ក្រោយឈ្នះ​មេដាយមាសនៅ​​សិង្ហបុរី យុគ ចិន្តា ប្រកាសជំរុញ​កូនស្រី​ឲ្យ​ក្លាយជាអ្នកចម្រៀងអាជីព

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:51 AM | កំសាន្ដ | 0 | 1049

ខុសពីការគ្រោងទុកដែលមិនរំពឹងថា​កូនស្រី​​​​នឹងទទួលបាន​ជ័យ​លាភីណាមួយ ពី​ការប្រលងចម្រៀងក្នុងព្រឹត្តិការណ៍ Asian Pacific Arts Festival នៅ​ប្រទេសសិង្ហបុរី ដែលមានប្រទេស​ទាំង​​១១នៅអាស៊ានចូលរួមកាលពី​ថ្ងៃទី​២៤ កក្កដា កូនស្រីរបស់អ្នកនាង​បែរជា​ច្រៀង​​បានមេដាយ​មាស​​នៅក្នុងព្រឹត្តិការណ៍​​នោះ។ អ៊ីចឹងហើយ ទើបអ្នកនាង​​សប្បាយចិត្ត​ចង់ហោះ ដោយ​ចាត់ទុកថាអ្វីដែលកូនស្រី​​ធ្វើបានគឺ​​អ្នកនាងមិន​ចង់ជឿ​​ភ្នែកនោះផង។

ថ្លែងពីប្រទេស​​សិង្ហបុរី អ្នកនាង ​យុគ ចិន្តា បញ្ជាក់ថា​សប្បាយចិត្ត​ខ្លាំង​ណាស់ដែលកូនស្រីរបស់អ្នកនាង គឺ​ យុគ ដាពេជ្រ វ័យ​​១៤​ឆ្នាំ ​ទទួលបានមេដាយមាស​​ពីការប្រកួត​​​​​ដ៏ធំ​​​​នៅក្នុងប្រទេស​​សិង្ហបុរី ដែលត្រឹមតែច្រៀង​​​​​បទចម្រៀងជាភាសាអង់គ្លេសមួយបទ​នៅលើវេទិកា​​​ដូចគ្នា​នឹង​បេក្ខជនបេក្ខនារី​​​​ជាច្រើន​ផ្សេងទៀត។

អ្នកនាងថា​ក្ដីសង្ឃឹមគ្រាន់តែចង់អោយកូនស្រីបាន​ស្គាល់ទម្រង់នៃការប្រលងជាលក្ខណៈអន្តរជាតិ​​ក្នុងពេលដែលនាង​ចង់ក្លាយ​ជាអ្នកចម្រៀងប៉ុណ្ណោះ ប៉ុន្តែដល់ពេល​នាងធ្វើបាន​ល្អហើយ​ទទួលបានមេដាយ​មាស​​បែបហ្នឹងគឺអ្នកនាង​សប្បាយខ្លាំង។

អ្នកនាង​​​​នឹងត្រៀម​​​លើកទឹកចិត្ត​កូនស្រី​កាន់តែខ្លាំង​បន្ថែមទៀត ​​​​​អោយក្លាយជា​តារាចម្រៀង បន្ទាប់ពី​កូនរបស់​អ្នកនាង​ស្រាប់តែ​​ទៅ​ប្រលងសាក​​ល្បង​សមត្ថភាព​​​តាមរយៈការ​បញ្ជូនចេញរបស់​​លោក សូ ស្រណោះ ជាគ្រូ​បង្វឹកតន្ត្រីនិងជា​នាយកសាលាស្រណោះតន្ត្រី នៅក្នុងប្រទេស​​សិង្ហបុរី។

ល្ងាច​​​ថ្ងៃ​ទី​២៥ កក្កដា នេះក្រុមការងារប្រលងចម្រៀងទាំងអស់​​​​​​​នឹង​​​ត្រលប់មក​ដល់​​កម្ពុជាវិញហើយ​ ប៉ុន្តែអ្នកនាង និងកូនស្រីមិនទាន់ត្រលប់​មកវិញនោះទេ គឺអាច​​​​រហូតដល់ថ្ងៃ​ទី​​២៧ កក្កដា ឬ​យូរជាងនេះ ទើបអាច​ត្រលប់វិញ ដើម្បី​លើកទឹកចិត្ត​កូនស្រី ដោយគ្រោងជូនកូនស្រី​​ដើរលេងនៅក្នុងប្រទេសសិង្ហបុរី​អោយអស់ចិត្តសិន។

អ្នកនាង​ថាគម្រោង​បន្ត​ដើរលេងមានតាំងពី​ការប្រលងមិនទាន់​​​ចាប់ផ្ដើម ​ប៉ុន្តែដោយសារតែកូនស្រីរបស់អ្នកនាងស្រាប់តែ​​ឈ្នះ​មេដាយ​បន្ថែម​ទៀត គឺអ្នកនាង​​កាន់តែ​​សប្បាយចិត្ត​​ ហើយមានកម្លាំងចិត្ត​ជូន​​​កូនស្រី​ដើរកម្សាន្តអោយសប្បាយចិត្តថែមទៀត ដែលអាចនឹងមានការទិញនេះ​ទិញនោះ​ជូនជាកាដូលើកទឹកចិត្តអោយ​ផង​។

អ្នកនាង​ថា​​​អត់ស្រឡាញ់អាជីព​​​​​​​​​តារាចម្រៀងរបស់​កូនស្រីទេ ដោយអ្នកនាងចង់អោយកូនស្រី​ក្លាយ​ខ្លួនជាអាជីព​​ពិធីការិនី​​​ច្រើនជាង ប៉ុន្តែ​បណ្ដាលមកពី​​កូនស្រី​​មិនមាន​ចំណូល​​ចិត្ត​ហើយចង់តែ​​ចាប់​ការងារច្រៀងរាំទើបអ្នកនាងសម្រេចចិត្តចំណាយ​​ខ្ទង់​ពាន់​ដុល្លារក្នុងមួយខែ​​​​​យកកូនស្រី​​ទៅហ្វឹកហាត់ជំនាញ​ព្យាណូនិងច្រៀងនៅ​សាលាស្រណោះតន្ត្រី​​ប្រមាណជា​​៤​ឆ្នាំ​​មកហើយ។

អ្នកនាង​ថា​​​​​ក្រោយពេល​​​​​​កូនស្រី​បានឈ្មះ​មេដាយមាស​ពី​កា​​រប្រកួត​ច្រៀងនៅក្នុងព្រឹត្តិការណ៍ Asian Pacific Arts Festival 2017 នៅ​​ប្រទេស​សិង្ហបុរី​បែបនេះ គឺមានតែ​​​​​បន្ត​ជំរុញអោយ​​​កូនស្រី​ក្លាយ​ខ្លួន​ជាតារាចម្រៀងអាជីព​អោយបានឆាប់​ប៉ុណ្ណោះ ដោយសារ​តែ​កូនស្រី​​នាង​ក្រៅ​ពីច្រៀង​​បានល្អក៏ស្ទាត់ជំនាញ​​នឹងការ​​លេង​​ព្យាណូ និង​មាន​ទេពកោសល្យ​​​​​​​សិល្បៈផ្សេងទៀតដែលអាច​​​​បណ្ដុះ​បាន។

អ្នកនាងថា​មិនមានអ្វីសប្បាយចិត្តជាងកូនស្រីទៅ​​ប្រលង​​លើ​ឆាកអន្តរជាតិ ហើយ​ទទួលបាន​ចំណាត់ថ្នាក់កំពូលត្រលប់មកវិញ​​នោះទេ ជាពិសេស​នៅ​​ក្នុងកាលៈទេសៈដែល​បេក្ខភាព​​​តំណាងអោយកម្ពុជា​​​ច្រើន​នាក់ទទួល​បានមេដាយមាស​​ភាគច្រើននោះ។

អ្នកនាងថានឹងជួយអោយកូនស្រីបានក្លាយជាតារាចម្រៀង​ល្បីម្នាក់ ប៉ុន្តែក៏ត្រូវ​​ការការគាំទ្រ​​ពី​មហាជន​ខ្មែរផងដែរ ដោយ​​មិនអាចគ្រាន់តែអ្នកនាងជំរុញ​ហើយ​សម្រេចគោលដៅនោះទេ។ លោក សូ ស្រណោះ បានបង្ហោះ​​នៅលើហ្វេសប៊ុក​ថា ​​​ក្នុងចំណោម​​​បេក្ខជន​​បេក្ខនារី​​​​​ចំនួន​២១​​រូបដែលមានជំនាញ​​ព្យាណូ ​​​វីយូឡុង ​និង​​​ចម្រៀងដែលលោក​​បញ្ជូន​ទៅ ទទួល​បានមេដាយមាស​ចំនួន​​១៦​​​ និងមេដាយប្រាក់​​ចំនួន​​​៥ ដែលមានន័យថាមិនមាន​បេក្ខភាព​ណាម្នាក់បរាជ័យក្នុងការ​​​​ប្រកួត​ប្រជែងនោះទេ បើទោះជាពួកគេសុទ្ធតែវ័យ​ក្មេងៗ​និងមិនធ្លាប់​ឆ្លងកាត់ការប្រលង​​ជាលក្ខណៈអន្តរជាតិ​បែបនេះ​កាលពីមុន។

លោកបាន​បញ្ជាក់នៅមុន​​ចេញទៅ​​​សិង្ហបុរីថា ​បេក្ខភាពដែលជ្រើសបានទាំង​​​២១រូប​នោះ ​​​​ឆ្លងកាត់ការប្រលងក្នុងចំណោម​​សិស្សរបស់​​​សាលាស្រណោះតន្ត្រី​ទាំង​​​ជាង​១៨០រូប ​​​​ដោយ​សិស្សរបស់លោកម្នាក់ៗ​ភាគច្រើន​គឺ​ចេះ​ជំនាញ​តន្ត្រីនិង​ច្រៀងព្រមគ្នា តែដោយសារតែខាងគណៈកម្មការប្រលង​​​ទាមទារអោយជ្រើស​​យកតែ​​ជំនាញមួយដើម្បី​ចូល​ប្រកួត ទើប​សិស្ស​​ខ្លះ​​លោកអោយ​​​​ជ្រើស​​យកវិញ្ញាសារ​ព្យាណូ ​សិស្ស​ខ្លះ​​វិញ្ញា​​វីយូឡុង និង​សិស្ស​ខ្លះ​​​​​ប្រលងចម្រៀង ដូច​ជាករណីកូនស្រីរបស់អ្នកនាង ​យុគ ចិន្តា ជាដើម​។

លោកបាន​បញ្ជាក់ពីការ​​រំពឹង​តាំងពី​មុន​​​​ចាក​ចេញពីកម្ពុជា​ថា ទឹកដមសំឡេង​របស់​កូនស្រី​អ្នកនាង យុគ ចិន្តា នឹងឈ្នះ​មេដាយ​​មាសពីការប្រកួតនោះ បើទោះជាអ្នកនាងប្រាប់​ថាមិនរំពឹង​។ ​លោកថានេះជាលើកទី​២ដែល​លោកក្នុងនាមជា​​​​តន្ត្រីករនិងជាអ្នក​បង្វឹក​​ផ្នែកចម្រៀងម្នាក់​​​ ​​​បាន​​បញ្ជូន​កូនសិស្សអោយចេញប្រកួតលើឆាកអន្តរជាតិ​​​​ក្នុងពេលដែល​លើកទី​១​​បានចេញទៅប្រកួតនៅ​​ប្រទេសចិន តែទទួលបាន​មេដាយមិន​ច្រើន​បែប​ហ្នឹង។

អ៊ីចឹងទើបការដឹកនាំ​កូនសិស្ស​​​ចេញប្រកួតលើកនេះអាចទុកថា​​ជាប្រវត្តិ​សាស្រ្ត​ធំ​​មួយ ដែល​​បេក្ខភាព​ជាតន្ត្រីករ និងជាអ្នក​ចម្រៀងរបស់កម្ពុជា​ហើយសុទ្ធតែ​​វ័យ​ក្មេងទៅទៀត ទទួលបានមេដាយ​មាស​​​ដល់​ទៅ​១៦ និងមេដាយ​ប្រាក់​​៥ ​ក្នុងចំណោម​​​​បេក្ខភាពមកពី​​​១០ប្រទេសផ្សេងទៀតនៅ​អាស៊ាន ​​ដែលមានន័យថា​​​អ្នកចូល​រួមប្រកួត​ប្រជែងតំណាង​​អោយកម្ពុជាទាំងអស់​ ​អត់មាន​អ្នកធ្លាក់៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required