ប្រតិភូកូហ្វីអាណាន់ស្នើឲ្យមានការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតនៅកម្ពុជា

តំណាងប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់បានថ្លែងថា លោកចង់ឃើញការធានាពីអាជ្ញាធរកម្ពុជាក្នុងការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។

ការបោះឆ្នោតសកលនៅកម្ពុជាក្នុងឆ្នាំ២០១៣ ពុំបានប្រព្រឹត្តទៅដោយរលូនទាំងស្រុងនោះឡើយដោយរថយន្តសមត្ថកិច្ច២គ្រឿងត្រូវបានពលរដ្ឋដុតកម្ទេចចោលនៅចំថ្ងៃបោះឆ្នោតនៅសង្កាត់ស្ទឹងមានជ័យ ហើយមនុស្ស៧នាក់ត្រូវបានគេបាញ់សម្លាប់និងជាច្រើននាក់រងរបួសនៅក្នុងការតវ៉ាដ៏ធំៗដែលបានពាក់ព័ន្ធនឹងការបោះឆ្នោត។

ថ្លែងទៅកាន់អ្នកកាសែតនៅក្រោយជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនោះ លោក Alan Doss នាយកប្រតិបត្តិកិច្ចការបោះឆ្នោតនៃមូលនិធិកូហ្វីអាណាន់បាននិយាយថា តួនាទីរបស់ក្រសួងមហាផ្ទៃនៅក្នុងដំណើរការរៀបចំការបោះឆ្នោតត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបនោះ។

លោក Alan Doss បានបន្ថែមថាក្រសួងមហាផ្ទៃមានភារកិច្ចដ៏សំខាន់ក្នុងការការពារសណ្ដាប់ធ្នាប់និងធានាថា ពលរដ្ឋគ្រប់រូបជាពិសេសយុវជនទទួលបានអត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។

ឆ្លើយតបទៅកាន់ប្រតិភូអង្គការមូលនិធិកូហ្វីអាណាន់ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងមហាផ្ទៃមានភារកិច្ចបាននិងកំពុងធ្វើកិច្ចការដែលជាសមត្ថកិច្ចរបស់ខ្លួន ដើម្បីជ្រោមជ្រែងដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។

លោកបន្ថែមថា៖ «មុនការបោះឆ្នោតយើងមានបង្កើតជាគណកម្មការ មិនមែនតែក្រសួងមហាផ្ទៃទេ ជាសមត្ថកិច្ចរបស់រដ្ឋាភិបាលគឺបង្កើតគណកម្មការមកទទួលបន្ទុកសម្រាប់ការបោះឆ្នោតនិងតាំងពីមុនការបោះឆ្នោតដោយមានការចូលរួមពីស្ថាប័នសំខាន់ៗដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងសមត្ថកិច្ចសំខាន់ៗទាំងអស់មានអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ក៏ដូចជាមានតំណាងខាង NEC មានន័យថាការងារសន្តិសុខនេះមានការផ្សាភ្ជាប់ជិតស្និទ្ធណាស់រវាងក្រសួងមហាផ្ទៃ និង គ.ជ.ប ដើម្បីធានាឲ្យមានសន្តិសុខ ហើយអ្វីដែលជាបទពិសោធន៍របស់យើងដែលបានធ្វើតាំងពីមុនរហូតមកដល់ឥឡូវ ចំណុចសំខាន់គឺអំពើហិង្សាក្នុងពេលបោះឆ្នោតគឺបានថយចុះជាបន្តបន្ទាប់រហូតដល់ការបោះឆ្នោត២០១២-២០១៣នេះគ្មានអំពើរហិង្សា»។

ទោះជាយ៉ាងណា លោក Alan Doss មិនអាចនិយាយលម្អិតទៅកាន់សំនួរអ្នកសារព័ត៌មានពីករណីតុលាការឃុំខ្លួនលោក នី ចរិយា នោះថានឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតឬយ៉ាងណាទេ។ ប៉ុន្តែលោកថា អ្វីដែលសំខាន់លោកចង់ឃើញ គ.ជ.ប ធ្វើការងាររបស់ខ្លួនឯករាជ សុក្រិតភាព ត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើការបោះឆ្នោត៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ