UN គ្រោង​បញ្ជូន​មន្ត្រី​ទៅ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា

ជនជាតិរ៉ូហ៊ីងយ៉ា​​កាលពីពេលកន្លងទៅ​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ស្ថាប័ន​សិទ្ធិ​មនុស្ស​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឯកភាព​ថា នឹង​បញ្ជូន​មន្ត្រី​អន្តរជាតិ​ទៅ​ស៊ើប​អង្កេត​​លើ​ការ​កាប់​សម្លាប់ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ និង​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ភូមា ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាក់ឃីន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ Reuters ដដែល អគ្គរដ្ឋ​ទូត​ភូមា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ លោក ទីន លីន បាន​ជំទាស់​​ទៅ​នឹង​ការ​សម្រេច​ថ្មី​នេះ ដោយ​ថា ជា​រឿង​មិន​អាច​ទទួល​យក​បាន។ តំណាង​រដ្ឋាភិបាល​ភូមា​បាន​និយាយ​ថា គណៈកម្មការ​ស៊ើប​អង្កេត​របស់​ភូមា ទើប​តែ​សាក​សួរ​ទៅ​ជន​រង​គ្រោះ ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស ហើយ​នឹង​ចេញ​ផ្សាយ​លទ្ធផល​រក​ឃើញ​នៅ​ខែ​សីហា​ខាង​មុខ​នេះ។

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដោយ​គ្មាន​ការ​បោះ​ឆ្នោត ដោយ​សេចក្ដី​សម្រេច​នោះ​ស្នើ​ឡើង​ដោយ​សហភាព​អឺរ៉ុប និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​បណ្ដា​ប្រទេស​នានា ក្នុង​នោះ​មាន​ទាំង​អាមេរិក​ផង​ដែរ។ សេចក្ដី​សម្រេច​នោះ បាន​អំពាវ​នាវ​ឲ្យ​ធានា​នូវ​គណនេយ្យភាព​សម្រាប់​ជន​ដៃ​ដល់ និង​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ។

របាយការណ៍​អង្គការ​សហ​ប្រជាជាតិ ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ បាន​បង្ហាញ​ថា កង​កម្លាំង​សន្តិសុខ​ភូមា បាន​ប្រព្រឹត្ត​អំពើ​កាប់​សម្លាប់​មនុស្ស​ដ៏​រង្គាល និង​បាន​រំលោភ​បូក​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ដែល​អំពើ​ទាំង​នេះ ត្រូវ​បាន​គេប្រៀប​ប្រដូច​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បោស​សម្អាត​ជាតិ​សាសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ