ទាហាន​ហ្វីលីពីន​សម្លាប់​ពួក​បះបោរ​៣៦​នាក់​ក្នុង​ប្រតិបត្តិក​៣​ថ្ងៃ​នៅ​ភាគ​ខាង​ត្បូង

ឧត្ដមសេនីយ៍​យោធា​ហ្វីលីពីន​ម្នាក់ និយាយ​ថា កម្លាំង​សន្តិសុខ បាន​សម្លាប់​ពួក​បះបោរ​ ៣៦​នាក់​ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ប្រតិបត្តិការ​តាម​ផ្លូវ​អាកាស និង​តាម​ផ្លូវ​គោក​រយៈ​ពេល ៣​ថ្ងៃ នៅ​លើ​កោះ​ភាគ​ខាង​ត្បូង​មួយ ព្រម​ទាំង​ដណ្ដើម​បាន​មូលដ្ឋាន​ពួក​បះបោរ​ផង​ដែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters កម្លាំង​សន្តិសុខ​​ហ្វីលីពីន​ភាគ​ច្រើន​ជា​គ្រីស្ត​បរិស័ទ បាន​ប្រយុទ្ធ​ជាមួយ​ពួក​បះបោរ​បំបែក​ខ្លួន​មូស្លីម​អស់​រាប់​សតវត្សរ៍​មក​ហើយ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កិច្ច​ខិត​ខំ​កសាង​សន្តិភាព បាន​នាំ​ទៅ​រក​ការ​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ធំៗ ប៉ុន្តែ ​ក្រុម​បះបោរ​តូចៗ បែរ​ជា​បង្កើន​ការ​វាយ​ប្រហារ​ទៅ​វិញ។

ការ​វាយ​ប្រហារ​គ្នា​ថ្មី​នេះ ដែល​បាន​កើត​ឡើង​នៅ​លើ​កោះ​មិនដាវណាវ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ពេល​ទាហាន​ឡោម​ព័ទ្ធ​មូលដ្ឋាន​ពួក​ឧទ្ទាម​មួយ ដែល​ការពារ​ទៅ​ដោយ​ទាហាន​ប្រហែល ១៥០​នាក់។

មេ​បញ្ជាការ​កង​ទ័ព​​លោក​ឧត្ដមសេនីយ៍ Roland Bautista បាន​ប្រាប់​ថា ទាហាន​បាន​ដណ្ដើម​បាន​មូលដ្ឋាន​ដ៏​សំខាន់​របស់​ពួក​បះបោរ។

លោក​បន្ថែម​ថា កង​ទ័ព​រដ្ឋាភិបាល​បាន​វាយ​ប្រហារ​ទាំង​ផ្លូវ​គោក និង​ផ្លូវ​អាកាស​ទៅ​លើ​មូលដ្ឋាន​នោះ និង​បំផ្លាញ​ពួក​បះបោរ​យ៉ាង​ធំ​ធេង ប៉ុន្តែ មាន​ទាហាន​រដ្ឋាភិបាល​តែ ៣​នាក់​ប៉ុណ្ណោះ​ដែល​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ