ខាត់ សុខឃីម ឡើងកូដជាថ្មី​ក្នុងភាពយន្ត​​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 9:27 PM | កំសាន្ដ | 0 | 1922

ក្រោយពីផ្អាកសម្ដែង​​​​មិនតិចជាង​​​៥ឆ្នាំ តារាចម្រៀងល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម ត្រូវគេកត់សម្គាល់ថា​បានឡើងកូដជាថ្មីវិញហើយ បន្ទាប់ពីអ្នកនាង​​​​​បានបង្ហាញមុខជា​តួ​ឯក​​​កាចឆ្នាស់ពិលពុល ជាមួយ​នឹងតារាចម្រៀង អ្នកនាង​មេម៉ាយ​​​​នៅក្នុងភាពយន្ត​​រឿង ​«​បិសាច​គួរអោយស្រឡាញ់» របស់​​​​​ទូរទស្សន៍​ហង្សមាស។ ​​​​ក្នុងភាពយន្ត​​​នេះ ក្រៅពី​បានចាក់​ផ្សាយ​នៅលើកញ្ចក់ទូរទស្សន៍ ក៏បាន​បង្ហោះឈុត​សំខាន់​ៗនៅលើ​​​​យូធូប​​ផងដែរ ទើប​ធ្វើអោយ​​​​​ការសម្ដែងតបស់អ្នកនាងនៅក្នុងរឿងនេះ ​​លេចធ្លោរតែម្ដង។

​​​​ភាពយន្តដែល​ហង្សមាស​បានដំណើរ​ការ​ចាក់ផ្សាយក្នុងម៉ោង​មាសរបស់ខ្លួននេះ ធ្វើអោយមានការ​ចាប់អារម្មណ៍​​​​​​សូម្បីតែ​​​​​​​​ពេល​ពាណិជ្ជកម្ម និង​រូប​​ឃោសនាជា​ផ្ទាង​ប៉ាណូ ​ដោយសារតែ​​មានការ​ចូលរួមសម្ដែងដោយសុទ្ធតែជា​​តារា​ល្បី​ប្រចាំនៅហង្សមាស។

​អ្នកនាង​ ខាត់ សុឃីម ត្រូវគេអោយ​ដើរ​​តួជា​បងស្រី​​​​​ឆ្នាស់ និងហ៊ាន​ធ្វើរឿងគ្រប់​​​យ៉ាង​ដើម្បីប្រជែង​​យក​​ទ្រព្យសម្បត្តិរបស់ប្អូនប្រុស​ក្រោយ​ការ​ស្លាប់​ចោល ទើបធ្វើអោយ​​​ស្ទើរតែគ្រប់​​​​ឈុតដែលអ្នកនាង​​បានសម្ដែង គឺមិនមានឈុត​ណាដែលអ្នកនាង​​​​​​បញ្ចេញ​ចរឹត​​​​​​​​ដូចគ្នានឹង​នៅក្រៅឆាកនោះទេ។ ​​អ្នកនាងបានសារ​ភាព​ថា ​​​តាមរយៈ​​ភាពយន្តនេះ ​​​​​អ្នកនាងសម្ដែង​​​​ឆ្នាស់​​ឡើងកប់តែម្ដង ហើយបើ​កុំតែ​​​​​​​មហាជនភាគច្រើន​​​ស្គាល់ច្បាស់​នូវ​ចរឹករបស់អ្នកនាងនៅខាង​ក្រៅ​ឆាក គឺប្រហែលជា​​​​ពេលអ្នកនាង​​ចេញ​ដើរ នឹងមាន​ដុំថ្ម​ស្វាគមន៍ជា​មិនខាន។

យ៉ាងណាមិញ អ្នកនាងប្រាប់ថា​​​អ្នកនាង​ពេញចិត្ត ​​​​ដោយសារតែក្នុងរឿង ​​​​«​បិសាច​គួរអោយស្រឡាញ់» ទាំងមូល ​​គឺ​​ក្រុមផលិតករ​តម្រូវអោយអ្នកនាងសម្ដែងជា​តួចិត្ត​អាក្រក់ ដែលអ្នកនាងប្រាប់ថា​ងាយស្រួលអោយ​​មហាជន​ចាប់អារម្មណ៍។ ​អ្នកនាង​ប្រាប់​ថា ​មួយឈុតៗដែលបានសម្ដែង​ឡើង គឺអ្នកនាង និង​​​តួស្រី​គឺអ្នកនាង​​​​ ពេជ្រ សោភា ជាគូ​ជម្លោះ​ស៊ីសាច់​ហុត​ឈាមតែម្ដង ​​​​ដោយមានឈុតខ្លះ​ក៏​​មានការ​​ឌឺដង និង​តិះដៀល​គ្នា​​​​យ៉ាង​ចាស់​ដៃ​​ផង​។ ​

អ្នកនាងថា ​​ទម្រាំតែ​​ថត​បាន​ចប់​មួយឈុត​ៗ ​​​គឺអ្នកនាង​​​អស់សំណើចខ្លួនឯងខ្លាំង​ណាស់ ជាពិសេស​ក្នុងពេល​​​​​​អ្នកនាង​ត្រូវ​​​​​​​​បញ្ចេញ​សំលេង​ និងទឹក​មុខកាច​​សាហាវ ដែលផ្ទុយពី​ចរឹក​ដើម ដែលអ្នកនាងថា​​​មាន​តែខ្លាច​​គេ​ធុញអ្នកនាង​សើច​​ដាក់ ឬនិយាយ​ដាក់ខ្លួនមុន។ ​អ្នកនាងបង្ហាញ​អារម្មណ៍សប្បាយចិត្ត ដែល​​ភាពយន្ត​​ដំបូងរបស់អ្នកនាង​សម្រាប់​ឆ្នាំ​​២០១៨នេះ ត្រូវបានមហាជន​គាំទ្រ​ ដោយមានទាំង​អ្នកគាំទ្រភាគច្រើន និយាយប្រាប់អ្នកនាងថា​ពេញចិត្ត​​​នឹងការសម្ដែងរបស់អ្នកនាង​ខ្លាំងណាស់ ​បើទោះជា​​អ្នកនាង​ធ្វើបាបអ្នកនាង ពេជ្រ សោភា ​ដែល​ប្រឈម​នឹងអោយ​​ហ្វេ​​​ន​របស់អ្នកនាង​ពេជ្រ សោភា ​​ខឹង​ជំនួស​​ពេល​​​​​បានទស្សនា​រឿង​​ក្ដី។

អ្នកនាង​ថា​ ក្រោយពី​​ចេញសម្ដែង​មួយរឿង​នេះ មាន​ផលិតករ​ច្រើន​នាក់​​ទាក់ទងអោយអ្នកនាង​សម្ដែង​​ជាថ្មី ប៉ុន្តែ​អ្នកនាង​ពិបាក​ទទួល​ដោយសារតែ​​រវល់រឿងមុខជំនួញផង និង​​​​​ថតបទចម្រៀងផង។ អ្នកនាងថា​​ទទួលថត​អោយហង្សមាស​គឺ​ដោយសារតែហង្សមាស​ជាទ្រនំ ជា​ម៉ែជាឪប៉ុណ្ណោះ បើជា​​​​​ផលិតករ​ផ្សេង​ក៏​មិនសូវ​ចង់ដែរ ក្នុងពេលដែល​អ្នកនាង​រវល់ដកឃ្លាមិនរួច​បែបនេះ។ យ៉ាងណាមិញអ្នកនាងថា ​​​នឹងទទួលថត​​រឿងភាគទូរទស្សន៍មួយរឿងទៀតឆាប់ៗ ​​​​​​​នៅពេល​​​​​​ខែវស្សា​មកដល់ ហើយ​​​មិនសូវ​រវល់រឿង​​​ទទួលអាហ្វែមង្គលការ។

លោក ឌៀប ​​សុណ្ណាតារា ​ម្ចាស់​ផលិតកម្ម ​​​Red Picture ដែលជាអ្នក​​​​​ផលិតរឿងនេះអោយហង្សមាស បានអះអាងថា ​​​ខ្លួនជ្រើស​រើសត្រូវដែល​​​​​ផ្ដល់តំណែងអោយអ្នកនាង ​​​ខាត់ សុឃីម ​​សម្ដែង​ជាតួ​ឆ្នាស់​​​ពិសពុល ​បន្ទាប់ពីភាពនយន្ត​​​​​ឮគេនិយាយពីការសម្ដែងរបស់អ្នកនាង​​​ច្រើន​​តាំងពី​​បានដាក់​ផ្សាយ​នៅហង្សមាស​។ ​លោកថា​​ ភាពយន្តនេះ​​​បានចំណាយ​ពេល​​ផលិតអស់​ច្រើន ​ដោយ​ក្នុងចំណោម​​​៦០ភាគ ទើប​ផ្សាយបាន​​​​​៣ភាគប៉ុណ្ណោះ ​កាលពីសប្ដាហ៍​​មុន ​​​​តែលោកថា​​​​​សន្ទុះគាំទ្រគឺមានខ្លាំង។

យ៉ាងណាមិញ លោកថា​​អាច​បណ្ដាលមកពី​តួអង្គ​សំខាន់ៗនៅក្នុងរឿង​​នេះ ជាពិសេស​គឺអ្នកនាង ពេជ្រ សោភា និង​​​​​​ខាត់ សុឃីម សុទ្ធតែជាតារា​ដែលមានអ្នកគាំទ​ខ្លាំង​ក្លារៀង​ខ្លួន​ប៉ុណ្ណោះ។ លោកកាន់តែសប្បាយចិត្តថែមទៀត​​ ​ក្រោយពី​ឈុតឆាក​របស់ភាពយន្តនេះ ត្រូវគេ​​កាត់ចេញពី​ទូរទស្សន៍យក​​ទៅ​​​បង្ហោះ​ព្រោង​​ព្រាត​លើ​យូធូប ហើយមានអ្នកទស្សនានិង​​ចែកចាយខ្លាំង៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required