អង្គភាព​ប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក​៥រូប ទាក់ទងនឹង​ករណីស្រីមុំ​

អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

លិខិតកោះហៅដែលមានអត្ថន័យដូចគ្នា លោក នួន សុធីមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹងនិងអន្តរជាតិ បានកោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នកស្រី ទ្រី ឈូន លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគម លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត។ តាមលិខិតកោះហៅនោះ អ្នកស្រី ទ្រី ឈូន ត្រូវបង្ហាញខ្លួននៅអង្គភាពនៅថ្ងៃទី២៧ ខែមេសា វេលាម៉ោង៨ព្រឹក លោក នី សុខា នៅម៉ោង៩ព្រឹក លោក យី សុខសាន្ត នៅម៉ោង២រសៀលនិងលោកណៃ វ៉ងដា នៅម៉ោង៣រសៀល។ ចំណែកលោក លឹម មុនី ត្រូវបង្ហាញខ្លួននៅថ្ងៃទី២៨ ខែមេសា វេលាម៉ោង១០ព្រឹក។

ការកោះហៅនោះគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

នៅលើហ្វេសប៊ុក សមាគមអាដហុកសមាគមបានបញ្ជាក់ថាខ្លួនបានទទួលលិខិតកោះហៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

លោក នី សុខា ប្រាប់វីអូឌីថាក្រុមការងាររបស់សមាគមកំពុងពិភាក្សាលើលិខិតកោះហៅនេះហើយសមាគមអាចនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារស្អែកនេះ។

ដីកាកោះហៅមន្រ្តីសង្គមស៊ីវិលនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ លោកស្រី ធីតា ឃឹះ និងលោក ស៊ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្សនៅUN បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

កាលពីថ្ងៃអាទិត្យ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក ស៊ាង ចែត  មេឃុំស្រក នៅខេត្តកំពង់ចាម មកពីគណបក្ស សមរង្ស៊ី  ក្រោយពីស្រីមុំបានលើកឡើងថាមេឃុំនោះបានយកលុយឲ្យម្តាយនាងចំនួន៥០០ដុល្លារហើយណែនាំម្តាយនាងកុំឲ្យនិយាយការពិត ដែលនាំប៉ះពាល់ដល់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនិងសន្យាឲ្យនាងនិងម្តាយទៅរស់នៅក្រៅប្រទេស។

ស្រីមុំបានបញ្ជាក់ថា៖ “នាងមិនអាចបិទបាំងចំពោះទង្វើខុសច្បាប់ពីសំណាក់បុគ្គលមួយចំនួនរបស់បណ្តាអង្គការសមាគមដែលបានបញ្ចុះបញ្ចូល លួងលោម បោកបញ្ឆោតនាងខ្ញុំ និងក្រុមគ្រួសារនាងខ្ញុំឲ្យនិយាយភូតកុហកពីការពិតជាក់ស្តែងគឺនៅពេលនាងខ្ញុំត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃហៅខ្ញុំទៅបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ ធី សុវណ្ណថា ពេលនោះនាងខ្ញុំបានទៅសុំអន្តរាគមន៍ពីសមាគមអាដហុកដើម្បីជួយការពាររកយុត្តិធម៌ដោយសមាគមអាដហុកបានឱ្យនាងខ្ញុំសរសេរពាក្យបណ្តឹងបដិសេធទាំងស្រុងនូវខ្សែអាត់សំឡេងដែលទាក់ទងស្នេហារវាងនាងខ្ញុំជាមួយលោក កឹម សុខា”

កញ្ញាស្រី មុំ ក៏បានដាក់ពាក្យប្តឹងលោក កឹម សុខា ទាមទារសំណងជំងឺចិត្ត៣០ម៉ឺនដុល្លារ។

បន្ទាប់ស្រីមុំបានសរសេរលិខិតចំហនេះ សមាគមអាដហុកបានបញ្ចេញវីដេអូឃ្លីបមួយនៅពេល ស្រីមុំ បានស្នើសុំឲ្យសមាគមជួយអន្តរាគមន៍ នៅពេលនាងបានបដិសេធថាមិនធ្លាប់មានស្នេហាជាមួយលោក កឹម សុខា។

កាលនោះ កញ្ញាស្រីមុំ បានបញ្ជាក់ថា៖ “ខ្ញុំចង់និយាយថាខ្ញុំអត់ដែលមានទំនាក់ទំនងអីមួយគាត់ទេ(កឹម សុខា) គ្រាន់តែពេលគាត់ខលទៅគឺទាក់ទងនឹងរឿងកាត់សក់នៅហាងខ្ញុំហើយសួរថាមានជាងកាត់សក់ទំនេរអត់? ហើយខ្ញុំថាមានទំនេរអញ្ជើញមកកាត់សក់មកតែខ្ញុំគ្រាន់តែជាជាងកាត់សក់ទេបើថារឿងទំនាក់ទំនងជាមួយគាត់គឺអត់មានទំនាក់ទំនងស្នេហាអីជ្រៅជ្រះជាមួយគាត់ដែរ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ