លោក ហ៊ុន សែន ថាបើផ្ទេរអំណាច គឺផ្ទេរឲ្យកូនចៅលោក មិនមែនបក្សប្រឆាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្ដ្រីកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំមកនោះ នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា បើមានការផ្ទេរអំណាច គឺមានតែផ្ទេរឲ្យទៅកូនចៅនៃគណបក្សរបស់លោក មិនមែនផ្ទេរឲ្យទៅគណបក្សប្រឆាំងនោះទេ។

ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រីស្ទបរិស័ទនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ សែន ក្រៅតែពីព្រមានមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសថា បើសិនកម្ពុជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលមែននោះ លោកថា គឺមានតែកូនចៅគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ជាអ្នកគួរដឹកនាំប្រទេសបន្ដ មិនមែនគណបក្សប្រឆាំងនោះទេ។

លោកថ្លែងថា៖ «អ្នកឯងថាខ្ញុំក្រាញអំណាច តែខ្ញុំបន្តអំណាចទេ ប៉ុន្តែអ្នកឯងទេដែលមកដណ្តើមអំណាចគណបក្សប្រជាជនបន្តការអភិវឌ្ឍនិងសន្តិភាព។ កុំសង្ឃឹមថាបានទៅលើអ្នកឯងឲ្យសោះ។ បើគេផ្ទេរ គឺផ្ទេរឲ្យ កូនទេវត្តាហើយ ហើយគណបក្សប្រជាជន ក៏នឹងផ្ទេរទៅឲ្យមនុស្សជំនាន់ក្រោយរបស់បក្សដែរ»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងប្រសាសន៍របស់លោក ហ៊ុន សែន ទេ ដោយលោកអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឃុំសង្កាត់ ដើម្បីផ្លាស់ប្តូរមេដឹកនាំថ្មី ទើបធ្វើឲ្យសង្គមជាតិមានសន្តិភាព។

សាស្ដ្រាចារ្យនយោបាយលោក​ សូរ ចន្ថា យល់ថា​ ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ជាទស្សនៈហួសសម័យ ដោយថា ក្នុងសង្គមប្រជាធិបតេយ្យ បណ្ដាគណបក្សអាចចូលរួមការបោះឆ្នោតដោយស្មើភាព ដើម្បីប្រកួតប្រជែង ទៅដឹកនាំរដ្ឋាភិបាល ពោលគឺមិនមែនផ្ទេរអំណាចបន្ដទៅកូនចៅនោះទេ។

លោកថា អ្នកនយោបាយនៅកម្ពុជា គួរគោរពឆន្ទៈ និងការចង់បានរបស់ពលរដ្ឋ ទើបជាការល្អសម្រាប់ប្រទេសជាតិទាំងមូល។

លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ដ្រីជាលើកដំបូងចាប់ពីឆ្នាំ១៩៨៥ ដល់១៩៩១។ ប៉ុន្ដែនៅចន្លោះឆ្នាំ១៩៩៣ និង១៩៩៨ លោកបានកាន់តួនាទីជានាយករដ្ឋមន្ត្រីទី២ ក្នុងរដ្ឋាភិបាលចម្រុះនីតិកាលទី១ ដោយកាលណោះគណបក្សប្រជាជនចាញ់​ឆ្នោតតែលោក ហ៊ុន សែន មិនព្រមប្រគល់អំណាចទាំងស្រុងទៅឲ្យគណបក្សរាជានិយមនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ