សេក គឹម​រួន និង​កីឡាករថៃបែករយះរៀង​ខ្លួន​ក្រោយ​​​​ឈ្នះ​ចាញ់

កីឡាករថៃឈ្មោះ Kolap Dam (ឆ្វេង) និងកីឡាករជើងខ្លាំងខ្មែរ សេក គឹមរួន (ស្តាំ)

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់កីឡាករជើងខ្លាំង សេក គឹមរួន ដែលគេស្គាល់ជាកីឡាករល្អម្នាក់ត្រូវបានកីឡាករថៃឈ្មោះ Kolap Dam វាយឲ្យចាញ់នៅលើសង្វៀន។ នេះជាការប៉ះគ្នាលើកទី១របស់ពួកគេ ហើយការប្រកួតរបស់គូនេះក៏បន្សល់នូវស្នាមបែករយះធំៗរៀងខ្លួន។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះត្រូវគេកត់សម្កាល់មានការផ្ដោតការចាប់អារម្មណ៍ចំពោះគូនេះជាងគេ ដោយសារតែកីឡាករម្ខាងៗសុទ្ធតែមានសភាពបែកឈាម។

តាំងពីទឹកទី២ កីឡាករទាំងពីរត្រូវបែករយះរៀងខ្លួនតែម្ដង ដោយកីឡាករកម្ពុជា សេក គឹមរួន បែករយះត្រង់ម្ដុំសៀតផ្កាខាងស្ដាំ ហើយកីឡាករថៃបែករយះត្រង់តំបន់នោះដូចគ្នា ហើយស្នាមបែកមានសភាពដូចគ្នា។ សភាពហូរឈាមត្រូវគេឃើញបាញ់ចេញដូចគេបាចទឹក ជាពិសេសគឺកីឡាករកម្ពុជា ដោយគេមិននឹកស្មានកីឡាករូបនេះនឹងឈានដល់អាចបញ្ចប់ទឹកទី៥។

កីឡាករថៃមិនសូវមានឈាមហូរខ្លាំងដូចកីឡាករកម្ពុជាទេ បើទោះជាស្នាមរយះរបស់គេមានសភាពធំ។ នោះគឺបណ្ដាលមកពីកីឡាករ សេក គឹមរួន បែករយះត្រូវចំសៀតផ្កា។ យ៉ាងណាមិញ ឈាមដែលបានហូរចេញក៏មិនចំបរិវេណភ្នែកនោះដែរ ទើបអាចអោយគេបន្តការប្រកួតបណ្ដើរជូតឈាមបណ្ដើរបានដល់ចប់ទឹកទី៥។

កីឡាករកម្ពុជាមិនសូវមានឱកាសវាយត្រូវកីឡាករថៃប៉ុន្មានទេ បន្ទាប់ពីសភាពបែករយះរបស់គេមានឈាមហូរដាប។ ប៉ុន្តែក្នុងទឹកទី៤គេក៏ព្យាយាមវាយត្រូវកន្លែងស្នាមបែករបស់កីឡាករ Kolap Dam ដែលបានធ្វើឲ្យកីឡាករថៃហូរឈាមរំខានដល់ការប្រកួត។ ក្នុងទឹកទី៥ គូនេះត្រូវគេឃើញវាយគ្នាទៅវិញទៅមកក្រោមដំណក់ឈាមហូរដាបមុខរៀងខ្លួន ដោយកីឡាករថៃហាក់ដាក់សម្ពាធមកលើកីឡាករ សេក គឹមរួន បានច្រើននៅប៉ុន្មានវិនាទីមុនចប់ទឹក ដោយសារតែឃើញកីឡាករកម្ពុជាមានឈាមហូរខ្លាំង។

សេក គឹមរួន ត្រូវគណៈកម្មការប្រកាសឲ្យចាញ់ បើទោះជាការប្រកួត៥ទឹក គេបានប្រឹងអស់ពីលទ្ធភាព។

ការប្រកួតរបស់គូនេះទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយយោងតាមការប្រកាសរបស់គណៈកម្មការប្រដាល់គឺនឹងឲ្យពួកគេប៉ះគ្នាជាថ្មីម្ដងទៀតក្នុងពេលដ៏ខ្លី ដើម្បីសងសឹក។

លោក ញាណ សុញាណ អ្នករៀបចំការប្រកួតប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាលោកនឹងរៀបចំអោយកីឡាករ សេក គឹមរួន និងកីឡាករថៃ Kolap Dam ប៉ះគ្នាជាលើកទី២ បន្ទាប់ពីកីឡាករគូនេះបើកឆាកប្រយុទ្ធគ្នាស្វិតស្វាញបានល្អ។ យ៉ាងណាក៏ដោយលោកថាកីឡាករទាំងពីរមិនទាន់ច្បាស់ថានឹងត្រូវប៉ះគ្នាពេលណាអោយប្រាកដនោះទេ ដោយសារតែកីឡាករទាំងពីរមានរបួសរៀងខ្លួនសម្រាប់ការប្រកួតលើកនេះ។

លោកថាដោយសារតែកីឡាករថៃនិងកម្ពុជាសុទ្ធតែបែករយះមិនខុសគ្នា ដូច្នេះបើទោះជាចង់អោយប៉ះគ្នាក៏ត្រូវរង់ចាំអោយផុតយ៉ាងហោច៣សប្ដាហ៍នោះដែរ ដើម្បីអោយបាត់ឈឺមុខរបួស។ សម្រាប់ការប្រកួតអន្តរជាតិមួយគូទៀត កីឡាករ ម៉ន រដ្ឋា បានត្រឹមតែស្មើប៉ុណ្ណោះជាមួយកីឡាករថៃឈ្មោះ Kiev Ba ក្រោយបញ្ចប់ការប្រកួត៥ទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ