ថៃ​ចាប់​ខ្លួនជន​ជាតិ​ខ្មែរ​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ជាង​១០នាក់​ទៀត

រដ្ឋាភិបាលកម្ពុជា​ថាអាជ្ញាធរ​​ថៃ​បាន​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ដែល​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់​នៅ​ថៃ​ជាង​១០នាក់​បន្ថែម​ទៀត បន្ទាប់​ពី​ចាប់​បាន​ជិត​២០នាក់​កាលពី​សប្តាហ៍​មុន។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី២៤ ឧសភា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២២ ឧសភា ​អាជ្ញា​ធរ​នៃ​ប្រទេស​ថៃក្នុង​ខេត្ត​សាកែវ​បាន​ចាប់​ឃាត់​ខ្លួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​កាប់​ឈើ​គ្រញូង​ចំនួន​១៦នាក់​ ដែល​មាន​អាយុ​ចាប់​ពី​១៦ ទៅ​ដល់​៥៥ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង។

ក្រសួង​បាន​ឲ្យ​ដឹង​បន្ថែម​ថា​បន្ទាប់​ពី​ឃាត់​ខ្លួន​រួម​ជាមួ​យ​ភស្ភុតាងដែល​មាន​ដូច​ជា រណាយន្ត កាំ​ភ្លើង និងទូរស័ព្ទ យក​ទៅ​សាក​សួរ​រួច​ អ្នក​ទាំង​១៦​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ពន្ធនាគារ​ខេត្ត​សាកែ​វ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។ ហើយ​បើ​តាម​ការ​ជូន​ព័ត៌មាន​ពី​អាជ្ញាធរ​ថៃ​ សំណុំ​រឿង​នេះ​អាច​មា​ន​ស្ថាន​ទម្ងន់​ទោស​ ដោយ​សារ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កាំភ្លើង។

ទោះ​ជាយ៉ាង​ណា​នាពេល​នេះ​ស្ថាន​អគ្គកុង​ស៊ុល​ខ្មែរ​ កំពុងធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​រក​មេធាវី​ស្ម័គ្រ​ចិត្ត​ឲ្យ​ជួយ​ការ​ពារ​ពួក​គេ​នៅ​ពេល​ឡើង​តុលាការ​ផង​ដែរ។

គួរ​រំលឹក​ថា កាលពី​សប្តាហ៍​មុន​ អាជ្ញាធរ​ប្រទេស​ថៃក៏បាន​ចាប់​​ខ្លួន​ពល​រដ្ឋ​ខ្មែរចំនួន​១៩នាក់​ផង​ដែរ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចូល​ទៅ​កាប់​ឈើ​ខុសច្បាប់នេះ ដែល​សរុប​ទាំង​ពីរ​លើក​នេះ​មាន​ប្រជាពល​ខ្មែរ​៣៥នាក់​ហើយ​ដែលត្រូវ​ថៃ​បញ្ជូន​ទៅ​តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ