រដ្ឋាភិបាលរិះគន់ក្រុម​ហ៊ុនចិនដែលវិនិយោគ​​រ៉ែ​នៅកម្ពុជា

រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ លោក ម៉េង សក្កិ​ធារ៉ា

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​បាន​បង្ហាញ​ការ​ខក​ចិត្ត​ទៅ​លើ​ក្រុម​ហ៊ុនចិនដែល​វិនិយោគ​រ៉ែ​​ នៅកម្ពុជាដោយថាមិនបានសហការជាមួយរដ្ឋាភិបាល បន្ទាប់​ពី​ក្រុមហ៊ុនចិន​ទាំង​នោះ​មិន​បា​ន​​ចូល​រួម​សិក្ខា​សាលា​ណែ​នាំ​មួយ​​នៅថ្ងៃ​នេះ។

រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ លោក ម៉េង សក្កិ​ធារ៉ា មានប្រសាសន៍ថា ក្រុ​ម​ហ៊ុន​រ៉ែ​ដែល​មក​ពី​ប្រទេស​ចិនគឺ ​យ៉ាប់​ជាង​គេដោយលោក​ថាក្រុម​ហ៊ុន​ដែល​មក​ពី​ប្រទេសនេះភាគ​ច្រើ​នពុំ​បាន​ស្គាល់​ពី​ការ​ទទួល​ខុសត្រូវរបស់​ខ្លួន​ទៅ​លើ​សាជីវកម្មរបស់​ខ្លួននោះ​ទេ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ច្រើ​​ន​ដល់​ម្ចាស់​ស្រុក ហើយ​រាល់​ការ​ចូល​រួម​ជា​ពហុភាគី​ក្នុង​ការ​ស្វែង​រកដំណោះ​ស្រាយ​នោះ​គឺ​ក្រុម​ហ៊ុន​ចិនមិនដែលចូលរួមដោះស្រាយ។

លោក​ថា៖ «និយាយ​ត្រង់​កាលពី​ម្សិល​មិញ​ខ្ញុំ​ត្រៀម​សុន្ទកថា​សម្រាប់​ត្រៀមនា​ពេល​បើក​នោះ​ផ្សេង។ តែ​ដល់​ពេលមក​បែ​ជា​មិន​ឃើញ​មាន​ការ​ចូល​រួម​សកម្មពីភាគី​ចិន។​ ខ្ញុំ​រាង​អស់​សង្ឃឹម​បន្តិច​ អញ្ចឹង​ទៅ​ដូរ​សន្ទរកថា​សុំ​និយាយ​ឲ្យច្បាស់​បន្តិច ក្រែ​ង​ខ្ញុំ​និយាយ​ថ្ងៃ​នេះ​ទៅ​សារ​នេះ​វា​ទៅ​ដល់​ក្រុម​ហ៊ុន​ចិនទាំង​អស់​ដែល​រក​ស៊ី​ក្នុង​វិស័យ​រ៉ែ។ … ថ្ងៃ​នេះ​យើង​ខ្វះ​ឯក​ជន មាន​តែ​រដ្ឋាភិបាល និង​សង្គម​ស៊ី​វិល តែ​ខ្វះ​មួយ​ចំហៀងហ្នឹង​គឺ​ដើរ​អត់​ស្រួល​ទេ។ យន្ត​ការ​ពហុភាគី​នេះ​និយាយ​ឲ្យ​ចំ​ក្រុមហ៊ុន​ដែល​មក​ពីលោក​ខាង​លិចគេ​ចូល​រួម នៅសល់​តែក្រុម​ហ៊ុន​ចិន​ហ្នឹង​គេ​អត់​ទាន់​ចូល​រួម​ទេ! អញ្ចឹង​ក្រុម​ហ៊ុន​ចិន​ហ្នឹង​រាង​យ៉ាប់​ជាង​គេ»។

លោក​បាន​បន្ថែម​ថាចាប់​តាំង​ពីក្រសួង​រ៉ែ​និង​ថាម​ពល ធ្វើកា​រកែ​ទម្រង់​ការ​ងារ​របស់​ខ្លួននៅ​ឆ្នាំ​២០១៤ និង​២០១៥ ជិត​៥០​%​នៃក្រុម​ហ៊ុន​ចិន​ដែល​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរទាំង​អស់​ត្រូវ​បាន​រដ្ឋាភិបាល​ដក​អាជ្ញា​ប័ណ្ណឈប់​ឲ្យ​រកស៊ី​នៅ​ស្រុក​ខ្មែរ ដោយ​សារ​ក្រុម​ហ៊ុន​ទាំង​នោះមិន​បាន​គោរព​ច្បាប់​កម្ពុជា។ លោក​ព្រមាន​ថា ​ក្រុម​ហ៊ុន​ផ្សេងទៀត​នឹង​ត្រូវបានអាជ្ញាប័ណ្ណ ​ប្រសិន​ជាក្រសួង​រក​ឃើញ​ថា​ក្រុម​​ហ៊ុន​​ដែល​នៅ​សេសសល់​ទាំងនោះ​បាន​បំពាន​ច្បាប់​កម្ពុជា។

លោក​បន្ថែម​ថា៖ «ខ្ញុំ​និយាយ​ត្រង់​ឭសូរ​តែ​ក្រុម​ហ៊ុន​ចិន​ខ្ញុំ​ខ្លាច ឭសូរ​ខ្លាច​ហ្មង​។ ជួន​ការ​ខ្ញុំ​សួរ​ថា​ស្អី​គេ​អា​ CSO ហ្នឹង ជា​វប្បធម៌​របស់​ចិន​គាត់​មាន​ទេ មាន​អា​ concept CSO ហ្នឹង​វា​មាន​ទេនៅ​ក្នុង​ខ្លួន​ព្រោះជួន​កាល​គាត់​អត់​មាន បើ​គាត់​បន្តការ​រកស៊ី តាម​របៀប​ដែល​គាត់​ធ្វើ​សព្វថ្ងៃ គាត់​មិន​អាច​រស់​ទេ ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ នៅពេល​ដែល​យើង​ចាប់​ផ្តើ​ម​ធ្វើ​ការ​កែ​ទម្រង់ ជិត​៥០%​នៃ​ក្រុម​ហ៊ុន​ចិនដែល​មាន​អាជ្ញារ​ប័ណ្ណ​រ៉ែ​ត្រូវ​បាន​លុប ហើយ​ខ្ញុំ​ប្រមើល​មើល​ណា​បើគាត់​មិន​កែទេ​ហ្នឹង​លុប​បន្ត​ទៀត!»។

តំណាង​សភាពាណិជ្ជកម្ម​ប្រទេស​ចិន​ដែល​បាន​ចូល​រួមក្នុង​​សិក្ខាសាកានៅ​ព្រឹក​នេះ កញ្ញា លី អាយ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​​ថា ការ​ដែល​ក្រុម​ហ៊ុន​ចិន​ពុំ​បាន​ចូល​រួម ​អាច​​មក​ពី​ពិ​បាក​ក្នុង​ការ​ទំនាក់​ទំនង​រវាង​ក្រុម​ហ៊ុន​ទាំង​នោះ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ និង​អាច​បណ្តាល​មក​ពី​បរិ​បថ​​វិនិយោគ​ខុស​គ្នា​រវាង​ប្រទេស​ចិន​ដែល​ជា​ប្រទេស​សង្គម​និ​យម​​ជា​មួយ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​​ប្រជា​ធិប​តេយ្យ​។ កញ្ញា​ទទួល​ស្គាល់​ថា​មាន​ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​មិន​បាន​យល់​ទេ​ថា​តើ​ការ​ទទួល​ខុស​ត្រូវ​របស់​សាជីវកម្ម​ធន​ធាន​រ៉ែចំពោះ​សង្គម​នោះ​ជា​អ្វី ដែលទាម​ទារ​ឲ្យ​មាន​ការបង្រៀន​ពី​គោល​ការណ៍​ទាំង​នេះដល់​ក្រុម​ហ៊ុន​ទាំង​នោះ។

តាម​រយៈអ្នក​បក​ប្រែ​កញ្ញា​ថា៖ «វាមិន​អាច​ថា​អ្នក​ធ្វើ​គោល​នយោបាយ​ អ្នក​ដែល​សម្រេចចិត្ត​តែ​ក្នុងប្រទេស​ចិន​តែ​មួយ​អាច​ធ្វើ​បាន​នោះ​ទេ តែយើង​ក៏​ត្រូវ​ការ​ចូល​រួម​របស់​ប្រទេស​ដែលជន​ជា​តិ​ចិន​ទាំង​អស់​ហ្នឹង​គាត់​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ទាំង​អស់​ហ្នឹង អញ្ចឹង​នៅ​ក្នុង​គម្រោង​នៅ​ក្នុងការ​ងារ​របស់​យើង​ហ្នឹង​យើង​សង្ឃឹម​ថា និង​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រទេសនីមួយ​ៗ​ដែល​ជន​ជាតិ​ចិន​មក​វិនិយោគ​ហើយ​ក៏​សង្ឃឹម​ថាគោលការណ៍​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្តនោះ និងអាច​ទាញ​បញ្ជូល​ទៅ​នឹង​គោល​ការ​ដែល​ត្រូវ​អនុវត្តន៍​ដោយ​ចាប់​បង្ខំ»។

បើ​តាម​កញ្ញា ​លី​ អាយ ​សភាពាណិជ្ជកម្ម​ចិន​ទើប​តែ​ចាប់​ផ្តើមគោល​ការណ៍​ណែ​នាំ​ពី​ទំនួល​ខុសត្រូវ​របស់​សាជីវកម្ម​ចំពោះ​សង្គម​ ទៅ​លើ​សមា​ជិកខ្លួន​នៅ​ឆ្នាំ​២០១៤ ហើយថាពួកគេ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ចិន​អាច​មានលទ្ធភាព​វិវត្តន៍​ខ្លួន​បាន​​ប្រសើរ​ឡើងវិញចំពោះ​ទំនួល​ខុស​ត្រូវ​ខ្លួ​ន​លើ​ទឹក​ដី​ដែល​ក្រុម​ហ៊ុនខ្លួន​ធ្វើ​អាជីវកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ