អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​ថាវីដេអូហិង្សានៅស្ពាននាគមិនមានរូបពួកគេទេ

សកម្មជនគណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា កាលពីពេលកន្លងទៅ

មន្ត្រីជាន់ខ្ពស់របស់អតីតបក្សប្រឆាំង និងអ្នកគាំទ្រ១១នាក់ បានអះអាងនៅមុខចៅក្រម​ជំនុំជម្រះនៃតុលាការជាន់ខ្ពស់ថា ​មិនបាន​ប្រើ​ហិង្សា​លើសន្តិសុខខណ្ឌដូនពេញ ដូចការចោទប្រកាន់នោះទេ ដោយថាភស្តុតាងជាវីដេអូបង្ហាញក្នុង​អង្គសវនាការមិនឃើញ​សកម្មភាពពួក​គេបង្កហិង្សានោះឡើយ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បើកសវនការចំនួន២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមេសានេះ​ ពាក់ព័ន្ធសំណុំរឿង​ដែលសាលាដំបូង​សម្រេច​ចោទប្រកាន់ លើ​អតីតមន្ត្រី​គណបក្សស​ង្គ្រោះជាតិ និងអ្នកគាំទ្រចំនួន​១១នាក់ ថាបាន​ចូលរួមនិង​ដឹកនាំកុប្បក​ម្ម​នៅក្បែ​រទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យកងសន្តិសុខខណ្ឌដូនពេញ៣៩នាក់រងរបួស។

អតីតមន្ត្រីបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា និងអ្នកគាំទ្របក្សលោក អ៊ុក ពេជ្យសំណាង រួមទាំងអ្នកគាំទ្រ៩នាក់ផ្សេងទៀត នៅព្រឹក​ថ្ងៃនេះ បានលើកឡើងប្រហាក់ប្រហែលគ្នា​នៅក្នុង​អង្គសវនាការថា វីដេអូដែលតុលាការយកមក​បង្ហាញក្នុងបន្ទប់សវនាការមិនឃើញពួកគេធ្វើ សកម្មភាពប្រើហិង្សាលើកងសន្តិសុខដូចការចោទប្រកាន់របស់តុលាការជាន់ទាបនោះទេ ខណៈកងសន្តិសុខដែលរងរបួសអះអាងថា មិនស្គាល់មុខជនបង្កទេ។​

អ្វីដែលគួរឲ្យកត់សំគាល់ លោក មេធាវី ចាន់ តុលា និងលោក ចេង ប៉េងហាប់ ដែលការពារក្តីកងសន្តិសុខរងគ្រោះ៣៩នាក់ បានធ្វើសេចក្តី​សន្និដ្ឋានថា អ្នកទាំង១១នាក់នោះមានចេតនារៀប​ផែនការបង្កហិង្សាលើកងសន្តិសុខឲ្យរងរបួស និងទាមទារឲ្យតុលាការតម្កល់បទចោទរបស់​សាលា​ដំបូងឲ្យនៅដដែល។

ភ្លាមៗ​ក្រោយពីធ្វើសេចក្តីសន្និដ្ឋានរួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ បានអះអាងប្រាប់ទៅក្រុមមេធាវីដើមចោទ និងចុងចោទ​ថា តុលាការ​និង​សិក្សា​លើអង្គហេតុ និងអង្គច្បាប់ មុនសម្រេច​ចេញដីកាចោទប្រកាន់ឬមិនចោទប្រកាន់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង​៨ព្រឹក​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ