បក្សប្រឆាំងថាស្ថានភាពនយោបាយបច្ចុប្បន្ននេះស្ថិតក្នុងសភាពធ្ងន់ធ្ងរ

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

គណបក្សសង្គ្រោះជាតិបានវាយតម្លៃថាស្ថានការណ៍នយោបាយបច្ចុប្បន្ននេះស្ថិតក្នុង”សភាពធ្ងន់ធ្ងរ”និងគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ។

នៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រយ៍របស់ខ្លួន ដោយបានផ្តោតទៅលើស្ថានភាពនយោបាយបច្ចុប្បន្ននិងផែនការសកម្មភាពរបស់គណបក្ស។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៥ មេសា គណបក្សសង្គ្រោះជាតិឲ្យដឹងថាក្រោយពីប្រជុំ គណបក្សបានវាយតម្លៃពីស្ថានការណ៍នយោបាយរបស់កម្ពុជាបច្ចុប្បន្នថាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋនិងការបោះឆ្នោត។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ “ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានវាយតម្លៃថាស្ថានការណ៍នយោបាយបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរ ដែលគ្រោះថ្នាក់ដល់គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋនិងការបោះឆ្នោត នាពេលខាងមុខ”។

សេចក្តីប្រកាសបន្តថាគណៈកម្មាធិការអចិន្រ្តៃយ៍បានសម្រេចប្រើប្រាស់យន្តការដែលគណបក្សមាន ដើម្បីទាញស្ថានការណ៍នយោបាយបច្ចុប្បន្នឲ្យវិលត្រឡប់មកស្ថានភាពប្រក្រតីឡើងវិញនិងបន្តសកម្មភាពឆ្ពោះទៅមូលដ្ឋានឲ្យកាន់តែខ្លាំងក្លា។

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ គណបក្សសង្រ្គោះជាតិបានប្រឈមនឹងបញ្ហាមួយចំនួន រួមមាន ប្រធានគណបក្ស លោក សម រង្សី បាននិរទេសខ្លួនឯងគេចចេញពីការចាប់ខ្លួន សមាជិកគណបក្ស២រូបគឺលោកញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានជនដៃដល់វាយឲ្យរងរបួស លោក កឹម សុខា ត្រូវដកតំណែងពីអនុប្រធានទី១នៃសភា ការចាប់ខ្លួនសមាជិកសភាលោក អំ សំអាននិងសមាជិកព្រឹទ្ធសភាលោក ហុង សុខ ហួរ និងរឿងអាស្រូវស្នេហារបស់កឹម សុខា ដែលអាចឈានទៅដល់ការចាប់ខ្លួនរូបលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ