មន្ត្រីបក្សប្រឆំាងម្នាក់ទៀតត្រូវបានចាប់ខ្លួនករណីប្រមូលស្នាមមេដៃ

មន្ដ្រីគណបក្សប្រឆាំងឲ្យដឹងថាមន្ត្រីរបស់ខ្លួនមួយរូបនៅខេត្ដកំពតត្រូវបានសមត្ថកិច្ចចាប់ ក្រោយពីចុះប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំ។

ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីមេប៉ុស្តិ៍រដ្ឋបាលឃុំត្រពំាងភ្លាំង ស្រុកឈូក ខេត្តកំពត បានហៅទូរស័ព្ទប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងទៅសាកសួរជុំវិញការប្រមូលស្នាមមេដៃពលរដ្ឋ ប៉ុន្តែមន្ត្រីរូបនោះមិនបានចូលទៅបំភ្លឺនោះទេ។

ជំទប់ទី១មកពីគណបក្សជំទាស់ នៅឃុំត្រពំាងភ្លាំង លោក សេន សូវ ប្រាប់VODនៅថ្ងៃពុធនេះថាកាលពីថ្ងៃអង្គារម្សិលមិញវេលាម៉ោងជិត៦ល្ងាច នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសហការជាមួយនគរបាលស្រុកឈូកបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំត្រពំាងភ្លាំងមកពីបក្សជំទាស់ លោក ដួង ថុន បញ្ជូនទៅស្នងការនគរបាលខេត្តកំពត ដោយពុំមានដីកាពីតុលាការនោះទេ។ លោកបន្តថា៖ ”អត់មានបង្ហាញដីកាចាប់ខ្លួនទេ គ្រាន់តែគេសួរនាំថាគាត់ទៅផ្តិតមេដៃមានប៉ុន្មាននាក់។ ថាបាន៦នាក់ ផ្ទះណាខ្លះ អានចប់ហើយថាមានបង្ខំគេអត់ ថាអត់ទេ គេមើលន័យហ្នឹងហើយ គេយល់ព្រម គេផ្តិត [មេដៃ] ហើយគេសរសេរកំណត់ហេតុចប់ហើយគេឲ្យផ្តិតមេដៃ គេរុញចូលឡានទៅតែម្តង”។

VODមិនទាន់សុំការបំភ្លឺពីស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទេដោយលោកថាជាប់រវល់ប្រជុំ។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងបានដែរ។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូខេត្តកំពត លោក យន់ ផល្លី យល់ថាការចាប់ខ្លួនមន្ត្រីបក្សប្រឆំាងនេះ ជាការគំរាមមិនឲ្យមន្ត្រីរូបនោះនិងមន្ត្រីបក្សប្រឆំាងផ្សេងទៀតបន្តប្រមូលស្នាមមេដៃទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា បើការចាប់ខ្លួនមន្ត្រីបក្សប្រឆំាងមិនមានដីកាទេគឺអាជ្ញាធររំលោភច្បាប់៖ ”ខ្ញុំយល់ថា បើការឃាត់ខ្លួនដោយពុំមានដីកាពីតុលាការ វាជារឿងខុសច្បាប់ ធម្មតាការឃាត់ខ្លួនឬក៏ការចាប់ខ្លួននៅបទល្មើសណាមួយដរាបណាមានដីកា ប៉ុន្តែបើសិនជាបទល្មើសជាក់ស្តែង យើងអាចធ្វើការនាំឬក៏អាចធ្វើការសាកសួរបាន ប៉ុន្តែនេះវាដូចជាមិនមែនជាបទល្មើសណាមួយដែលជាក់ស្តែងនៅការឃាត់”។

កាលពីថ្ងៃទី១៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនរយៈពេលខ្លីលើសកម្មជនគណបក្សសង្រ្គោះជាតិពីររូប ឈ្មោះ លាញ់ លៀង និង ប៉ុន សុវណ្ណារ៉ា ដែលរស់នៅភូមិឬស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសទបលង្ល័ង ខេត្ដកំពង់ធំ ខណៈពួកគេប្រមូលស្នាមមេដៃយកទៅថ្វាយព្រះមហាក្សត្រទាមទារឲ្យដោះលែងអ្នកនយោយបាយ និងមន្ដ្រីសិទ្ធិមនុស្ស។

កាលពីថ្ងៃទី២៨ខែមេសាកន្លងមកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ៥៣រូបក្នុងចំណោម៥៥រូបបានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

បន្ថែមពីនេះទៀតគណបក្សសង្គ្រោះជាតិឲ្យដឹងថាខ្លួនក៏បានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យជួយអន្តរាគមន៍ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែលកំពុងឡើងកម្តៅនេះផងដែរ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងថាគណបក្សប្រឆំាងបានបោកប្រាស់ព្រះមហាក្សត្រពីស្ថានការណ៍នយោបាយនៅពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ