សិស្ស១០នាក់ រៀនវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់ ត្រូវបានរាយការណ៍មកថា បានដួលសន្លប់នៅព្រឹកថ្ងៃនេះ ខណៈពេលពួកគេត្រៀមខ្លួនចូលប្រឡងឆមាសលើកទី១ នៃថ្នាក់មធ្យមសិក្សាទុតិយភូមិ។
ភ្នាក់ងារពលរដ្ឋជាអ្នកសារព័ត៌មានប្រចាំនៅខេត្តពោធិ៍សាត់ នូ រ៉េន បានប្រាប់មក VOD ថា សិស្សស្រីៗ ១០នាក់ នៅវិទ្យាល័យបាក់ចិញ្ចៀន ស្ថិតស្រុកភ្នំក្រវ៉ាញ់ បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពបាក់ចិញ្ចៀន។
ប្រធានមណ្ឌលសុខភាពបាក់ចិញ្ចៀន លោក ប៉ុន ញ៉េន បានឲ្យដឹងថា សិស្សស្រីៗទាំងនោះ បានដួលសន្លប់ បន្ទាប់មានអការៈថបដង្ហើម។ លោកឲ្យដឹងទៀតថា តាមការពិនិត្យ យុវតីទាំងនោះ មានសុខភាពខ្សោយ ខ្វះជីវជាតិ ជាពិសេស ជាតិស្ករ។
ចំណែកមេឃុំបាក់ចិញ្ចៀន លោក ជួប ឌិន បានប្រាប់ថា លោកបានទៅមើលសិស្សដួលសន្លប់ទាំងនោះនៅសាលរៀន និងមណ្ឌលសុខភាពហើយ ព្រមទាំងបានរាយការណ៍ទៅថ្នាក់គ្រប់គ្រងស្រុកផងដែរ។
លោកបានឲ្យដឹងទៀតថា លោកបានសាកសួរសិស្សសាលាទាំងនោះ ហើយដឹងថា ពួកគេប្រឹងប្រែងរៀនពេក មិនសូវហូប មិនសូវបានគេង ព្រោះតែបារម្ភខ្លាចប្រឡងធ្លាក់ ជាហេតុធ្វើឲ្យពួកគេមានសុខភាពខ្សោយពេលជិតចូលប្រឡង៕
រាយការណ៍ដោយលោក នូ រ៉េន