ក្លឹបអ្នកសារព័ត៌មានអន្ដរជាតិមួយថ្កោលទោសលោក ខៀវ កាញារីទ្ធ ថាគំរាមអ្នកកាសែត

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពីពេលកន្លងទៅ

ក្លឹបអ្នកសារព័ត៌មានអន្ដរជាតិមួយ បានចេញលិខិតថ្កោលទោសរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដោយថា ជាការបំភិតបំភ័យលើអ្នកសារព័ត៌មាន បន្ទាប់ពីរដ្ឋមន្ដ្រីរូបនោះ បានបង្ហោះឯកសារមួយចំនួនលើគណីយហ្វេសប៊ុកផ្ទាល់ខ្លួន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ក្លឹបអ្នកសារព័ត៌កម្ពុជានៅក្រៅប្រទេស (Overseas Press Club of Cambodia) បានថ្កោលទោសរដ្ឋមន្ដ្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដោយថា បានគំរាមកំហែងអ្នកសារព័ត៌មានខេមបូឌាដេលីម្នាក់ឈ្មោះ Zsombor Peter ។

បើតាមសេចក្ដីប្រកាស ក្លឹបអ្នកសារព័ត៌កម្ពុជានៅក្រៅប្រទេសអះអាងថា កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ម្សិលមិញ លោក ខៀវ កាញារីទ្ធ បានបង្ហោះលើគណីយហ្វេសប៊ុកផ្ទាល់ខ្លួន នូវលិខិតឆ្លងដែន របស់អ្នកសារព័ត៌មានខេមបូឌាដេលី លោក Zsombor Peter ដោយលោកថែមទាំងបានសរសេរបញ្ជាក់ថា «អ្នកកាសែតទាំងអស់រៀនច្បាប់បោះឆ្នោត​ និង​ក្រមសីលធម៌ក្នុងពេលបោះឆ្នោតអោយបានខ្ជាប់ខ្ជួន​ ចៀសវាងការចោទប្រកាន់នានា»។

ក្លឹបអ្នកសារព័ត៌កម្ពុជានៅក្រៅប្រទេសលើកឡើងទៀតថា ការបង្ហោះលើហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ គឺបន្ទាប់ពីមានការចោទប្រកាន់ពីមេឃុំម្នាក់នៅខេត្តរតនគីរី គឺ លោក យួត រម៉ាម ដែលចោទអ្នកសារព័ត៌មានខេមបូឌាដេលីលោក Zsombor Peter រួមទាំងលោក អូន ភាព ថាបាន​ចោទ​ជាសំណួរមិនសមរម្យ និងបំពានច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

VOD មិនអាចទាក់ទងសុំការបំភ្លឺពីរដ្ឋមន្ដ្រីក្រសួងព័ត៌មានបានទេ។​

អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង​ ប្រាប់វីអូឌីកាលពីល្ងាចម្សិលមិញថា លោកសុំមិនធ្វើអត្ថាធិប្បាយជុំវិញការបង្ហោះលិខិតឆ្លងដែនរបស់អ្នកសារព័ត៌មានខេមបូឌាដេលី ដោយលោក ខៀវ កាញារីទ្ធ នោះទេ។ ប៉ុន្ដែលោកថា ចំពោះការសរសេរលើបណ្ដាញហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ នោះ គឺជាការដាស់តឿនមួយ ឲ្យអ្នកសារព័ត៌មានទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ប៉ុណ្ណោះ។

ក្លឹបអ្នកសារព័ត៌កម្ពុជានៅក្រៅប្រទេស ចាត់ទុកការបង្ហោះអត្ដសញ្ញាណអ្នកសារព័ត៌មាន លើបណ្ដាញសង្គមដូចនេះថា មិនត្រឹមត្រូវ និងទទូចឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការលុបចោលការបង្ហោះលើបណ្ដាញសង្គមបែបនេះជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ