លោក ហ៊ុន ម៉ាណែត ចាត់ទុកពាក្យបណ្តឹងប្រឆាំងរូបលោក គ្រាន់ជាការរៀបចំកេងចំណេញនយោបាយ

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះបានថ្លែងថាការប្តឹងរូបលោកពីសំណាក់សកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ គឺគ្មានមូលដ្ឋានច្បាស់លាស់ គ្រាន់តែកេងចំណេញនយោបាយប៉ុណ្ណោះ។

គួរបញ្ជាក់ថាថ្មីៗនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិក បានដាក់ពាក្យបណ្តឹងនៅអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែតនិងរដ្ឋាភិបាលកម្ពុជា ដោយចោទពីបទ”ធ្វើភេរវកម្ម”និង”ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ”។ ក្នុងពាក្យបណ្តឹងនោះ លោក សុវណ្ណារ៉ា បានបញ្ជាក់ថាលោក ហ៊ុន ម៉ាណែត ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ និងនាំឲ្យមានការចាប់ខ្លួននិងកាត់ទោសចំពោះរូបលោក។

ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២៥ ខែមេសា លោក ហ៊ុន ម៉ាណែត បានថ្លែងថាលោកមិនបានឃើញពាក្យបណ្តឹងប្រឆាំងរូបលោកនៅឡើយទេ ដោយគ្រាន់តែបានឭតាមសារព័ត៌មាន។ លោកចាត់ទុកថាការចោទប្រកាន់ក្នុងពាក្យបណ្តឹងនោះមិនសមហេតុសមផល ត្រង់ចំណុច”ប្រព្រឹត្តអំពើភេរវកម្ម”។

លោកមានប្រសាសន៍ថា៖ “ករណីមាជ សុវណ្ណារ៉ា ខ្ញុំមិនបានឃើញអាដីកាហ្នឹងទេ។ ប៉ុន្តែខ្ញុំគ្រាន់តែបានឭតាមព័ត៌មានថាមានការប្តឹងខ្ញូំ ប៉ុន្មានចំណុច រួមទាំងភេរវកម្មអន្តរជាតិ។ ហើយខ្ញុំកប់យោបល់រឿងហ្នឹង ព្រោះបើថាជ្រុលជាប្តឹង ដាក់អារឿងអីសមហេតុផលតិចទៅ ឥឡូវប្រជាជនខ្មែររាប់លាននាក់នៅក្នុងស្រុក ដែលស្គាល់ហ៊ុន ម៉ាណែត ហើយតាមដានសកម្មភាពរបស់ខ្ញុំ ប្រហែលជាគាត់កប់យោបល់ដែរហើយ”។ លោកបញ្ជាក់ថា៖ “ខ្ញុំគិតថាការប្តឹងកន្លងមកនេះ ដែលគ្មានមូលដ្ឋានច្បាស់លាស់ គឺគ្រាន់តែជាការចង់រៀបឲ្យកេងចំណេញខាងផ្នែកនយោបាយតែប៉ុណ្ណោះ គឺគ្មានមូលដ្ឋានអីច្បាស់លាស់ទេ”

នៅពេលសួរថាតើលោកនឹងធ្វើអ្វីទៀតទាក់ទងនឹងពាក្យបណ្តឹងនេះ លោក ហ៊ុន ម៉ាណែត ឆ្លើយថាចាំពេលតុលាការអាមេរិកមានចំណាត់ការ  លោកនឹងបកស្រាយនៅពេលក្រោយ។

ក្នុងពាក្យបណ្តឹងដែលធ្វើឡើងក្នុងរដ្ឋកាលីហ្វ័រញ៉ា  ក្រុមមេធាវីការពារលោក សុវណ្ណារ៉ា បានលើកឡើងថា” ភេរវកម្មអន្តរជាតិ”ស្ថិតក្រោមច្បាប់ប្រឆាំងភេរវកម្មរបស់អាមេរិក ដោយសារតែមានការចោទប្រកាន់ថាធ្វើទារុណកម្មលើលោក សុណ្ណារ៉ា ក្នុងពេលជាប់ពន្ធនាគារ។ ពាក្យបណ្តឹងពន្យល់ថាច្បាប់អាមេរិកឲ្យនិយមន័យ”ភេរវកម្មអន្តរជាតិ”ថាជាទង្វើហិង្សាឬសកម្មភាពដែលគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលរំលោភច្បាប់ព្រហ្មទណ្ឌអាមេរិកឬច្បាប់នៃរដ្ឋណាមួយ ប្រសិនបើប្រព្រឹត្តឡើងស្ថិតនៅក្នុងយុត្តាធិការនៃសហរដ្ឋអាមេរិកឬនៅក្នុងរដ្ឋណាមួយ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ាឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដា បានចេញមុខតវ៉ាប្រឆាំងវត្តមានរូបលោកជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែតចាត់ទុកថានេះជាសិទ្ធិសេរីភាព ហើយថាលោកមិនមានគម្រោងប្តឹងឬធ្វើបាតុកម្មប្រឆាំងតបតនោះទេ។ លោកបញ្ជាក់ថា៖ “ខ្ញុំអត់ខឹងទេ”។ ទោះជាយ៉ាងណា លោកបញ្ជាក់ថាដំណើរទស្សនកិច្ចនេះមានភាពរលូនតាមការគ្រោងទុក៕  ដោយណាត សុភាព និងស៊ុន ណារិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ