មន្រ្តីសុខាភិបាល​ថាសម្ភពសោភា​មិនជាប់ពាក់ព័ន្ធ​នឹង​ការស្លាប់ទារក​ដោយ​សារបំបៅដោះ​

(រូបថតពីហ្វេសប៊ុក​របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ​)

មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថាមន្ទីរពេទ្យសម្ភពសោភាមិនបានធ្វេសប្រហែសដូចការចោទប្រកាន់របស់ម្តាយទារកដែលលើកឡើងថាបុគ្គលិកពេទ្យបានបំបៅដោះទារកម្នាក់ដែលទើបនឹងកើតបាន៣ថ្ងៃ ឲ្យឈ្លក់រហូតដល់ស្លាប់ កាលពីថ្ងៃទី១៩ ខែឧសភា។

ការបញ្ជាក់នេះ ក្រោយពីក្រុមជំនាញរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានចុះទៅស៊ើបអង្កេតករណីទារកម្នាក់ស្លាប់ ដោយម្តាយទារកចោទប្រកាន់ពេទ្យថាធ្វើការងារធ្វេសប្រហែស។

ហ្វេសប៊ុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្រុមការងារបានចុះត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបើកសេវារបស់មន្ទីរពេទ្យសម្ភពសោភា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីរបញ្ជាក់ថាក្រោយការត្រួតពិនិត្យឃើញថាមន្ទីរពេទ្យសម្ភពសោភាមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គោរពតាមលក្ខខណ្ឌបច្ចេកទេសក្នុងការផ្តល់សេវានិងគោលការណ៍វេជ្ជសាស្រ្ត ព្រមទាំងមានចំណុចគួរកែលម្អមួយចំនួន។ មន្ទីរបានបញ្ជាក់ថា៖ “ក្រុមការងារមន្ទីរនិងអ្នកតំណាងមន្ទីរពេទ្យបានចុះហត្ថលេខាព្រមព្រៀងលើកំណត់ហេតុចុះត្រួតពិនិត្យនិងសន្យាគោរពតាមអនុសាសន៍ណែនាំដែលមានចែងក្នុងកំណត់ហេតុ”

វីអូឌីមិនអាចទាក់ទងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិង លោក កែវ វិបុល អនុប្រធាន ដើម្បីសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ។

ប្រធានមន្ទីរពេទ្យសម្ភពសោភា លោក ប៉ិច សុធី ប្រាប់វីអូឌីថាការស្លាប់ទារកអាយុ៣ថ្ងៃនេះ មិនមែនដោយសារការបំបៅទឹកដោះគោទៅឈ្លក់ស្លាប់នោះទេ គឺដោយសារសុខភាពរបស់ទារកពីកំណើតមានបេះដូងប្រហោង។ លោកមានប្រសាសន៍ថា៖ “គាត់ឲ្យកូនបៅតែកូនអត់ព្រមបៅ ដល់ពេលអញ្ចឹងទៅខាងឆ្មប ឡើងទៅជួយទៅ ប៉ុន្តែកូននៅតែអត់បៅដដែល ដល់ពេលរាងស្វាយ(ស្លេក) អញ្ចឹងទៅយើងបញ្ជូនទៅកន្លែងសង្គ្រោះទារកទៅ ហើយបន្ទាប់ពីឆ្លុះឃើញថាកូននោះមានបេះដូងប្រហោងអញ្ចឹងទៅកូននោះវាខូចទៅ ហើយអញ្ចឹងទៅគាត់ប្រកាន់រឿងថាឆ្មបហ្នឹងឡើងទៅជួយបំបៅ តាមពិតបំបៅនៅមុខគាត់តើ”

ក្រោយពីកូនស្លាប់ ម្ដាយរបស់ទារកនោះបានបង្ហោះជាវីដេអូតាមបណ្ដាញសង្គមដោយលើកឡើងថាមន្ទីរពេទ្យធ្វេសប្រហែសក្នុងការបំបៅដោះកូន។ អ្នកនាងបានបញ្ជាក់ថា៖ “កូនប្រុសរបស់ខ្ញុំបានស្លាប់បាត់ហើយនេះមកពីការធ្វេសប្រហែសរបស់ខ្ញុំ ខ្ញុំជាម្ដាយទាំងមូល ខ្ញុំជាម្ដាយភ្លើបំផុត ខ្ញុំមិនចេះមើលកូន ខ្ញុំឲ្យពួកមីពេទ្យឆ្កួតបំបៅទឹកដោះគោកូនដល់ឈ្លក់ស្លាប់ នេះជាមេរៀនជីវិតដ៏ឈឺចាប់របស់ខ្ញុំ សូមបងប្អូនកុំទុកចិត្តអ្នកណាក្រៅពីខ្លួនឯងសោះ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ