លិខិតមិត្តអ្នកអាន៖ មន្ត្រីរាជការក្លាហាន

មន្ត្រីរាជការជាបុគ្គលិក ដែលបានចូលបម្រើការងាររដ្ឋតាមរយៈការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ។ មន្ត្រីរាជការបម្រើការនៅគ្រប់ក្រសួងស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ មន្ត្រីរាជការមានច្រើន​ឋានានុក្រម​ដោយឋានានុក្រមនេះ ត្រូវបានរៀបចំរចនាសម្ព័ន្ធទៅតាម ក្រសួង មន្ទីរ និងការិយាល័យ។

នៅតាមក្រសួង មន្ទីរ និងការិយាល័យនីមួយៗ មានរៀបចំរចនាសម្ព័ន្ធ ដូចជា ប្រធាន អនុប្រធាន លេខាធិការ​ និងសល់ពីនេះជាសមាជិកធម្មតា។ ការជ្រើសរើសតែងតាំងប្រធាន អនុប្រធាន ច្រើនធ្វើ​ឡើង​​តាមខ្សែបក្សនយោបាយ និងបរិមាណសំណែន។ ពេលបានទទួលឋានៈ ប្រធាន អនុប្រធាន ច្រើន​តែខិតខំ យកចិត្តចៅហ្វាយនាយថ្នាក់លើ ដូចជានៅថ្នាក់ការិយាល័យអនុប្រធាន យកចិត្តប្រធាន ប្រធានការិយាល័យយកចិត្ត អនុប្រធាននិងប្រធានមន្ទីរ អនុប្រធាន​និងប្រធានមន្ទីរ​ខំយកចិត្ត​រដ្ឋមន្ត្រី​នៅថ្នាក់ក្រសួងបន្តៗគ្នាទៅតាមឋានានុក្រមអ្នកមានឋានៈហើយពួកគាត់មិនសូវបានគិតគូរពីបុគ្គលិកថ្នាក់ក្រោមរបស់ខ្លួនទេ។

ប៉ុន្តែបើពេលគេត្រូវការថវិការ ឬ ជំនួយផ្សេងៗ គេមិនដែលភ្លេចពួកមន្ត្រីថ្នាក់ក្រោមឡើយ។ ជាក់ស្តែង​រៀងរាល់​ខែប្រធាន ឬអនុប្រធានតែងរៃអង្គាសប្រាក់ជួយទ្រទ្រង់បក្សនិង កាកបាទក្រហមជាប្រចាំ និង​រាល់​ពេលបោះឆ្នោតពួកលោកប្រធានតែងទាមទារយក លេខអត្តសញ្ញាណបណ្ណ លេខការិយាល័យ បោះឆ្នោត និងលេខរៀងបោះឆ្នោតរបស់បុគ្គលិកថ្នាក់ក្រោម ទោះបីពួកគាត់មិនពេញចិត្តក៏ដោយ។ យកបានអត្ថសញ្ញាណបោះឆ្នោតអ្នកណាម្នាក់គេកត់ត្រា និងធ្វើរបាយការណ៍​ថា​ជា​អ្នកគាំទ្របក្សគេហើយ។ ទម្លាប់អាក្រក់នេះ ហាក់ដូចជាកើតមាននៅគ្រប់ក្រសួង​ស្ថាប័នរបស់​រដ្ឋចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។

តាមពិតទៅ នៅក្នុងអង្គភាពណាក៏ដោយបុគ្គលិក តែងមាននិន្នាការនោយោបាយផ្សេងៗពីគ្នា ពួកគាត់មិន​ប្រកែកតវ៉ា ពីព្រោះពួកគាត់ចង់រក្សាភាពស្ងៀមស្ងាត់និងភាពថ្លៃថ្នូរដល់អង្គភាព ពួកគាត់​ក៏ជាមនុស្សដែលពោពេញដោយចំណេះដឹង និងមនសិការ។ ពួកគាត់មានឆន្ទៈមុះមុតក្នុងការ សម្រេចចិត្តដោយខ្លួនឯងមិនចាំបាច់មានអ្នកណាម្នាក់មកដាក់សម្ពាធ ឬគម្រាមពួកគាត់ឡើយ។ ពួកគាត់បានត្រៀមចិត្តត្រៀមកាយដោយភាពក្លាហាន និងមានការទទួលខុស​ត្រូវខ្ពស់​ក្នុងការ​បោះឆ្នោត​​ជ្រើសរើសមេឃុំដែលគាត់ពេញចិត្តរួចស្រេចទៅហើយ។

ប្រសិនបើមាន អ្នកណាម្នាក់នៅមានការភ័យខ្លាចចំពោះការយកអត្តសញ្ញាណបោះឆ្នោតសូមគិត ដល់ឧត្តមគតិដើមរបស់ខ្លួននិងស្រមៃដល់ទិដ្ឋភាពបន្ទប់បោះឆ្នោត នៅក្នុងបន្ទប់បោះឆ្នោតគ្មាន អ្នកណាក្រៅពីខ្លួនយើងឡើយ។ ដូច្នេះមិនបាច់ភ័យព្រួយខ្លាចគេដឹងនោះទេ។​សូមក្លាហានទាំងអស់គ្នាឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ