ចិន​ថាខែល​ការពារ​មីស៊ីល​នៅ​កូរ៉េ​ខាង​ត្បូង​បំផ្លាញ​ទំនុក​ចិត្តក្រុង​ប៉េកាំងនិង​​ក្រុង​សេអ៊ូល

(រូបភាពពី Reuters)

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានរិះគន់ចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូងក្នុងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលរបស់អាមេរិក ដើម្បីទប់ទល់ទៅនឹងការគំរាមកំហែងពីកូរ៉េខាងជើង ដោយចិននិយាយថាវាធ្វើឲ្យអន្តរាយដល់មូលដ្ឋាននៃទំនុកចិត្តនឹងគ្នា។ នេះដោយយោងតាមការទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង។

កាលពីថ្ងៃអាទិត្យម្សិលមិញលោក វ៉ាង យី បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក យ៉ុន ព្យុង នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឯទីក្រុងវៀងចន្ទន៍។

ទីភ្នាក់ងារព័ត៌មាន Yonhab របស់កូរ៉េខាងត្បូងបានរាយការណ៍ថា បន្ទាប់ពីជំនួបនោះលោក យ៉ុន ព្យុង បានថ្លែងថាលោក វ៉ាង យី បាននិយាយថាការសម្រេចចិត្តរបស់កូរ៉េខាងត្បូងបានធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរ។

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្មីៗនេះថាពួកគេនឹងដាក់ពង្រាយខែលការពារមីស៊ីល ដែលធ្វើឲ្យប្រទេសចិនប្រតិកម្មយ៉ាងខ្លាំងក្លា ដោយនិយាយថាវានឹងធ្វើឲ្យសន្តិសុខតំបន់មានអស្ថិរភាព។

ការសម្រេចចិត្តនេះគឺជាជំហានថ្មីបំផុតសម្រាប់ទប់ទល់ទៅនឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់កូរ៉េខាងជើង ប៉ុន្តែចិនព្រួយបារម្ភថាប្រព័ន្ធរ៉ាដានោះអាចនឹងតាមដានសមត្ថភាពយោធារបស់ខ្លួន ហើយប្រទេសរុស្ស៊ីក៏ជំទាស់នឹងការដាក់ពង្រាយនេះដែរ។

លោក យ៉ុន បានឆ្លើយតបទៅលោក វ៉ាង វិញថាការដាក់ពង្រាយខែលការពារមីស៊ីលនេះមានបំណងការពារសន្តិសុខកូរ៉េខាងត្បូង ហើយវានឹងមិនប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខចិននោះឡើយ។

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបាននិយាយថាប្រព័ន្ធប្រឆាំងមីស៊ីលនឹងយកទៅប្រើប្រាស់សម្រាប់ទប់ទល់នឹងគ្រាប់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។

កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ ហើយកាលពីសប្ដាហ៍មុន នៅពេលខ្លួនបាញ់គ្រាប់មីស៊ីល៣ដើមទៀតនោះ កូរ៉េខាងជើងនិយាយថានោះគឺជាការតេស្តសាកល្បងវាយប្រហារទៅលើកំពង់ផែកូរ៉េខាងត្បូងនិងព្រលានយន្តហោះប្រើប្រាស់ដោយយោធាអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ