កម្ពុជាបើកទូលាយឲ្យទទួលលុយយន់ពីអ្នកទេសចរចិន

ក្រសួងទេសចរណ៍នៅពេលថ្មីៗនេះបានចេញគោលការណ៍លើកទឹកចិត្តឲ្យមានការទទួលលុយយន់ពីអ្នកទេសចរជាលក្ខណៈពេញលេញចាប់ពីពេលនេះ ដោយក្រសួងអះអាងថាគោលការណ៍ថ្មីនេះនឹងអាចទាក់ទាញអ្នកទេសចរចិនមកកម្ពុជាកាន់តែច្រើន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអ្នកនាំពាក្យលោក ទិត ចន្ថា មានប្រសាសន៍ប្រាប់វីអូឌីតាមរយៈទូរស័ព្ទថាគោលការណ៍លើកទឹកចិត្តឲ្យទទួលលុយយន់ពីអ្នកទេសចរនេះត្រូវបានសម្រេចក្នុងសន្និសីទកម្ពុជា-ចិន កាលពីខែមុនរបស់ក្រសួងទេសចរណ៍កម្ពុជានៅក្នុងវេទិកាមួយហៅថា China Ready។ លោកយល់ថាវាមិនមានការលំបាកក្នុងការបញ្រ្ជាបការយល់ដឹងអំពីគោលការណ៍នេះទៅកាន់ប្រជាជនខ្មែរនោះទេ ដោយលោកជឿជាក់ថាការចាយលុយយន់មិនខុសពីការចាយលុយដុល្លារអាមេរិកនោះទេ។

លោកនិយាយថា៖ បានផលចំនេញគឺទីមួយទេសចរណ៍ចិនមកច្រើន ការប្រើប្រាស់ចរាចរណ៍ ដូចយើងចាយលុយដុល្លារអាមេរិកចឹង រាល់ថ្ងៃយើងមិនចាយលុយដុល្លារអាមេរិកបាន អញ្ចឹងលុយផ្សេងៗក៏បានដែរមានអី ដូច្នេះហើយលុយហ្នឹងគេចាត់ទុកជារូបិយប័ណ្ណមួយដែរ។ យើងអាចប្រើប្រាស់បានដែរដើម្បីជំរុញលើកទឹកចិត្តទេសចរណ៍ ការប្រើប្រាស់សម្រួលដល់ការចរាចរណ៍ ការប្រើប្រាស់ហ្នឹងវាមានភាពងាយស្រួលជាង

អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចលោក ចាន់ សុផល សាទរចំពោះការបើកទូលាយឲ្យចាយលុយយន់នៅកម្ពុជា ដោយលោកគិតថាវាផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ច។ លោកថាលុយយន់របស់ចិនមានតម្លៃមួយគួរឲ្យទុកចិត្ត ព្រោះចិនជាមហាអំណាចផ្នែកសេដ្ឋកិច្ចមួយបន្ទាប់ពីអាមេរិក ហើយជាប្រទេសមានប្រាក់សន្សំច្រើននៅក្រៅប្រទេស។ ទោះជាយ៉ាងនេះក្តី លោកនៅមិនទាន់ហ៊ានអះអាងថាលុយយន់របស់ចិននឹងអាចចរាចរណ៍បានទូលំទូលាយនោះទេ។

លោកនិយាយថា៖ ធម្មតាដូចនៅប្រទេសយើងចឹង យើងចរាចរណ៍ប្រាក់ដុល្លាររួចទៅហើយ ហើយខ្លះក៏ទទួលប្រាក់ថៃ ប្រាក់បាត ប្រាក់វៀតណាម ហើយប្រាក់យន់នេះក៏ថាវាចរាចរណ៍មិនខុសពីប្រាក់វៀតណាម ប្រាក់បាតថៃអីដែរទេ តាមខ្ញុំយល់ ហើយយើងក៏មិនអាចបង្ខំប្រជាពលរដ្ឋឲ្យកាន់ដែរ វាអាស្រ័យលើការស្ម័គ្រចិត្ត ប្រហែលជាគេចង់ជម្រុញឲ្យចរាចរណ៍ទូលំទូលាយជាងមុន

អ្នកទទួលភ្ញៀវនៃសណ្ឋាគារអង្គរសាហ្វៀរ ខេត្តសៀមរាប កញ្ញា សុខ ខេមរី ប្រាប់អ្នកសារពត៌មានវីអូឌីថាការបើកឲ្យចាយលុយយន់នេះជាការជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជាច្រើនដោយមិនចាំបាច់ពិបាកក្នុងការដូរលុយ។ ទោះជាយ៉ាងណា បើតាមគំនិតកញ្ញាផ្ទាល់ កញ្ញាយល់ឃើញថាការចាយលុយខ្មែរជាការប្រសើរជាង។

កញ្ញាយល់ថា៖ សម្រាប់យើង យើងខ្មែរអញ្ចឹងយើងគួរតែចាយលុយខ្មែរល្អជាង តែធម្មតាគាត់ជនជាតិគេ ដល់ពេលគាត់ម៉ោអញ្ចឹងទៅគាត់តែងតែមានលុយរបស់គាត់អីអញ្ចឹងទៅណាបងក្នុងខ្លួន ហើយណាមួយលុយគាត់ចាយបានថ្លៃ

គួរបញ្ជាក់ថាប្រទេសចិនគឺជាប្រទេសម្ចាស់ជំនួយនិងកម្ចីធំជាងគេរបស់កម្ពុជា ហើយកាលពីថ្ងៃទី១៥ ខែកក្កដា ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងចិន នាយករដ្ឋមន្រ្តីចិនបានប្រកាសផ្តល់ជំនួនឥតសំណង៦០០លានដុល្លារមកកាន់កម្ពុជា ខណៈដែលអ្នកវិភាគយល់ឃើញថាជំនួយរបស់ចិនមិនសូវមានតម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ