រដ្ឋាភិបាលឲ្យក្រុមហ៊ុនបញ្ចុះតម្លៃសេវាដឹកជញ្ជូនគ្រប់ប្រភេទ

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ (លី បេទ្បា)

រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលទើបចូលកាន់តំណែងថ្មី បានប្រាប់ឲ្យក្រុមហ៊ុនបញ្ចុះតម្លៃសេវាដឹកជញ្ជូនគ្រប់ប្រភេទ ដោយថាកន្លងមកតម្លៃដឹកជញ្ជូននេះមានថ្លៃខ្ពស់។

បន្ទាប់ពីកិច្ចប្រជុំជាមួយសមាគមដឹកជញ្ជូននៅព្រឹកថ្ងៃទី២៥ខែមេសានេះ រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ កន្លងមកក្រុមហ៊ុនអ្នកដឹកជញ្ជូនហាក់សម្ងំប្រមូលផលមិនបានគិតពីផលប្រយោជន៍រួម ។ លោកបន្ថែមថា ក្រសួងបានទុកពេលឲ្យខាងសមាគមដឹកជញ្ជូនទាំងអស់ពិភាក្សាគ្នាថាអាចបញ្ចុះតម្លៃបានប៉ុន្មានភាគរយ ដើម្បីឆ្លើយតបទៅកាន់ក្រសួងនៅថ្ងៃទី ២៨ ខែមេសា ខាងមុខ។

លោកបន្ថែមថា៖ នៅជិតខ្ញុំមិញលោកឧកញ៉ាថាគាត់បានគេងលក់រាប់ឆ្នាំហើយ តែឥឡូវខ្ញុំដាស់គាត់ឲ្យភ្ញាក់ដើម្បីរួមគ្នាធ្វើការទាំងអស់គ្នារួមគ្នាធ្វើការបញ្ចុះតម្លៃដឹកជញ្ជូនឲ្យបានល្អ។ ទេសចរណ៍ឡានឲ្យល្អទៅ ទេសចរណ៍ជាមុខមាត់របស់ប្រទេសជាតិ ឧទាហរណ៍បើគេចុះមកជិះឡានក្រុងយើងបាក់បែកពេកជ្រុះខ្ចៅតាមផ្លូវអាហ្នឹងមិនកើតទេ។ ដល់ពេលមិនកើតអញ្ចឹងមិនមែនតែបញ្ហាការដឹកជញ្ជូនទេ ផលិតផលស្រុកខ្មែរក៏អន់ដែរ ចុះបើខូចវាតៗគ្នារហូតចឹងធ្វើម៉េចឲ្យមានការរួបរួមគ្នាពិនិត្យពិចារណាធ្វើម៉េចឲ្យល្អដែរ

លោក ស៊ុន ចាន់ថុល ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនដែលដឹកទំនិញលើសទម្ងន់ធ្វើឲ្យខូចផ្លូវ។

ប្រធានសមាគមភ្នាក់ងារដឹកបញ្ជូនទំនិញកម្ពុជាលោក ស៊ិន ចន្ធី បានយល់ស្របទៅនឹងគោលការណ៍របស់ក្រសួងចំពោះការស្នើបញ្ចុះតម្លៃដឹកជញ្ជូននេះ។ លោកបន្ថែមថាការបញ្ចុះតម្លៃនេះអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា។ ប៉ុន្តែលោកថាអ្វីដែលជាការព្រួយបារម្ភនោះគឺក្រុមហ៊ុនភាគច្រើនមិនទាន់ចូលរួមក្នុងសមាគមដឹកជញ្ជូននៅឡើយ ដែលធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងតម្លៃ។

លោកបន្ថែកថា៖ យើងប្រជុំមិញផ្ដោតអញ្ចឹងថាចង់ឲ្យក្រុមហ៊ុនទាំងអស់ហ្នឹងចូលមកសមាគមមក ដើម្បីរួមគ្នាដោះស្រាយជួយដល់រដ្ឋាភិបាល។ ខ្ញុំក៏បានលើកឡើងជូនក្រសួងដែរថាយើងរាល់ថ្ងៃខ្វះខាតច្បាប់មួយចំនួនដែលគាំពារដល់ផ្នែកដឹកជញ្ជូនយើងអញ្ចឹងផ្នែកសមាគមនឹងសហការជាមួយក្រសួង ដើម្បីធ្វើច្បាប់ធ្វើលក្ខខណ្ឌក្នុងការដឹកជញ្ជូនជាច្រើន ដូចជាច្បាប់ធ្វើសំណងលើការបាក់បែកខូចខាត់

ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ សាទរចំពោះការពិភាក្សាលើយន្តការបញ្ចុះតម្លៃលើសេវាដឹកជញ្ជូននេះ។ ប៉ុន្តែលោកជំរុញឲ្យភាគីពាក់ព័ន្ធកំណត់តម្លៃឲ្យជាក់លាក់ដើម្បីធ្វើការផ្សព្វផ្សាយ ជៀសវាងការអនុវត្តមិនមានប្រសិទ្ធភាព។

លោកបន្ថែមថា៖ ឃើញពីស្ថានភាពនៃការដឹកជញ្ជូនហ្នឹងវាខ្ពស់ដែរជាពិសេសមិនសូវមានរបៀបរៀបរយនៅពេលមានបុណ្យទានទេ ដូច្នេះខាងសមាគមដឹកជញ្ជូនផ្លូវគោកហ្នឹងគួរតែអន្តរាគមន៍ទៅសមាជិករបស់ខ្លួនដែលជាក្រុមហ៊ុនដឹកជញ្ជូនហ្នឹង។ មួយទៀតយើងក៏ចង់ឲ្យវិធានការនេះជារបៀបវារៈខាងសមត្ថកិច្ចផ្នែកចរាចរណ៍ដែរ ព្រោះកន្លងមកតម្លៃនៃការដឹកជញ្ជូនហ្នឹងឡើងខ្ពស់ខុសពីធម្មតាដោយសារភាពមិនប្រក្រតីរឿងប៉ូលីសចរាចរទាលុយពីឡាន

លោកបន្ថែមថាការបញ្ចុះតម្លៃលើសេវាកម្មដឹកជញ្ជូននេះអាចនឹងមានប្រយោជន៍ច្រើនដល់ពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ដោយសារការចំណាយលើការដឹកជញ្ជូនកាន់តែតិច នោះតម្លៃទំនិញនៅលើទីផ្សារក៏ទាបដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ