លោក ឌូទើតេ ត្រៀមដាក់ច្បាប់សឹកទូទាំងប្រទេសរៀបចំ​ធ្វើសង្គ្រាមជាមួយពួកIS

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា ច្បាប់សឹកដែលចាប់ផ្តើមអនុវត្តន៍នៅកោះមិនដាណាវ អាចនឹងពង្រីកដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស នៅពេលដែលសង្គ្រាមនៅភាគខាងត្បូងផ្ទុះឡើងជាមួយក្រុមបះបោរផ្តាច់ខ្លួន​មានទំនាក់ទំនងជាមួយពួកIS។​

លោក ឌូទើតេ ថ្លែងថា ក្រុមបះបោរបានកាត់ក្បាលនគរបាលម្នាក់​នៅកោះភាគខាងត្បូង ខណៈនគរបាលបីនាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនជាមួយគ្នានោះក៏មានសេចក្តីរាយការណ៍ថាបានស្លាប់ហើយ។​ នេះបើតាមការចុះផ្សាយរបស់BBC។​

កាលពីថ្ងៃអង្គារ ហ្វីលីពីន​បានដាក់ចេញច្បាប់សឹក នៅលើកោះមីនដាណាវ ជាកោះធំមួយនៅភាគខាងត្បូង មានកោះតូចៗទៀតចំណុះឲ្យ ហើយពេលនេះ ក្រុមបះបោរកំពុងបើកការវាយប្រហារនៅទីនោះជាមួយកម្លាំងទាហានរបស់រដ្ឋ។​ ក្រុមបះបោរទាំងនោះ ត្រូវបានគេដឹងថា មានការជួយគាំទ្រ និង សហការពីខ្សែបណ្តាញរបស់ពួកក្រុមIS។​

មនុស្សជាច្រើនពាន់នាក់​បានរត់គេចចេញ បន្ទាប់ពីក្រុមបះបោរវាយប្រហារចូលក្នុងទីក្រុង Marawi ហើយចាប់មនុស្សធ្វើចំណាត់ខ្មាំងនៅទីនោះ។​

លោក ឌូទើតេ ថ្លែងថា លោកមិនស្ទាក់ស្ទើរក្នុងការធ្វើអ្វីៗទាំងអស់ និង គ្រប់ពេលវេលា ដើម្បីការពារប្រជាពលរដ្ឋហ្វីលីពីននៅទូទាំងប្រទេស។ លោក​ថា លោក​អាចនឹងប្រកាសច្បាប់សឹកនៅទូទាំងប្រទេសដើម្បីការពារប្រជាពលរដ្ឋ។​

ច្បាប់សឹកគឺជាវិធានការរបស់រដ្ឋាភិបាលពេលប្រទេសមានអសន្តិសុខ ហើយត្រូវព្យួរច្បាប់ផ្សេងៗផ្តល់អំណាចលើសលប់ឲ្យពួកយោធារួមទាំងការសម្លាប់មនុស្សដោយមិនឆ្លងកាត់ការសវនាការជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ