គ.ជ.ប អំពាវនាវឲ្យម្ចាស់បំណុលប្រគល់អត្តសញ្ញាណប័ណ្ណឲ្យពលរដ្ឋវិញ

អត្តសញ្ញាណប័ណ្ណ

គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករជនបទទាំងអស់ ប្រគល់អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោតខាងមុខនេះ។

ការអំពាវនាវរបស់គជបនេះគឺដូចគ្នានឹងការអំពាវនាវរបស់ធនាគារជាតិដែរ។ ប៉ុន្តែធនាគារជាតិបានព្រមានដកហូត ​​អាជ្ញាប័ណ្ណ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករឥណទានជនបទទាំងឡាយណាដែលនៅបន្តយកអត្តសញ្ញណប័ណ្ណឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់ពីពលរដ្ឋសម្រាប់ធានាលើការផ្ដល់កម្ចី។

ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧  គ.ជ.ប ឲ្យដឹងថា ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិ បោះឆ្នោត គណៈកម្មការជាតិរៀបចំការបោះឆ្នោត អំពាវនាវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសហប្រតិបត្តិករប្រគល់អត្តសញ្ញណប័ណ្ណឲ្យពលរដ្ឋវិញដើម្បីបានទៅបោះឆ្នោត។

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ហួត អៀងតុង មានប្រសាសន៍ថា លោកមិនមានតួលេខពីចំនួនប្រជាពលរដ្ឋប៉ុន្មានម៉ឺននាក់ យកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំនោះទេ ដោយសារ លោកមិនមានសិទ្ធិក្នុងការត្រួតពិនិត្យចំនួនទិន្និន័យនេះទេ គឺមានតែធនាគារជាតិប៉ុណ្ណោះទើបអាចដឹង។

បើតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពលរដ្ឋដែលមានឈ្មោះបោះឆ្នោតប្រមាណ៣០ម៉ឺននាក់ មិនមានអត្តសញ្ញាណប័ណ្ណ ដោយសារ ពួកគេយកអត្តសញ្ញណប័ណ្ណទៅដាក់បញ្ចាំដើម្បីខ្ចីប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច លោក សំ គន្ធាមី យល់ថា ការអំពាវនាវរបស់ គ.ជ.ប ហាក់ដូចជាយឺតពេលបន្តិច ដោយសារ ជិតដល់ថ្ងៃបោះឆ្នោតហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ