អាបេ គ្រោង​ជជែក​ជាមួយ ​អូបាម៉ា និង ខាំមេរ៉ូន មុន​ជំនួប G7

(រូបភាពពី Reuters)

លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ិនសូ អាបេ គ្រោងជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ ខាំមេរ៉ូន នៅល្ងាចថ្ងៃពុធនេះនៅមុនជំនួបកំពូលមេដឹកនាំប្រទេស G7។

ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីប្រភពក្រសួងការបរទេសជប៉ុនបានរាយការណ៍ថា ប្រធានបទដែលនឹងត្រូវពិភាក្សារវាងលោក អាបេ និងលោក អូបាម៉ា មានការទប់ស្កាត់បទល្មើសបង្កឡើងដោយមនុស្សមកពីមូលដ្ឋានយោធាអាមេរិក បន្ទាប់ពីមានការចាប់ខ្លួនបុគ្គលិកអាមេរិកម្នាក់កាលពីសប្ដាហ៍មុនពាក់ព័ន្ធនឹងឃាតកម្មស្ត្រីជនជាតិជប៉ុនម្នាក់។

ពលរដ្ឋជប៉ុនជាច្រើននៅកោះអូគីណាវ៉ាខឹងសម្បារចំពោះការផ្ដល់ទីតាំងនេះឲ្យអាមេរិកធ្វើជាមូលដ្ឋានយោធានៅជប៉ុន។

លោក អូបាម៉ា ក៏គ្រោងទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃសុក្រខាងមុខផងដែរ បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូល G7។ ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដំបូងគេនៅលើពិភពលោក។

រដ្ឋាភិបាលទាំងពីរសង្ឃឹមថាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់លោក អូបាម៉ា នឹងបង្ហាញនូវសម្ព័ន្ធភាពដ៏រឹងមាំរវាងអតីតគូសត្រូវទាំងពីរ។

ក្ដីបារម្ភអំពីស្ថានភាពសេដ្ឋកិច្ចសកលនឹងក្លាយជារបៀបវារៈសំខាន់នៅឯជំនួប G7 បើទោះបីជាកិច្ចព្រមព្រៀងស្ដីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏ពេញលេញមួយហាក់ពិបាកកើតឡើងក៏ដោយ។

ប្រធានបទដទៃទៀតនៃជំនួបកំពូលនេះមានបញ្ហាភេរវកម្ម ជនភៀសខ្លួន ពាណិជ្ជកម្ម សុវត្ថិភាពប្រព័ន្ធអ៊ិនធឺណិត និងសន្តិសុខផ្លូវសមុទ្រ ក្នុងនោះមានសកម្មភាពគឃ្លើនរបស់ចិននៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយជប៉ុននិងបណ្ដាប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ