លោក​ ឱម យ៉ិនទៀង​ ថាការចែកស្រោមសំបុត្រទៅកងទ័ពជារឿងតម្លាភាព

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ចែកស្រោម​សំបុត្រទៅកងទ័ព កាលពីថ្ងៃទី៦ខែមេសា ឆ្នាំ​២០១៦(រូបថតពីហ្វេសប៊ុក)

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃចន្ទនេះបានបដិសេធថាមិនមានភាពមិនប្រក្រតីលើករណីដែលលោកចែកស្រោមសំបុត្រទៅឲ្យកងទ័ពកាលពីខែមីនានោះទេ។

កាលពីថ្ងៃទី៨ខែមេសា ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថាអង្គភាពនឹងមិនឆ្លើយតបចំពោះលិខិតស្នើសុំបំភ្លឺរបស់គណបក្សអំណាចខ្មែរនោះទេ ដោយលោកថាតាមច្បាប់ គឺមិនអនុញ្ញាត។ លោកពន្យល់ថាអំណាចដែលអាចឲ្យស្ថាប័នណាមួយបំភ្លឺបានគឺមានតែអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។

ទោះជាយ៉ាងណា លោក ឱម យ៉ិនទៀង បានឲ្យដឹងថាគណបក្សអំណាចខ្មែរអាចប្តូរលិខិតស្នើសុំបំភ្លឺទៅជាលិខិតសុំប្តឹងវិញ នោះអង្គភាពនឹងពិចារណាថាតើនឹងអាចស៊ើបអង្កេតលើបញ្ហានេះឬយ៉ាងណា។ លោកចាត់លិខិតរបស់លោក សួន សេរីរដ្ឋា មានលក្ខណៈនយោបាយ។ លោកបានបញ្ជាក់ថាករណីចែកស្រោមសំបុត្រនេះជារឿងតម្លាភាពហើយមិនមានពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។

លោកមានប្រសាសន៍ថា៖ “សូមអរគុណអង្គប្រជុំ យើងខ្ញុំគាំទ្រមតិដែលថាយើងគ្មានអីគួរខ្លាចទេ ព្រោះអីយើងទៅក៏តម្លាភាព លុយកាក់អ្នកណាផ្ញើទៅឲ្យ ប្រគល់ឲ្យក្នុងពិធីដែលយើងទទួល ក៏យើងបានប្រកាស ម្ចាស់លុយក៏គេទៅ អ្នកទទួលក៏នៅ អ្នកសារព័ត៌មានក៏គេផ្សព្វផ្សាយឲ្យអស់ ដូច្នេះគ្មានរឿងអីដែលថាគេមិនដឹងឬលួចលាក់អីនោះទេ”

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនោះមិនបានបញ្ជាក់ថាតើថវិកានោះមានចំនួនប៉ុន្មាន បានមកពីណា ចែកទៅកងទ័ពចំនួនប៉ុន្មាននាក់ និងហេតុអ្វីបានជាអង្គភាពជាអ្នកចែកទៅកងទ័ពនោះទេ។

នៅពេលទាក់ទងតាមទូរស័ព្ទ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីថាលោកមិនបានចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ ដោយសារអង្គភាពមិនបានជូនដំណឹងជាលិខិតមករូបលោក គឺគ្រាន់តែតាមទូរស័ព្ទ។ លោកបន្តថាលោកនឹងមិនដាក់លិខិតជាពាក្យបណ្តឹងនោះទេ។ លោកបន្ថែមថា៖ ករណីនេះគឺករណីលោក ឱម យ៉ិនទៀ ខ្លួនឯង ដែលគាត់បាននាំយកស្រោមសំបុត្រហ្នឹងទៅចែក ហើយខ្ញុំអត់បានប្តឹងទេ ខ្ញុំគ្រាន់តែសុំឲ្យគាត់បំភ្លឺក្នុងឋានៈជាប្រធានACU ដូច្នេះខ្ញុំអត់ប្តឹងទេ ដំណាក់កាលនេះគឺដំណាក់កាលសុំឲ្យគាត់បំភ្លឺ ប៉ុន្តែប្រសិនជាគាត់មានលិខិតត្រឹមត្រូវហៅយើងត្រឹមត្រូវទៅស្តាប់ការបំភ្លឺរបស់គាត់ ហើយដ៏ពេលយើងសួរទៅការបំភ្លឺមានចំណុចណាមួយអត់ត្រឹមត្រូវបានយើងពិចារណាដាក់ពាក្យបណ្តឹង

លោក សួន សេរីរដ្ឋា ក៏បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាមិនទាន់បានធ្វើកិច្ចអ្វីមួយឲ្យមានប្រសិទ្ធភាពនោះទេ ដោយលោកថាអង្គភាពមិនបានចាប់បានត្រីឆ្តោនិងត្រីរ៉ស់ធំៗ ដោយលោកប្រៀបធៀបទៅនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកថាកំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។

នៅពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីអំពើពុករលួយមួយទៅលើឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលអង្គភាពថាលោកមានកំណើនចំណូលដល់ទៅ៣លានដុល្លារអាមេរិកក្នុងរយៈពេលជាង២ឆ្នាំនៃការដឹកនាំស្ថានទូតនៅក្រៅប្រទេស។

គួរបញ្ជាក់ថាការសិក្សាមួយក្នុងឆ្នាំ២០១៥ របស់អង្គការតម្លាភាពកម្ពុជា បានបង្ហាញថាក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទសន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ៕ រាយការណ៍បន្ថែមដោយលោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ