គ.ជ.ប បានអំពាវនាវទៅគ្រប់ម្ចាស់សហគ្រាស និងគ្រឹះស្ថានទូទំាងប្រទេស ជួយសម្រួលឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោតឃុំ សង្កាត់ នៅដើមខែមិថុនា ខណៈដែលការទាមទារឲ្យមានថ្ងៃឈប់សម្រាករបស់សហជីពការងារមិនត្រូវបានឆ្លើយតប។
ក្នុងសេចក្តីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី២៤ខែឧសភា មានខ្លឹមសារថា ដើម្បីឲ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គ.ជ.ប អំពាវនាវទៅម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទំាងអស់ក្នុងប្រទេសកម្ពុជា ជួយសម្រួល បង្កលក្ខណៈងាយស្រួលនិងអនុញាតឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
ករណីនេះ គ.ជ.ប សង្ឃឹមថា ម្ចាស់សហគ្រាសខាងលើនិងជួយសម្រួលឲ្យនិយោជិត កម្មករ-កម្មការិនី ទំាងអស់ បានទៅបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤មិថុនាខាងមុខនេះ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមលើខ្លឹមសារសេចក្តីអំពាវនាវនេះថា កាលពីពេលថ្មីៗ គជប បានបញ្ជូនអ្នកច្បាប់ទៅជួបមន្ត្រីក្រសួងការងារ ដើម្បីជជែកពីការផ្តល់ថ្ងៃឈប់សម្រាក សម្រាប់និយោជិត កម្មករ-កម្មការិនី នៅថ្ងៃទី៣ និងថ្ងៃទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែរ ប៉ុន្តែក្រសួងការងារមិនទាន់ឆ្លើយតប ទើប គ.ជ.ប ចេញសេចក្តីអំពាវនាវបែបនេះ។
លោកនិយាយថា «គ.ជ.ប បានបញ្ជូនអ្នកជំនាញច្បាប់ទៅពិគ្រោះជាមួយក្រសួង[ការងារ]រួចហើយ ហើយខាងក្រសួងលោកជាប់រវល់អស់ហើយ ប៉ុន្តែលោកយោងទៅលើស្មារតីដើម មកជម្រាបខាង គ.ជ.ប វិញ ហើយស្មារតីដើមនេះ ខាងក្រសួងការងារ ការចុះឈ្មោះក៏អត់បានធ្វើសេចក្តីអំពាវនាវឬជូនដំណឹង សម្រាប់បោះឆ្នោត ការងារហ្នឹងក៏អត់មានធ្វើជាសេចក្តីអំពាវនាវណាមួយដែរ គ.ជ.ប សម្រេចិត្តធ្វើសេចក្តីអំពាវនាវដូចដែលបានឃើញ»។
VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ យល់ថា បើ គ.ជ.ប និងក្រសួងការងារមិនសហការគ្នាឲ្យមានថ្ងៃឈប់សម្រាកដល់កម្មករនៅថ្ងៃទី៣ និងទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតទេ លោកថានឹងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កម្មករ និងលទ្ធផលបោះឆ្នោតខាងមុខ។
លោកនិយាយថា «ជាការពិតរដ្ឋមន្ត្រីក្រសួងការងារ ដូចជា គ.ជ.ប គួរតែចេញលិខិតបញ្ជាក់ឲ្យបានច្បាស់លាស់ទៅ ដើម្បីឲ្យខាងក្រុមហ៊ុនគេ អនុញាតច្បាប់ បើអត់បញ្ជាក់ឲ្យច្បាស់ទេ គឺមានបញ្ហាហើយ ខាងប្រយោជន៍កម្មតែម្តង ហើយអ្នកធ្វើការ ហើយខាតប្រយោជន៍ទីពីរ អាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត»។
កាលពីថ្ងៃទី៩ ឧសភា ២០១៧ សហភាពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួលចំនួនពីរថ្ងៃបន្ថែមទៀត គឺថ្ងៃទី៣និងទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា ២០១៧៕