អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារនេះ  

លោក Patrick Murphy

មន្ដ្រីការទូតអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារនេះ ស្របពេលជាមួយគ្នានឹងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីវៀតណាម។

អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការប្រចាំតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើតគឺលោក Patrick Murphy ដែលធ្វើទស្សនៈកិច្ចនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នេះ ដើម្បីជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា មន្ដ្រីសង្គមស៊ីវិល វិស័យឯកជន និងបក្សប្រឆាំង។ នេះដោយតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា​។

ប៉ុន្ដែបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាមិនបញ្ជាក់ថាតើលោក Patrick Murphy នឹងលើកយកបញ្ហាអ្វីខ្លះទៅពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា និងបក្សប្រឆាំងនោះទេ។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាលោក Jay Raman ឲ្យ VOD ដឹងតាមសារអេឡិចត្រូនិចថាលោកមិនអាចបកស្រាយបន្ថែមលើសពីសេចក្ដីប្រកាសព័ត៌មានទេ។

បើតាមកិច្ចសម្ភាសន៍មួយ ដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅ បានដកស្រង់សម្ដីលោក Patrick Murphy ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើត គឺដើម្បីពង្រីកផលប្រយោជន៍សន្ដិសុខជាតិអាមេរិកក្នុងតំបន់នេះ។

បើយោងតាមគេហទំព័រក្រសួងការបរទេសអាមេរិក មុនទទួលតំណែងអនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Patrick Murphy ក៏ធ្លាប់ជាអនុប្រធានផ្នែកបេសកកម្ម និងទំនាក់ទំនងនៅប្រទេសថៃ ពីឆ្នាំ២០១៣ដល់២០១៦ និងនៅប្រទេសឡេសូតូ ពីឆ្នាំ២០០៦​ដល់ឆ្នាំ២០០៨។

ដំណើរទស្សនកិច្ចរបស់មន្ដ្រីការទូតអាមេរិករូបនេះ ធ្វើឡើងចំពេលជាមួយនាយករដ្ឋមន្រ្ដីវៀតណាម លោក ង្វៀន សួនហ្វ៊ុក ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ដល់២៦មេសាឆ្នាំ២០១៧ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងការទូតកម្ពុជានិងវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ