ពលរដ្ឋខេត្តកណ្តាលរាំងគ្រឿងចក្រក្រុមហ៊ុនកុំឲ្យឈួសឆាយដីកំពុងមានទំនាស់

ពលរដ្ឋរាប់រយនាក់​នៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនមិនឲ្យ ឈួសឆាយដី ដែលពួកគេអះអាងថា កំពុងមានជម្លោះជាមួយសហគមន៍នៅឡើយ។

ពលរដ្ឋម្នាក់រស់នៅភូមិអំពៅព្រៃ ឃុំអំពៅព្រៃកញ្ញា ជន បូរី ប្រាប់វីអូឌីថា នៅថ្ងៃនេះពលរដ្ឋប្រមាណ៣០០នាក់ បាននាំគ្នាចុះទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមួយមិនឲ្យឈួសឆាយ ដីបឹងសហគមន៍មួយកន្លែង ដែលកំពុងជម្លោះ ដោយថា ដើម្បីរងចាំការដោះស្រាយជាមុនសិន។

កញ្ញាបន្តថា ដីបឹងនោះមានទំហំ៤០០ហិកតាជាដីរួមរបស់សហគមន៍ដែលប្រជាពលរដ្ឋនៅក្នុងឃុំអំពៅព្រៃ និងឃុំផ្សេងទៀតបានអាស្រ័យផលតាំងពីដូនតាមក ត្រូវបានគេលួចលក់ទៅឲ្យក្រុមហ៊ុនធ្វើនានាការអភិវឌ្ឍន៍ដោយបណ្តាលឲ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់អ្នកភូមិនៅតំបន់នោះ។  ទោះយ៉ាងណាពួកគាត់មិនស្គាល់ឈ្មោះក្រុមហ៊ុន​ទាំងនោះទេ។​

កញ្ញាបន្ថែមថា«ព្រោះដីនោះជាប្រភេទដីបឹងរួមដែលប្រជាពលរដ្ឋគាត់អាចអាស្រ័យផលបានដូចទៅនេសាទ រករបរទទួលទាននៅទីនោះបាន រកត្រី ធ្វើស្រែប្រាំង ប៉ុន្តែឥលូវនេះប្រជាពលរដ្ឋមិនអាចចូលទៅរកត្រីអីអត់បានទេ ព្រោះគេថា ដីតំបន់នោះលក់ឲ្យក្រុមហ៊ុន ប៉ុន្តែពលរដ្ឋអត់ដែលដឹងថា លក់ពីអង្កាលផងគេថាដីនោះ ជារបស់ក្រុមហ៊ុនទៅហើយ»

ពលរដ្ឋម្នាក់ទៀតលោក ភោគ ផានី និយាយថា តាមព័ត៌មានមានក្រុមហ៊ុនប្រមាណ៦បានទិញដីនៅតំបន់ កំពុងមានជម្លោះនោះធ្វើការអភិវឌ្ឍន៍។ លោក ភោគ ផានី បន្តថា ក្រោយឃើញពលរដ្ឋមានគ្នាច្រើន​ចុះរារាំង ក្រុមហ៊ុនបានផ្អាកសកម្មភាព និងបានដកគ្រឿងចក្រចេញ។

ជុំវិញវិវាទដីធ្លី និងការលក់ដីបឹង នេះ លោក ភោគ ផានី បានដាក់ការសង្ស័យថា អាចជាប់ពាក់ព័ន្ធអំពើពុក រលួយណាមួយរវាងអាជ្ញាធរថ្នាក់ក្រោម។

លោកបន្ថែមថា«តាមប្លង់ដីដែលអ្នកកុកចេរៀបចំឲ្យក្រុមហ៊ុនហ្នឹងគឺប្លង់ហ្នឹងមានការទទួលស្គាល់ដោយអាជ្ញាធរស្រុកប៉ុន្តែអត់មានការបោះត្រាទេគាត់អត់ស៊ីញេទេ  តែមានត្រាមេភូមិ ត្រាមេឃុំ តែសញ្ញេមេឃុំ និងមេ    ភូមិ»

មេឃុំលោក ឈ្មោះ នប់ ណាន់ ទទួលស្គាល់ថា ដីបឹងសហគមន៍ពិតជាត្រូវបានគេលក់ទៅ ឲ្យក្រុមហ៊ុនពិតមែន ដោយមេឃុំរូបនេះចោទថា ពលរដ្ឋជាអ្នកលក់ទៅឲ្យក្រុមហ៊ុនដោយខ្លួនឯង និងថា ពលរដ្ឋទាំងនោះបែរជាបង្កើតចលនាទាមយកវិញ។

លោកបន្ថែមថា«សំខាន់ស្រាវជ្រាវរកឯកសារពិតសិន អាហ្នឹងបានច្បាស់  គាត់ធ្វើនេះដើម្បីបំផុសឲ្យប្រជាជនហ្នឹងជ្រួលច្របល់ទៅតវ៉ាដល់ថ្នាក់ដើម្បីឲ្យគេដោះស្រាយគោលនយោបាយឲ្យទេ ការពិតគាត់លក់អស់ ហើយហ្នឹង មានអ្នកណាទៅលួចដីគាត់លក់ គាត់លក់ឲ្យក្រុមហ៊ុនតាំងពីឆ្នាំ៩៨ ឆ្នាំ៩៩ ឆ្នាំ២០០០ ហើយ អាអ្នកទៅតវ៉ាហ្នឹងភាគច្រើនអត់មានដីផងទេ»

តែទោះយ៉ាងជុំវិញវិវាទដីធ្លីនេះ លោក មេឃុំ នប់ ណាន់ អះអាងថា អាជ្ញាធរនឹងកោះប្រជុំតំណាងប្រជាពល រដ្ឋនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយ។

បើតាមពលរដ្ឋដីបឹងសហគមន៍ដែលក្រុមពលរដ្ឋទាមទារនោះមានទំហំ៤០០ហិកតាក្នុងនោះមានពាក់ព័ន្ធពលរដ្ឋជាង ២០០០គ្រួសារ ហើយថា អ្វីដែលក្រុមអ្នកភូមិទាមទារនោះ គឺសុំរក្សាដីនៅដដែល តែបើផ្តល់សំណងត្រូវគិតតាមតម្លៃទីផ្សារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ