បទយកការណ៍៖ ពលរដ្ឋរំពឹងថា ការបន្ថែមចំនួនរថយន្តក្រុងថ្មីនឹងជួយសម្រួលបញ្ហាចរាចរណ៍នៅភ្នំពេញ

ដោយ កញ្ញា ហ៊ាង សុគន្ធារី​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 2:57 PM | បទយកការណ៍ | 0 | 1692 ទិដ្ឋភាពក្នុងរថយន្តក្រុង

«ទឺត ទឺត ទឺត» គឺជា​សំឡេងបង្ហាញ​ការ​មក​ដល់​របស់​រថយន្តក្រុងពណ៌ខៀវធំ​មួយ ​នៅ​លើ​ដង​ផ្លូវម៉ៅសេទុង ដែលជា​មហាវិថី​សម្រាប់​រថយន្ត​ក្រុង​ខ្សែទី២ រត់​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​រង់​ចាំ​នៅ​ចំណត​ទាំង​ឡាយ​​នាំ​គ្នា​ប្រញាប់​ប្រញាល់​ក្រោក​ឈរ​ឡើង ត្រៀម​ខ្លួន​ឡើងលើ​រថយន្ត​ទាំង​អស់​គ្នា នៅ​ពេល​ដែល​សំឡេង «ងឺត ងឺត» ក៏បន្ទរឡើង បង្ហាញថាទ្វាររថយន្តបានបើកហើយ សម្រាប់ឲ្យអ្នកដំណើរឡើងជិះ។

ភ្លាមៗ ​បន្ទាប់​ពីឡើង​ដល់​លើរថយន្ត ភ្ញៀវ​ម្នាក់ៗ​ ក៏រួស​រាន់​ដើរ​ស្វែង​រក​កៅ​អី​ទំនេរ​អង្គុយ​ មុន​ពេល​ដែររថ​យន្តចាប់​ផ្តើម​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត។ សំឡេង​គ្រលួចដូចសារិកា​របស់​អ្នក​យក​ប្រាក់​លើ​រថ​ឈ្នួល​ បាន​បន្លឺឡើង សុំ​ថ្លៃឈ្នួល​ពី​អ្នក​ជិះរាល់​គ្នា​ដែល​ទើប​នឹង​ឡើង​។ តម្លៃ​ឈ្នួល​សេវា​សាធារណៈ​មួយ​នេះថ្លៃ ១ ៥០០៛ សម្រាប់មនុស្ស​ម្នាក់ៗ ​ពេល​ឡើង​ជិះ​ម្តង​ៗ។ ដោយឡែក សម្រាប់មនុស្ស​ចាស់​ អាយុ​៦០ឆ្នាំឡើង​ទៅ រួមទាំង ព្រះសង្ឃ និងសិស្សនិស្សិត ថ្លៃ​ឈ្នួល​ទាំង​នេះ ​ត្រូវ​បាន​លើក​លែង។

នៅ​លើ​រថយន្ត ដែល​​បរិយាកាសរាងត្រជាក់បន្តិច អ្នក​ជិះ មាន​ប្រមាណ​ជិត២០នាក់ មាន​គ្រប់​វ័យ​ ទាំង​ចាស់​ទាំង​ក្មេង ប្រុស​ស្រី។ ខណៈរថយន្ត​ក្រុង ​កំពុង​រត់​ទៅ​មុខ​រហូត​នោះ អ្នក​ដំណើរ​ខ្លះក៏អង្គុយ​ធ្មឹង​តែ​ម្នាក់​ឯង ហើយ​អ្នក​ដំណើរ​ខ្លះទៀត​ក៏​ជជែក​គ្នា​ពី​នេះ​ពី​នោះ​មិន​ដាច់​ឡើយ។ ក្រុម​អ្នក​ធ្វើ​ដំណើរទាំងនោះ ​​បាន​អះអាង​ប្រហាក់​ប្រហែលគ្នា​ថា ការធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​មាន​ភាព​ងាយ​ស្រួល​ ធ្វើ​ឲ្យ​គេ​មាន​​អារម្មណ៍​ថា ​មាន​សុវត្ថិភាព​ និងមិន​ខ្លាច​មាន​គ្រោះថ្នាក់ចរាចរណ៍ ពិសេសគឺជួយ​សន្សំ​សំចៃថវិកា។

កាល​ពី​ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានទទួលរថយន្តក្រុងថ្មីចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងពីចិន ហើយជំនួយនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងកាត់បន្ថយការកកស្ទះចរាចរណ៍។​ រថយន្តថ្មីទាំង​នេះ នឹង​ត្រូវ​យក​មក​ប្រើជំនួសរថយន្តចាស់ ដោយ​ទុក​ឱកាស​ឲ្យ​រថយន្តចាស់​ទទួលបាន​ការ​ជួសជុល​ឡើងវិញ។

ទាក់​ទង​នឹង​ជំនួយជារថយន្តក្រុងថ្មីពីមិត្តចិន ចំនួន១០០គ្រឿងនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក​ ម៉េត មាសភក្តី បាន​ឲ្យដឹងថា ​សាលា​ក្រុងគ្រោង​នឹង​បន្ថែមសេវា​ខ្សែរថ ចំនួន៣ខ្សែទៀត តែពុំទាន់មានការបញ្ជាក់ច្បាស់ពីពេលវេលា។ លោក​បន្ថែម​ថា ដោយសារ​សព្វថ្ងៃនេះ ប្រជាពលរដ្ឋហាក់​​មាន​ទម្លាប់​ជិះរថយន្តក្រុង​ខ្លះៗហើយ ការ​បន្ថែម​ខ្សែរថ្មី ​នឹ​ង​កាន់​តែ​បន្ត​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់​បាន​ដោយ​ងាយ​ស្រូល​ជា​បន្ត​ទៀត។

លោកថា៖ «បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន បានផ្លាស់ប្តូរឥរិយាបថហើយ ចឹងរថយន្តថ្មីនេះ វាគ្រាន់តែជាកត្តាជម្រុញឲ្យបងប្អូនកាន់តែគាំទ្រលើសេវាសាធារណៈនេះទេ។ […] កាត់បន្ថយការចំណាយទៅលើការដឹកជញ្ជូន ការធ្វើដំណើរ ហើយចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍»​។

កំពុងអង្គុយ​លើរថយន្ត​ក្រុង មើលទៅទឹក​មុខ​ហាក់អណ្តែតអណ្តូងគិតពីរឿង​អ្វីមួយ អ្នកស្រី សុខ លរ អាយុជាង៣០​ឆ្នាំប្លាយ ប្រាប់ថាសប្បាយ​ចិត្ត នៅពេលបាន​ដឹង​ថា​ រថយន្តក្រុងថ្មី ១០០​គ្រឿង ​នឹង​មក​ធ្វើ​ការជំនួសនិង​បន្ថែមលើចំនួនរថយន្តសព្វថ្ងៃ។ លោកស្រីថា ពេលមានរថយន្ត​បន្ថែម សេវាដឹក​ជញ្ជូន​សាធារណៈ នឹង​អាច​ប្រសើរជាង​មុន លឿនជាង​មុន នឹង​មិន​សូវ​មាន​កកស្ទះទៀតផង។

លោកស្រីថា៖ «ហ្នឹងហើយ គឺជួយ​សន្សំសំចៃថវិកា ជិះឡានក្រុងអស់​តែ ១ ៥០០៛។ […] វាមានសុវត្ថិភាព អត់ភ័យខ្លាច​ មាន​គ្រោះថ្នាក់ចរាចរណ៍ទេ។ ឥឡូវទៅ​មក​ទាន់​ពេល​រហូត ព្រោះឡាន​មាន​ច្រើន​ដែរ តែ​បើ​បាន​បន្ថែម​មក​កាន់​តែ​ល្អ ​មិន​សូវ​ស្ទះ​ និង ផ្តល់ភាពងាយស្រួល​ដល់​ប្រជាជន​យើង​ផង។ […] បើជិះឡានក្រុងទាំងអស់គ្នា ចរាចរណ៍ក៏អត់ស្ទះ ថវិកា ក៏អាច​ជួយ​សន្សំសំចៃច្រើន ហើយ​ក៏​មិន​សូវ​មាន​ផ្សែង​ច្រើន​ទៀត»។​

​​ដោយអង្គុយមិនឆ្ងាយពីអ្នកស្រី សុខ លរ ក្នុងវ័យ៧៧ឆ្នាំ លោកតា សុន សុផល ក៏ជាពលរដ្ឋម្នាក់ ដែលចូលចិត្តធ្វើដំណើរតាមរថយន្តក្រុងដែរ។ លោកតា សុផល បាន​មានប្រសាសន៍ថា លោក​តែង​តែ​ចាំ​ជិះ​រថយន្ត​ក្រុង​រហូត​ ដោយសារតែគាត់​មិន​សូវមានការប្រញាប់​ទើបគាត់ចាំជិះឡានក្រុង ព្រោះវាមានសុវត្ថិភាពជាង។

លោកថា៖ «វាអាច​យឺតត្រង់​ថា ការធ្វើដំណើរតាម​ផ្លូវថ្នល់ មាន​ការ​កកស្ទះ វា​យូរ​ឡានក្រុង ហើយកាលណាតាមផ្លូវហ្នឹងវាកកស្ទះ ដោយកន្លែងអីហ្នឹង វាយូរដែរ។ បើមិនសូវប្រញាប់ទេ ជិះឡានហ្នឹងទៅ តែ​បើប្រញាប់ក៏ជិះម៉ូតូឌុបអីអញ្ជឹងទៅ។ […] ជិះឡាន​ក្រុង វាទូលាយ​ ហើយមាន​សុវត្ថិភាពដែរ។ […] ផ្លូវ​សំខាន់ៗនៅ​ក្រុងភ្នំពេញ​នឹង​វាមាន​ច្រើន ហើយ​បើបាន​ឡាន​ថ្មីមក​ក៏វា​ស្រួល​ដល់​ប្រជាជនយើង ឡានរត់បាន​ច្រើន​ផ្លូវ មិន​ពិបាក​ឲ្យ​ប្រជាជន​ចាំយូរដែរ»។

ក្រឡេកមក អ្នក​ស្រី លុយ អ៊ីន អ្នករស់នៅខណ្ឌដូនពេញ ដែលអង្គុយកៅអីដាច់ដោយឡែកនៅក្នុងរថយន្តក្រុងនោះដែរ ប្រាប់ថា ពេញចិត្តក្នុងការប្រើប្រាស់រថយន្តក្រុងជាមធ្យោបាយធ្វើដំណើរ ព្រោះវាជួយសម្រួលដល់ចរាចរណ៍ និងកាត់បន្ថយការចំណាយ។

អ្នកស្រីថា៖ «កាត់បន្ថយស្ទះចរាចរណ៍ ហើយនឹងកាត់បន្ថយលុយកាក់បស់យើងដែរ និងសុវត្ថិភាពទៀត ជាពិសេស​ចរាចរណ៍ ខ្ញុំផ្តោតធ្ងន់ទៅលើចរាចរណ៍ បើកាលណាម្នាក់ៗជិះតាម៉ូតូគ្រប់គ្នា នឹង ចរាចរណ៍ស្រុកខ្មែរយើង វាកាន់តែចង្អៀតទៅៗ ខ្ញុំបន់ឲ្យតែមានឡានក្រុងរហូតទៅដល់ថ្ងៃអនាគតទៅ និងមានឡានបន្តថែមទៀត ដើម្បីកុំឲ្យប្រជាជនចាំយូរពេក»។

ទាក់​ទង​នឹង​ដំណឹង​រថយន្ត​ក្រុង​ថ្មី១០០គ្រឿង ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់​ៗនេះ អ្នក​ដំណើរ​លើ​រថយន្ត​ក្រុង​មួយ​នេះ ​មានមតិ​ប្រហាក់​ប្រហែល​គ្នា​ថា​ វា​គឺជា​ដំណឹង​ល្អ ព្រោះ​រថយន្តទាំង​នោះ​នឹង​អាច​កាត់​បន្ថយ​ចរាចរណ៍​ច្រើន​នៅ​ក្នុង​ទីក្រុង ផ្តល់ភាព​ងាយ​ស្រួល​បន្ថែម​ដល់​ពល​រដ្ឋ មិន​ឲ្យ​ពួក​គាត់​រង​ចាំ​យូរ ជា​ពិសេស​បង្កើន​សុវត្ថិភាព​គាត់​ទៀត​ផង។

ចំពោះ អ្នក​បើក​រថយន្តក្រុង​ខ្សែទី​២ លោក សេង បូរ៉ា ​បាន​លើក​ឡើង​ថា ទោះបីជា​មាន​រថយន្ត​មក​ថែម ការ​កកស្ទះ​ចរាចរណ៍​នៅ​តែ​រឿង​មួយ​មិន​អាច​ប៉ាន់​ស្មានទុក។​

លោក​ថា៖ «នៅពេលមានឡានថ្មីមកជំនួសឡានចាស់ចឹងវាល្អ ពីព្រោះថាឡានថ្មី យ៉ាងណាថ្មីក៏ស្រួលជាងចាស់ដែរ កាលណាគេឲ្យយកអាចាស់ទៅជួសជុលចឹង ហើយយកអាថ្មីប្រើចឹង យើងបានយកឡានអាចាស់ទៅធ្វើឲ្យល្អៗអស់ទៅ ភ្ញៀវក៏សប្បាយចិត្ត ហើយអ្នកបើកក៏សប្បាយចិត្ត ដោយសារអត់មានឡានខូចតាមផ្លូវចឹងហ្អាស់»។

របាយការណ៍ឲ្យដឹងថា នៅភ្នំពេញ ចំនួន​រថយន្តនិងម៉ូតូ មានប្រមាណជាង ៣.២លាន​គ្រឿង បូក​រួម​ជាមួយតាក់ស៊ីនិង​ត្រីចក្រយាន ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវជា​រៀង​រាល់​ថ្ងៃ ស្របពេលបញ្ហា​ការកកស្ទះ​ចរាចរណ៍ បានក្លាយជា​ បញ្ហា​ពិបាក​ដោះ​ស្រាយ​។ ការប្រើប្រាស់ សេវា​ដឹកជញ្ជូនសាធារណៈ គឺជា​ដំណោះ​ស្រាយ​មួយ ​ដើម្បី​កាត់​បន្ថយ​ចំនួន​យាន​យន្ត និង ការ​កក​ស្ទះ​តាម​ដង​ផ្លូវ​នៅ​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ណែនាំឲ្យ​ប្រើ​ប្រាស់​​ដោយអ្នកជំនាញ ជាលើក​ដំបូង​នៅ​ឆ្នាំ២០០១ ហើយ​នឹង​ម្តង​ទៀត​នៅ​ឆ្នាំ២០១៤។

សព្វថ្ងៃនេះ​ សេវារថយន្តក្រុង​បាន​និង​កំពុងតែ​បម្រើ​សេវាឲ្យ​ប្រជាជន​ក្រុង​ចំនួន​ពី ១៦០០ ទៅ ១៧០០នាក់​ក្នុងមួយ​ថ្ងៃ។​​ រថយន្តក្រុងសាធារណៈ ដែល​បាន​បម្រើការដល់​ប្រជាពលរដ្ឋរាល់​ថ្ងៃ​មាន​ចំនួន ៥៧គ្រឿងដែល​រត់លើខ្សែរថក្នុង​ក្រុង​ចំនួន ៣ខ្សែ ដែល​ខ្សែទី១ ពី បឹងឈូក ទៅ គីឡូលេខ៩ ខ្សែទី២ ពី ផ្សាររាត្រី ទៅ​ តាខ្មៅ និង ខ្សែទី៣ ពី ផ្សាររាត្រី ទៅ បុរីសន្តិភាព២។

ក្រៅពី​ជំនួយ​រថយន្តពីមហាមិត្ត​ចិន​នៅពេល​នេះ កម្ពុជា​ ក៏​ទទួល​ជំនួយ​រថយន្តក្រុង​ប្រមាណ១៨០គ្រឿង​បន្ថែម​ពី រដ្ឋាភិបាល​ជប៉ុន តាមរយៈភ្នាក់ងារ JICA។ បើតាមអ្នកនាំពាក្យ សាលារាជធានី គ្រោងនឹងពង្រឹកសេវាដឹកជញ្ជូនសារធាណៈនេះរហូតដល់១០ខ្សែនៅរាជធានីភ្នំពេញ៕

រាយការណ៍បន្ថែមដោយកញ្ញា ថាញ់ ចន្ទសុធារី

សរសេរមកកាន់ កញ្ញា ហ៊ាង សុគន្ធារី តាមរយៈ theary270@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required