ពលរដ្ឋបារម្ភ ខណៈក្រុមហ៊ុនទប់ទឹកនៅទំនប់សេសានក្រោម២

ប្រជាពលរដ្ឋអះអាងថា កម្ពស់ទឹកចេះតែឡើងខ្លាំង អាចនឹងធ្វើឲ្យជន់លិចដល់ភូមិករណ៍របស់ពួកគាត់ ខណៈក្រុមហ៊ុនធ្វើការទប់ទឹកបំពេញតួរប៊ីន នៅទំនប់ «សេសានក្រោម២» ក្នុងខេត្តស្ទឹងត្រែង។

ពលរដ្ឋម្នាក់ រស់នៅភូមិស្រែគរ ស្រុកសេសាន លោក ពុត ធឿន ឲ្យ VOD ដឹងនៅថ្ងៃអង្គារទី២៥កក្កដានេះថា ប្រជាពលរដ្ឋចំនួន៣ភូមិ បារម្ភពីកម្ពស់ទឹក ដែលកើនឡើងខ្លាំង ដោយសារបរិមាណទឹកភ្លៀងនៅរដូវវស្សា​ ក៏ធ្លាក់ច្រើននៅក្នុងខេត្តនេះ។

លោកថា កម្ពស់ទឹកចេះតែកើនឡើងរបៀបនេះ អាចនឹងឈានដល់កម្រិតប្រកាសអាសន្ន នាពេលខាងមុខ ខណៈដែលក្រុមហ៊ុនធ្វើការទប់ទឹក ដើម្បីបំពេញតួរប៊ីន នៅទំបន់សេសានក្រោម២។

លោកថា៖ «ដល់ពេលទឹកជន់លិចមកអញ្ចឹងគឺ គាត់រងផលនូវការលិចលង់អញ្ចឹង ចំនួន៣ភូម ភូមិស្រែគរ១ ភូមិស្រែគរ២ និងភូមិក្បាលរមាស។ ទឹកកំពុងឡើង ហើយភ្លៀងកំពុងធ្លាក់ជោកជាំយ៉ាងអញ្ចឹង រដូវនេះជារដូវភ្លៀងខ្លាំង ដល់រដូវភ្លៀងខ្លាំង ស្របនឹងការទប់ទឹក ហើយនឹងការភ្លៀងខ្លាំង»។

តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិក្បាលរមាស លោក ដាំ សំណាង ឲ្យដឹងដែរថា បន្ទាប់ពីក្រុមហ៊ុនធ្វើការទប់ទឹកបំពេញតួប៊ីន លោកសង្កេតឃើញថា កម្ពស់ទឹកកើនឡើងក្នុង១ម៉ោង ប្រហែលកន្លះម៉ែត្រ។ លោកថា បើកម្ពស់ទឹកបន្ដហក់ឡើងដូច្នេះ គឺអាចនឹងមានការជន់លិច បង្កផលប៉ះពាល់ដល់ភូមិករណ៍ប្រជាពលរដ្ឋជាក់ជាមិនខាន។

លោកថា៖ «ក្រុមហ៊ុនហ្នឹង វាទប់អាទំនប់ហ្នឹង ទប់ទឹក កាលណាបិទទឹក អាអណ្ដាតទឹកវាមិនរត់ឡើងលើ។ ស្ថានភាពឥឡូវនេះ កំពុងតែឡើង១ម៉ោង ប្រហែលកន្លះម៉ែត្រ វានឹងអាច ប្រហែលជាយប់នេះ និងស្អែក វានឹងអាចឲ្យប្រកាសអាសន្ន»។

អភិបាលរងខេត្តស្ទឹងត្រែងលោក ដួង ពៅ ពន្យល់ថា ករណីនេះ ដោយសារពលរដ្ឋប្រមាណជាង១០០គ្រួសារ មិនព្រមរុះរើ ប្ដូរទីតាំង ទៅកន្លែងមានសុវត្ថិភាពផ្សេង។ លោកថា អាជ្ញាធរបានជូនដំណឹងជាច្រើនដងរួចមកហើយ ប៉ុន្ដែពួកគាត់មិនស្ដាប់ការណែនាំ។

លោកបន្ថែមថា អាជ្ញាធរបានត្រៀមទីតាំង មណ្ឌលសុខភាពថ្មី និងសំណងសមរម្យ សម្រាប់ពួកគាត់ហើយ ប៉ុន្ដែលោកថា ពលរដ្ឋទាំងនោះនៅតែមិនព្រមសហការជាមួយអាជ្ញាធរ។

លោកថា៖ «តែទប់ទឹក វាឡើងទឹកហើយ អញ្ចឹងបានគេឲ្យបង្កលក្ខណៈសម្បត្តិ ឲ្យរុះរើ គេជូនដំណឹងដល់គាត់៥ដងទាំងលើកនេះហើយ។​ទាក់ទងនឹងចំណាត់ការនិងវិធានការ អាហ្នឹងយើងទៅពិនិត្យមើលស្ថានភាពទូទៅរួមហើយ ហើយសំខាន់បំផុត យើងអត់ចង់ឲ្យគាត់ទៅរស់នៅរបៀបហ្នឹងទេ ដែលយើងរៀបរយឲ្យគាត់ហើយ មានទាំងផ្ទះ មានទាំងសាលារៀន មានទាំងមណ្ឌលសុខភាព យើងមិនមែនចោលគាត់ទាំងស្រុងទេ យើងបានគិតទាំងអស់ជូនគាត់ហើយ គ្រាន់តែគាត់មិនចូលរួម មិនសហការ»។

នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដោយបានបើកតួប៊ីនទី១ ដែលមានកម្លាំងជាង៥០មេហ្គាវ៉ាត់ម៉ោង ដោយមកទល់ពេលនេះ សម្រេចបានការសាងសង់ជាង៨០ភាគរយហើយ។ នៅចុងឆ្នាំ២០១៨ គេនឹងបើកតួប៊ីនទាំង៨ទៀត ដោយអាចផលិតបានថាមពលសរុប៤០០មេហ្គាវ៉ាត់ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីក្នុងប្រទេស។

ករណីនេះ ក៏ធ្វើឲ្យក្រុមជនជាតិដើមភាគតិចចំនួន២ភូមិ ស្មើនឹង១៨២គ្រួសារ ជំទាស់ ដោយបដិសេធមិនព្រមទទួលយកសំណងជាថ្នូរនឹងការចាកចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ