វិភាគ៖ តើ​ស្ថានភាព​នយោបាយ​កម្ពុជា​ជិត​បោះ​ឆ្នោត​​ប៉ះ​ពាល់​ដល់​​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដូចម្ដេច?

វិស័យសំណង់ក្នុងរាជធានីភ្នំពេញ

កំណើន​​សេដ្ឋកិច្ច​កម្ពុជា​​នៅ​ឆ្នាំ​២០១៦​កន្លង​មក​ ត្រូវ​បានធនាគារ​ពិភព​លោក​​​ប្រកាស​ឲ្យ​ដឹង​ថា បាន​ធ្លាក់​ចុះ​បន្តិច​មក​នៅ​ត្រឹម​អត្រា ៦.៩​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដែល​មាន​អត្រា​កំណើន ៧​ភាគរយ ប៉ុន្តែ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា នៅ​តែ​បន្ត​មាន​ភាព​រឹង​មាំ​ដដែល។ ធនាគារ​ដដែល​នេះ បាន​ព្យាករ​ទៀត​ថា អត្រា​កំណើន​នេះ នឹង​បន្ត​កើត​មាន​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ពោល​គឺ​ចំពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដ៏​សំខាន់។ បន្ទាប់​មក កំណើន​នេះ បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត​មក​នៅ​ត្រឹម​អត្រា ៦.៧​ភាគរយ នៅ​ឆ្នាំ​២០១៩​ខាង​មុខ។

បើ​ទោះ​បី​ជា​​ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អ៊ីហ្គូណា ដូប្រាចា យល់​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​រឹង​មាំ​ក៏​ដោយ ប៉ុន្តែ វា​ជាក់​ច្បាស់​ណាស់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០១៦​កន្លង​មក​រហូត​ដល់​ឆ្នាំ​២០១៩​ខាង​មុខ បាន​ខាត​បង់​អស់​យ៉ាង​តិច ០.១ភាគរយ និង​០.៣​ភាគរយ​បន្ថែម​ទៀត។

របាយការណ៍​ធនាគារ​ពិភព​លោក ដែល​ទើប​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្លាក់​ចុះ​​មិន​មែន​គ្មាន​មូលហេតុ​នោះ​ទេ ប៉ុន្តែ វា​ក៏​ព្រោះ​តែ​ការ​ធ្លាក់​ចុះ​កំណើន​រីក​លូត​លាស់​នៅ​​ក្នុង​វិស័យ​សំខាន់ៗ ដែល​​ជា​សរសរ​ស្តម​សម្រាប់​ទ្រ​ទ្រង់​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។ វិស័យ​សំខាន់ៗ​ទាំង​នោះ មាន​ការ​​នាំ​ចេញ​សម្លៀក​បំពាក់ និង​ផលិត​ផល​ស្បែក​ជើង​ទៅ​ក្រៅ​ប្រទេស ការវិនិយោគ​លើ​វិស័យ​សំណង់ វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម។

បើ​តាម​របាយការណ៍​ដដែល​នោះ ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់ ក៏​ដូច​ជា​​ស្បែក​ជើង បាន​ធ្លាក់​ចុះ​អត្រា​កំណើន ១២.៣​ភាគរយ​នៅ​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម ៨.៤​ភាគរយ នៅ​ឆ្នាំ​២០១៦​កន្លង​មក។ រី​ឯ​វិស័យ​ទេសចរណ៍ បាន​ធ្លាក់​ចុះ​ពី​អត្រា​កំណើន ៦.១​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម​៥​ភាគរយ​កាល​ពី​ឆ្នាំ​មុន។ នៅ​ក្នុង​របាយការណ៍​ដដែល​នេះ ធនាគារ​ពិភព​លោក បាន​ត្រឹម​​បញ្ជាក់​ថា វិស័យ​សំណង់​ក៏​បាន​ធ្លាក់​ចុះ​ដែរ បើ​ទោះ​បី​ជា​ពុំ​បាន​បង្ហាញ​ពី​អត្រា​ធ្លាក់​ចុះ​ក្នុង​កម្រិត​ណា​ក៏​ដោយ។

ប៉ុន្តែ របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​ធ្លាក់​ចុះ​ដល់​ទៅ ២២​ភាគរយ ពោលគឺ​បាន​ធ្លាក់​ចុះ​ពី​ចំនួន ១.៦៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៦ មក​នៅ​ត្រឹម​ទំហំ ១.២៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​អំពីការ​ធ្លាក់​ចុះ​នេះ​ជា​លើក​ដំបូង ក្រោយ​ពី​ទំហំ​វិនិយោគ​ក្នុង​វិស័យ​នេះ បាន​ហក់​ឡើង​ដល់​ចំនួន ៣២.៦​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល ១៥​ឆ្នាំ​ចុងក្រោយ​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​របាយការណ៍​វឌ្ឍនភាព​សេដ្ឋកិច្ច​ចេញ​ដោយ​ធនាគារ​ពិភព​លោក​នោះ គឺ​ជា​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ។ ការ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បែប​នេះ ទោះ​ក្នុង​អត្រា​តិច​ក៏​ដោយ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា វា​កើត​ឡើង​ចំ​ពេល​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​នេះ និង​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​សំខាន់​មួយ នៅ​ឆ្នាំ​ក្រោយ ពោល​គឺ​ចំពេល​ដែល​ការ​ប្រកួត​ប្រជែង​នយោបាយ​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​នេះ។

ដំណើរ​វិវត្តន៍​បែប​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​​ភាព​មិន​ច្បាស់​លាស់​នៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា ជះ​ឥទ្ធិពល​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ដែរ​ឬ​យ៉ាងណា?

នៅ​ក្នុង​របាយការណ៍​សង្ខេប​​ស្ដី​ពី​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច​កម្ពុជា ធនាគារ​ពិភព​លោក​ បាន​បង្ហាញ​ថា កំណើន​​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទំនាក់​ទំនង​នឹង​កត្តា​ក្រៅ​ស្រុក និង​កត្តា​ក្នុង​ស្រុក។ ធនាគារ​នេះ បាន​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​គេ​ព្យាករ​ថា​ខាត​បង់​អស់ ០.១​ភាគរយ ទៅ​០.៣​ភាគរយ នៅ​ក្នុង​ឆ្នាំ​នេះ និង​ពីរ​ឆ្នាំ​ខាង​មុខ នោះ​ក៏​ព្រោះ​​តែ​​និន្នាការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​វាយនភ័ណ្ឌ​កាត់​ដេរ ការ​ធ្លាក់​ចុះ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្ពុជា និង​ការ​ធ្លាក់​ចុះ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ចូល​ក្នុង​វិស័យ​សំណង់។

បើ​តាម​ធនាគារ​ពិភព​លោក ការ​ធ្លាក់​ចុះ​នៃ​កំណើន​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង គឺ​បណ្ដាល​មក​ពី​កំណើន​តម្លៃ​ពលកម្ម​ក្នុង​ស្រុក កំណើន​អត្រា​ប្រាក់​ដុល្លារ​ឡើង​ខ្ពស់ និង​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ដែល​មាន​តម្លៃ​ពលកម្ម​ទាប​ជាង ជា​ពិសេស​ការ​បើក​ទ្វារ​របស់​ប្រទេស​ភូមា។

ចំណែក​ខាង​វិស័យ​ទេសចរណ៍ ធនាគារ​ពិភព​លោក​បាន​បន្ទោស​ទៅ​លើ​កង្វះ​ពិពិធកម្ម​ ឬ​ការ​ធ្វើ​ឲ្យ​សម្បូរ​បែប​តំបន់​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​លើស​ពី​តំបន់​ប្រាសាទ​អង្គរវត្ត ដែល​ជំរុញ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​ប្រទេស​កម្ពុជា មាន​អត្រា​ត្រឹម​តែ ៥ភាគរយ​ប៉ុណ្ណោះ។

បើទោះបី​វិស័យ​កសិកម្ម​ដែល​ជួប​ប្រទះ​បញ្ហា​នៅ​ចុង​ឆ្នាំ​២០១៥​នោះ បាន​ល្អ​ប្រសើរ​​ឡើង​វិញ​ ដោយ​ទិន្នផល​ស្រូវ​វស្សា បាន​កើន​ឡើង​ក្នុង​អត្រា ៨.៩​ភាគរយ នៅ​ក្នុងឆ្នាំ​២០១៦​​កន្លង​មក​ក៏​ដោយ ប៉ុន្តែ តម្លៃ​ទិន្នផល​កសិកម្ម បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ពី​ប្រជា​កសិករ កាល​ពី​ចុង​ឆ្នាំ​មុន។

អ្វីដែល​ធនាគារ​ពិភព​លោក​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​វិស័យ​ម៉ាយក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក យ៉ង់ ប៉ាក់ យល់​ស្រប ដោយ​លោក​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នៃ​កំណើន​​ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់ ពោល​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​ស្ថេរភាព​នយោបាយ​កម្ពុជា​នោះ​ទេ។

លោក យ៉ង់ ប៉ាក់ ប្រាប់​ថា​៖ “ប្រសិន​បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ ដោយសារ​តែ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​ក្នុង​ការ​នាំ​វិស័យ​កាត់​ដេរ​ចេញទៅ​អឺរ៉ុប”។

ទោះជាយ៉ាងណា បើ​ទោះបី​ជា​ធនាគារ​ពិភព​លោក​បញ្ជាក់​ថា ហានិភ័យ​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ទំនាក់​ទំនង​នឹង​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច​សកល និង​តំបន់​​ក៏​ដោយ ក៏​ស្ថាប័ន​ផ្ដល់​កម្ចី​ពិភព​លោក​មួយ​នេះ បាន​ព្រមាន​ផង​ដែរថា ភាព​មិន​ប្រាកដ​ប្រជា​នៃ​នយោបាយ​កម្ពុជា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គឺ​ជា​កត្តា​ក្នុ​ង​ស្រុក ដែល​ជះ​ឥទ្ធិពល​ទៅ​ដល់​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស។

មក​ដល់​ចំណុច​នេះ លោក យ៉ង់ ប៉ាក បាន​ពន្យល់​ថា នោះ​ក៏​ព្រោះ​តែ​កំណើន​សេដ្ឋកិច្ច​កម្ពុជា វា​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ខណៈ​ដែល​វិស័យ​កសិកម្ម​​ចូល​រួម​​ចំណែក​​បាន​ត្រឹម​តែ ២​ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​កាល​ពី​ឆ្នាំ​មុន។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ មាន​ជំនឿ​ថា ស្ថានភាព​នយោបាយ​កម្ពុជា​នឹង​មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​នោះ​ឡើយ ប៉ុន្តែ ភាព​មិន​ប្រាកដ​ប្រជា​ខាង​ផ្នែក​នយោបាយ​របស់​ប្រទេស​នេះ លោក​ថា វា​អាច​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​របស់​វិនិយោគិន​បរទេស ពោល​គឺ​ប៉ះ​ពាល់​ដល់​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ផ្ទាល់។

លោក យ៉ង់ ប៉ាក បញ្ជាក់​ថា​៖ “ឧទាហរណ៍​ ប្រសិន​បើ​មាន​ការ​ប្រទុស្ត​សារាយ​គ្នា​ខ្លាំង​ អញ្ចឹង​ពួក​វិនិយោគិន ក៏​គេរាថយ​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​ចូល​ដែរ”។

ផ្ទុយ​លោក យ៉ង់ ប៉ាក អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន EMC លោក ង៉ែត ជូ បាន​លើក​ឡើង​ថា ភាព​មិន​ប្រាកដ​ប្រជា​នៃ​នយោបាយ​កម្ពុជា នឹង​ប៉ះ​ពាល់​ទៅ​ដល់​ទៅ​ដល់​ទំនុក​ចិត្ត​របស់​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា ដែល​មាន​បំណង​ពង្រីកទុន​វិនិយោគ ឬ​បើក​​ក្រុមហ៊ុន​អាជីវកម្ម​ថ្មីៗ ដែល​លោក​ថា គម្រោង​របស់​ពួកគេ ជួយ​ជំរុញ​ដល់​កំណើន​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ជាតិ។

ទោះជាយ៉ាងណា សម្រាប់​អ្នក​ប្រឹក្សា​យោបល់​រូប​នេះ​យល់​ថា ភាព​ប្រាកដ​ប្រជា​នៃ​នយោបាយ​កម្ពុជា មិន​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​វិនិយោគិន​បរទេស​ធំៗ​នោះ​ឡើយ ដោយ​លោក​ថា ពួកគេ​មាន​ផែនការ​វិនិយោគ​ច្បាស់​លាស់ និង​រយៈ​ពេល​យូរ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​មិន​បារម្ភ​អំពី​បញ្ហា​នយោបាយ​​នៅ​មុន អំឡុង និង​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ