គុណ​វិបត្តិ​ដែរ​ ពោល​គឺ​វា​ពិបាក​បន្ត​អនុវត្ត​ក្នុង​រយៈ​ពេល​យូរ​និង​ងាយ​ស្រួល​ឱ្យ​គេ​បង្ក្រាប​, ចលនា​ដែល​ផ្អែក​លើ​តាក់​ទិច​ប្រមូល​ផ្តុំ​គ្នាឬ​កាន់​កាប់​​តែ​មួយ​កន្លែង​​​តែង​បរាជ័យ​​។ សឹង​មិន​ចាំ​បាច់រក​ភស្តុតាង​ឯណា​ឆ្ងាយ​​​​ ការ​កាន់​កាប់​ទី​លានប្រជាធិបតេយ្យ​ងាយ​ស្រួល​បង្ក្រាប​ អាច​ធ្វើ​បាន​យូរ ក៏​ព្រោះ​តែ​ភាគី​រដ្ឋ​អំណាច​បើក​ដៃ​ឱ្យ​ធ្វើ​តែ​ប៉ុណ្ណោះ​ ហើយ​ម្យ៉ាង ទី​​នោះ​គឺ​ជា​កន្លែងធ្វើ​ឡើង​សម្រាប់​​ជួប​ជុំ​ស្រាប់​​ និង​មិន​រំខាន់​ដល់​ប្រព័ន្ធ​ដឹក​នាំ​ឡើយ​ បើ​ប្តូរ​ជា​កាន់​កាប់​វិមាន​របស់​លោក​នាយករដ្ឋមន្ត្រី​នោះ​នឹង​មិន​អាច​ធ្វើ​បាន ​សូម្បីក្នុង​​រយៈ​ពេល​មួយ​ថ្ងៃ​។ កំណើន​នៃអ្នក​​ចូល​រួម​មិន​មែន​មក​ពី​​ទី​លាន​ប្រជាធិបតេយ្យ​បង្ក​ការ​ងាយ​​ស្រួលដល់​ការ​​ប្រមូល​ផ្តុំ​គ្នានោះ​​ទេ ពី​ព្រោះ​វា​ជា​ទី​តាំង​ដែល​អាជ្ញាធរ​ដឹង​ថា​បាតុករ​ចូល​ចិត្ត​ទៅ​ បើ​ពួក​គេ​ចង់​ហាម​ឃាត់​ឬ​បង្ក្រាប​ គឺ​មិន​ពិបាក​ឡើយ​។​ និយាយ​ម្តង​ទៀតគឺ​​​មកពី​​រដ្ឋាភិបាល​​បណ្តែតបណ្តោយ​ឱ្យ​ពួក​គេ​ធ្វើ​សិន ​ដើម្បី​វាស់​ស្ទង់​កម្លាំង​មហាជន​និង​សាក​ល្បង​ភក្តី​ភាព​កង​កម្លាំងប្រដាប់​អាវុធ​តែ​​ប៉ុណ្ណោះ​, ក្រោយ​ការ​បង្ក្រាប​ ​ បក្ស​ប្រឆាំង​ធ្វើ​មិន​បាន​​សូម្បី​តែ​រំដោះ​ទីលាន​នេះ​មក​វិញ​​ ប្រការ​នេះ​ក៏​បង្ហាញ​ពី​កម្សោយ​នៃ​តាក់​ទិចកាន់​កាប់​​នេះនិងស្ទីល​ដដែល​នៃៗ​​ការ​ដឹក​នាំ​ចលនា​របស់​បក្ស​ប្រឆាំង​ដែរ​។ ការ​ទៅ​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​​ បើ​ចង់​អះ​អាង​ថា​ ដើម្បី​រំដោះ​​សេរី​ភាព​និង​ប្រជាធិបតេយ្យ​កម្ពុជានោះ​​ ក៏​គ្រាន់​តែ​ជា​តម្លៃ​និមិត្ត​រូប​ប៉ុណ្ណោះ​ ទោះ​រំដោះ​ទី​តាំង​នោះ​បាន​ក៏​មិន​អាចបំប្លែង​ទៅ​ជា​​បាន​សេរីភាព​និង​ប្រជាធិបតេយ្យ​នោះ​ដែរ​។ ការ​រំដោះ​នេះ​ក៏​បង្ហាញ​ថា​ ចលនា​របស់​បក្ស​ប្រឆាំងអាស្រ័យ​ខ្លាំង​ពេក​លើ​ទី​លាន​ប្រជាធិបតេយ្យដើម្បី​ប្រមូលផ្តុំ​ប្រជាជន​​ បញ្ជូនជា​សញ្ញា​​ទៅ​រដ្ឋ​អំណាច​ថា​ បិទ​ទី​លាន​នេះ​នឹង​បញ្ឈាប់ការ​តវ៉ា​បាន​​ បក្ស​ប្រឆាំង​គ្មាន​គម្រោង​ការក្រៅ​ពី​រំដោះ​​ទី​លាន​​នេះនោះ​​ឡើយ​ ចុង​បញ្ចប់​ចំណាត់​ការ​បិទ​របស់​រដ្ឋ​អំណាច​ក៏​បាន​ជោគ​ជ័យ​​។ ដោយ​សារ​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ពឹង​ផ្អែកខ្លាំង​ពេក​​លើទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​ផ្តុំ​គ្នា​ ជំរុញ​​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​បញ្ជា​ផ្លាស់​ប្តូរ​ទី​លាន​​នេះ​ចេញ​ពី​ទី​ប្រជុំជន​​ ដើម្បី​បង្ក​ការ​លំបាក​ដល់​ការ​ជួប​ជុំ​ឬ​បាតុកម្ម​ទាំង​ឡាយ​ នេះ​ជា​លទ្ធផល​កើតឡើង​ពី​ការ​ប្រើ​តាច់​ទិច​ផ្តុំ​គ្នា​ដដែល​ៗ​ នៅ​ទី​តាំង​ដដែលៗ​។ ​ទី​កន្លែង​សាធារណៈអាច​កំណត់​ជា​ការ​ចួប​ជុំមាន​ច្រើន​​​ ធ្វើ​តែ​មួយ​កន្លែង​ មិន​​ធ្វើ​ឱ្យច្រើន​​កន្លែង​​ និងពិសេស​គឺ​មិន​​ត្រៀមតាក់​ទិចទប់​ទល់​​ការ​បង្ក្រាបនិង​តាក់​ទិច​ដក​ហូត​ប្រភព​អំណាច​រដ្ឋ​ក្រោយ​មាន​ការ​បង្ក្រាប​​ ​គឺ​បង្ហាញពី​​កង្វះ​ភាពច្នៃ​ប្រតិដ្ឋ​ក្នុង​ការប្រើ​តាក់ទិច​អហិង្សា ដែល​ជា​កត្តា​បរាជ័យ​ដ៏​ធំបំផុត​​នៃ​ចលនា​របស់​បក្ស​ប្រឆាំង​​ឆ្នាំ​២០១៣​ ក៏​អាច​ពោល​ជា​រួម​ចំពោះ​ចលនា​ផ្សេងៗ​ទៀត​ដែល​ផ្អែក​លើ​ទី​តាំង​មួយ​កន្លែង​ដែរ​។​​

អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​ពុំ​បាន​ដឹង​គឺ​ថា​​ បដិវត្តន៍​ពណ៌​នៅ​តែ​អាច​ជោគ​ជ័យ​បាន​ ទោះ​កង​កម្លាំង​នៅតែ​ស្មោះ​ត្រង់​នឹង​រដ្ឋ​អំណាច​ក៏​ដោយ​ ព្រោះ​តាក់​ទិច​មួយ​ចំនួន​ប្រើ​ប្រាស់​នៅ​ក្នុង​បដិវត្តន៍​ពណ៌​អាច​បញ្ចៀស​ការ​បង្ក្រាប ​និង​បង្គាំង​ប្រព័ន្ធសេដ្ឋកិច្ច​និង​​រដ្ឋបាល​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋ​អំណាច​គ្មាន​ធន​ធានសម្រាប់ឱ្យ​ផ្តល់​ឱ្យ​កង​កម្លាំង ​​ដើម្បី​លើក​ទឹក​ចិត្ត​​ពួក​គេ​ឱ្យ​​បន្ត​ការ​ងារ​បង្ក្រាប​។ តាក់ទិច​ទាំង​នោះ​មានជា​ឧទាហរណ៍​​ កូដកម្មពី​កម្មករ សិស្ស​និស្សិត​​ឬ​មន្ត្រី​រាជការ​ ហើយ​និង​ពហិការ​មិន​ជាវ​ទំនិញនៅ​​ផ្សារ​ធំ​ណា​មួយ​ដែលដើរ​​តួ​នាទី​បែង​ចែក​ទំនិញ​ទៅ​ផ្សារ​តូចៗ​ ដែលពហិការ​របស់​​ឈ្មួញ​កណ្តាល​ដោយ​ចំនួន​ច្រើន​គ្រប់​គ្រាន់​ ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នឹង​ធ្វើ​ឱ្យ​​ដំណើរ​សេដ្ឋកិច្ច​ទាំង​មូល​ខូច​ខាត​យ៉ាង​ដំណំ​ ឬអាច​​គាំង​តែ​ម្តង,​ ​ក្លាយ​ជា​​សម្ពាធសេដ្ឋកិច្ច​​លើ​​រដ្ឋ​អំណាច ​និង​ពិសេស​ពហិការ​នេះ​អាច​អនុវត្ត​បាន​ដោយ​មិន​ចាំ​បាច់​ប្រមូល​ផ្តុំ​គ្នា ហើយ​ក៏​មិន​ចាំ​ចុះ​ផ្លូវ​ចេញ​មក​ប្រឈម​មុខ​នឹង​ភ្នាកងារ​​បង្ក្រាប​​នៅ​ទីសាធារណៈនោះ​ដែរ​​ ដូច្នេះ​រដ្ឋ​អំណាច​នឹង​​មិន​មាន​ចំនួន​ភ្នាក់​ងារ​​គ្រប់​គ្រាន់ឡើយ​​ដើម្បី​បង្ក្រាប​ប្រជាជនតវ៉ា​​​ដែលមិន​ផ្តុំ​គ្នា​ តែ​បន្ត​​ធ្វើ​កូដកម្ម​និង​ពហិការ​ ទោះ​បី​ពួក​គេ​នៅ​តែ​គោរព​បញ្ជា​ឬ​ស្មោះ​ត្រង់​នឹង​រដ្ឋ​អំណា​ចក៏​ដោយ ក៏​មិន​អាច​ទ្រាំ​ទ្រ​បាន​យូរ​នោះ​ដែរ​​។

ប្រទេសដែលមានបដិវត្តន៍ពណ៌​​កើតឡើង

បើ​គេ​មិន​បាន​តាម​ដាន​ព្រឹត្តិការណ៍​និង​មូល​ហេតុ​នៃ​បញ្ហា​ដែល​កើត​ឡើង​​នៅ​ប្រទេស​មាន​​បដិវត្តន៍​ពណ៌កើត​ឡើង​​ គេ​ងាយ​នឹង​ចាញ់​បោក​លោកនាយករដ្ឋមន្ត្រី​ខ្លាំង​ណាស់​។ ក្រោយ​ការ​ដួល​រលំររបស់​លោក​ មូប៉ារ៉ាក់​ (Hosni Mubarak) ដោយ​សារ​ចលនា​ប្រជាជន​​​អេហ្ស៊ីប​បញ្ហា​កើត​នៅ​អេហ្ស៊ីប​បង្ក​មក​ពី​ប្រធានាធិបតី​ថ្មី​ ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​ដំបូង​នៅ​អេហ្ស៊ីប​ បាន​ដាក់​ចេញ​នូវ​សេចក្តី​អំពី​រដ្ឋ​ធម្មនុញ្ញ​បណ្តោះ​អាសន្ន​មួយ​ផ្តល់​អំណាច​គ្មាន​កំណត់​ដល់ប្រធានាធិបតី​ ដែល​ប្រជាជន​អេហ្ស៊ីប​មើល​ឃើញ​ថា​លោក​បម្រុង​ប្រមូល​ផ្តុំ​អំណាច ​ធ្វើ​ជន​ផ្តាច់​ការ​ថ្មី​​ ទើប​មាន​បាតុកម្ម​ផ្ទុះ​​ឡើង​ម្តង​ទៀត ចុង​បញ្ចប់​ មេ​ដឹក​នាំ​យោធា​ក៏​ធ្វើ​រដ្ឋ​ប្រហារ​ប្រធានាធិបតី​ថ្មី​នេះ​ កសាង​ខ្លួន​ធ្វើ​មេ​ដឹក​នាំផ្តាច់​ការ​​មួយ​ថ្មី​ទៀត​។ វិបត្តិ​​នៅ​លីប៊ី​បង្កឡើង​​ពីជម្លោះ​ប្រដាប់​អាវុធ​រវាង​ក្រុម​ផ្សេងៗ​គ្នា​ដណ្តើម​កាន់​កាប់​រដ្ឋ​ បន្ទាប់​ពីរបប​លោក ហ្គាដ្ដាហ្វ៊ី (Muammar Gaddafi) ដួល​រលំ​ វិបត្តិនៅ​ល៊ីប៊ី​ពុំ​មែន​មក​ចលនា​ប្រជាជនអហិង្សា​​លីប៊ី​នោះ​ទេ​។ វិបត្តិ​នៅ​អ៊ុយ​ក្រែន​បង្ក​មក​ពី​ក្រុម​ផ្តាច់​ទឹក​ដី​និយម​នា​​តំបន់​គ្រីមេ​ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ ដែល​ទោរ​ទៅ​រក​រុស្ស៊ី​, បញ្ហា​មក​ពី​​​ការ​ឈ្លាន​ពាន​របស់រុស្ស៊ី​ទៅ​លើ​អធិបតេយ្យ​របស់អ៊ុយក្រែនពុំ​មែន​មក​បដិវត្តន៍ពណ៌​ទឹក​ក្រូច​នោះ​ទេ។ នៅ​ហ្ស៊កហ្ស៊ី​​​ បដិវត្តន៍​ផ្កា​កូលាប​អូស​ក​ប្រធានាធិបតី​ អេឌូ​អាត សេ​វ៉ាត​ណា​ហ្សេ (Eduard Shevardnadze) ពី​វិមាន​ប្រធានាធិបតី​ ព្រោះ​លោក​ឈ្នះ​ឆ្នោត​ដោយ​​ភាពមិន​​ប្រក្រតី​ បង្ក​វិបត្តិ​សេដ្ឋកិច្ច​នយោបាយ​ជា​ច្រើន​ក្នុង​កំលុង​ការ​ដឹក​នាំ​របស់​លោក​ ទើប​ប្រជាជន​ធ្វើ​ចលនា​ផ្តួល​រំលំ​រូប​លោក​ចេញទៅ​​។ ដូចលោក​ ហ៊ុន​ សែន​ (តែង​តាំង​ដោយ​វៀតណាម​ ក្រោមសម័យ​វៀតណាម​រណប​​​សូវៀត)​ លោក​ អេឌូ​អាត សេ​វ៉ាត​ណា​ហ្សេ ជា​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​និង​មាន​ទំនោរ​ទៅ​រក​លោក​កុម្មុយនិស្ត​ (សូវៀត​) ហើយ​ឈ្នះ​ឆ្នោត​ដោយ​ភាព​មិន​ប្រក្រតី​ដូច​គ្នា,​ ការ​ជ្រើស​តាំង​រដ្ឋមន្ត្រី​ការ​បរទេស​ជា​នាយករដ្ឋមន្ត្រី​ឬ​ប្រធានាធិបតី​ ទំនង​ជា​ពុំ​មែន​ជា​ការ​ចៃដន់​ទេ​ ព្រោះ​រដ្ឋមន្ត្រី​ការ​បរទេស​ច្រើន​មាន​ទំនង​ច្រើន​នឹង​បរទេស​ ជា​បេក្ខជន​សក្តិ​សមទទួល​ការ​​ជ្រើស​តាំងឱ្យ​កាន់​អំណាច​កំពូល​​ដើម្បី​បម្រើ​ប្រយោជន៍​បរទេស ក្នុង​ករណី​អាណានិគម​បរទេស​ឬ​រដ្ឋាភិបាល​អាយ៉ង​បរទេស​​។ សម្តេច​​​ចាត់​ទុក​ការ​ដែល​​ប្រជាជន​អូស​ក​ប្រធានាធិបតី​ ឬ​ការដែល​ភ្នាក់​ងាររដ្ឋបើក​ដៃ​ឱ្យ​ប្រជាជន​កាប់​កាន់​វិមាន​ប្រធានាធិបតី​ គឺ​ជា​ការ​មិន​ត្រឹម​ត្រូវ​ ព្រោះ​លោក​មើល​រំលង​ពី​កំហុស​ឆ្គង​ជា​ច្រើន​​របស់​មេ​ដឹក​នាំ​រូប​នោះ​ និង​ទាត់​ចោល​កង្វះ​ភាព​ស្រប​ច្បាប់​របស់របប​ដឹក​នាំ​ឬ​ក៏​របស់​​មេ​ដឹក​នាំរូប​​នោះ​ រួម​ទាំង​កំហុស​របស់​លោក​ខ្លួន​ឯង​ផង​។ លោក​ ហ៊ុន សែន​ លើក​យក​ករណី​ទាំង​នេះ​មក​និយាយ​ហាក់​ដូច​ជាផល​អាក្រក់​នា​នា​បង្ក​​មក​ពី​បដិវត្តន៍​ពណ៌​ តាម​ពិត​គឺ​មក​ពី​របប​ដឹក​នាំ​នោះ​ទេ ត្រង់​នេះ​អាចមក​​កង្វះ​ការ​យល់​ដឹង​អំពី​បដិវត្តន៍​ពណ៌​ឬ​របប​ផ្តាច់​ការ​ ក៏​ជា​​ចេតនា​របស់​លោក​ផ្ទាល់​ដើម្បី​បង្វែរ​កំហុស​ចេញ​ពី​ការ​ដឹក​នាំ​របស់​ខ្លួន​ ទម្លាក់​មក​ប្រជាជន​ស៊ីវិល​វិញ​ក៏​ថា​បាន​​ ត្បិត​សូម្បី​តែ​ ប៉ុល​ ពត​ ក៏​យល់​ថា​អ្វី​ដែល​ខ្លួនបាន​​ធ្វើ​ពេល​កំពុង​កាន់​អំណាច​ទាំង​ប៉ុន្មាន​គឺ​ដើម្បី​ប្រទេស​ជាតិ​របស់​ខ្លួន​ដែរ​ ទោះ​ជាក់ស្តែងគឺ​​ដើម្បី​អំណាចផ្ទាល់​ខ្លួន​​តែ​ប៉ុណ្ណោះ​ឯង​​។ លោក​បាន​ថ្លែង​ពី​បរទេស​ថា​មាន​ចេតនា​អាក្រក់​ មាន​បំណង​ធ្វើ​ដាក់​កម្ពុជា​ដូច​អ៊ុយក្រែន​និង​លីប៊ី​ ហាក់​ដូច​ចលនា​ទាំង​នោះ​កើត​ឡើង​ដោយ​សារ​មាន​បរទេស​នៅ​ពី​ក្រោយ​ ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​ជា​ការ​យល់​ច្រលំ​តែ​ប៉ុណ្ណោះ​ ព្រោះគឺ​​ប្រជាជន​សាមញ្ញមិន​មែន​បរទេស​ទេ​ ដែលបាន​ធ្វើ​ចលនា​​​ប្រឆាំងនិង​ផ្តួល​រំលំ​​របប​ដឹក​នាំ​ ហើយ​​​ចលនា​ទាំង​នោះ​ឯង​ជា​ទូទៅ​កើតឡើង​​ដោយសារ​​បញ្ហានយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម​​​នៅ​ក្នុងប្រទេស​របស់​ពួក​គេតែ​ប៉ុណ្ណោះ​​ ពុំ​មែន​មក​បរទេស​ញ៉ុះ​ញង់​នោះ​ទេ​។

ជា​រួម​ ទោះ​បី​ខ្លឹម​សារ​នៅ​ក្នុង​សន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​ មាន​ចំណុច​ខុស​ឆ្គង​ច្រើន​ក៏​ដោយ​ ក៏​វា​នៅ​តែ​ជា​ភស្តុតាង​ដ៏​កម្រ​ ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​មេ​ដឹក​នាំ​ដែល​កំពុង​តែ​ប្រឈម​នឹង​ចលនា​បះ​បោរ​ប្រឆាំង​ពី​ប្រជាជន​របស់​ខ្លួន​ ហើយបើ​មាន​​កំហុស​មួយ​ចំនួន​​ក្នុង​នោះ​ទំនង​ជា​បណ្តាល​មក​ពី​ការ​យល់​ច្រលំរបស់​​សម្តេចផ្ទាល់​​​ ឬ​ក៏​ទី​ប្រឹក្សា​នាំ​ព័ត៌មានខុស​ ច្រើន​ជាងចេតនា​មួល​បង្កាច់អំពី​ផល​អាក្រក់​នៃ​បដិវត្តន៍​ពណ៌ (ព្រោះ​លោក​ក៏​លើកពី​​ករណី​ល្អ​ដែរ​ គឺ​ប្រទេស​ទុយនេស៊ី​​, លោក​ពិត​ជា​ចង់​ពិសោធ​ភាព​ស្មោះ​ត្រង់​របស់​កម្លាំង​ប្រដាប់​អាវុធ​មែន​ ព្រោះ​សម្តី​របស់​លោក​ស៊ី​គ្នានឹង​សកម្មភាព​ ​ជួយ​​ពន្យល់​អំពី​មូល​ហេតុ​ដែល​រដ្ឋាភិបាលបើក​ដៃ​ឱ្យ​​បក្ស​ប្រឆាំងធ្វើ​បាតុកម្ម​បាន​យូរ​​នៅ​ទី​លាន​ប្រជាធិបតេយ្យ​)។ ​យើង​ពុំ​បាន​ដឹង​ថា​ លោក​នាយករដ្ឋមន្ត្រី​យល់​ដឹង​ប៉ុណ្ណា​អំពី​បដិវត្តន៍ពណ៌​នោះ​ទេ​ ប៉ុន្តែ​សន្ទរកថា​នេះ​នាំ​ព័ត៌មានខុស​ជា​ច្រើន​ទៅ​កាន់​សាធារណជន​ ប្រហែល​ជា​មក​ពី​លោក​ក៏​យល់​ខុស​ដែរ​ ហើយ​សម្រាប់​សម្តេច ​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​អំពី​បដិវត្តន៍​ពណ៌​ក៏​មិន​ដឹងជា​​មាន​ប្រយោជន៍​អ្វី​សម្រាប់​លោក​​ដែរ​ ត្បិតគេ​អាច​ប្រើ​ប្រាស់​ព័ត៌មាន​ខុស​​នេះ​មក​ចោទប្រកាន់​​បក្ស​ប្រឆាំង​ឬ​សង្គមស៊ីវិល​ថា​ មាន​ចេតនា​បង្ក​បដិវត្តន៍​ពណ៌​បាន​ ឯ​ព័ត៌មាន​ត្រឹម​ត្រូវ​មាន​តែ​ផ្ទាត់​ត្រូវ​រដ្ឋាភិបាល​វិញ​​ថា​ បដិវត្តន៍​ពណ៌​កើត​ឡើង​ពី​ការ​ដឹក​នាំ​ខុស​ឆ្គង​របស់​ថ្នាក់​ដឹក​នាំតែ​​ប៉ុណ្ណោះ​។​ បើ​គេ​សង្ស័យ​ថា​ លោក​និយាយ​កុហក​ក្នុង​សន្ទរកថា​នេះ​​ ក៏​មិន​ទំនង​ជា​មាន​ភាគ​រយ​កុហកច្រើន​ដែរ​ ព្រោះ​លោក​ពិត​ជា​មើល​ឃើញ​តែពី​​ចំណុច​អាក្រក់​នៃ​បដិវត្តន៍​ពណ៌​ដូច្នោះ​មែន​ ត្បិត​បដិវត្តន៍​ពណ៌​គឺ​ជា​សត្រូវ​នឹង​​មេ​ដឹក​នាំ​ដែល​កាន់​​អំណាចយូរ​ ហើយមាន​អ្វី​ចម្លែក ​បើ​លោក​នាយករដ្ឋមន្ត្រី​ស្អប់​បដិវត្តន៍​ពណ៌!​​៕

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ