តំណាងជនជាតិដើមភាគតិចប្រតិកម្មនឹង ធី សុវណ្ណថា ដែលថាពួកគេកាប់បំផ្លាញព្រៃឈើ

ដោយ លោក បូ សាវី​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 6:44 PM | បរិស្ថានអំពើពុករលួយ | 0 | 67040 កញ្ញា ធី សុវណ្ណថា (ប្រភពពីហ្វេសប៊ុក)

តំណាងជនជាតិដើមភាគតិចនៅខេត្ដព្រះវិហារប្រតិកម្មតបនឹងកញ្ញា ធី សុវណ្ណថា ដែលលើកឡើងថាការបាត់បង់ព្រៃឈើកន្លងមក ដោយសារពលរដ្ឋនៅតំបន់ព្រៃជាអ្នកកាប់បំផ្លាញ។

កញ្ញា ធី សុវណ្ណថា បានលើកឡើងនៅពីមុខលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងវេទិកាស្ដីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅវិមានសន្ដិភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ខែសីហានេះថា ព្រៃឈើដែលរងការបាត់បង់កន្លងមក ដោយសារពលរដ្ឋនៅក្បែតំបន់ព្រៃឈើជាអ្នកកាប់បំផ្លាញ ដែលនាងលើកជាឧទាហរណ៍នៅតំបន់អារ៉ែង ខេត្ដកោះកុង។

កញ្ញាថាពលរដ្ឋទាំងនោះដំបូងឡើយទទួលផលពីព្រៃឈើ ប៉ុន្ដែយូរៗបានបែកគំនិតទៅកាប់ឈើលក់ឲ្យឈ្មួញធំៗតែម្ដង។ ជាមួយគ្នានោះដែរ សមត្ថកិច្ចជំនាញមួយចំនួនក៏បានឃុបឃិតជាមួយបទល្មើសព្រៃឈើផងដែរ។

កញ្ញាបន្ដថា៖ “ជីវភាពរបស់ពួកគាត់ហ្នឹងគឺគាត់ទទួលផលពីព្រៃឈើ។ ហើយដំបូងឡើយទទួលផលធម្មតាទេគាត់ទៅបេះសំរង់ធម្មតាទេ ប៉ុន្ដែបេះយូរៗ បែកគំនិតខ្ជិល កាប់ទាំងដើមយកតែម្ដង។ ហើយទាក់ទងព្រៃឈើដែលបាត់បង់ហ្នឹង អត់ចាំបាច់ចាំមើលទៅណាឆ្ងាយទេ គឺខ្ញុំឃើញជាក់ស្ដែង គឺពលរដ្ឋនៅទីហ្នឹងតែម្ដង ដែលគាត់ជាអ្នកកាប់។ គាត់កាប់ម្ដងតិចៗលក់ឲ្យឈ្មួញឈើធំៗ“។

ករណីនេះតំណាងជនជាតិដើមភាគតិចគួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ដែលសកម្មក្នុងការការពារព្រៃឈើ អ្នកស្រី សឹង សាំ ប្រតិកម្មតបនៅព្រឹកថ្ងៃទី២៥ខែសីហានេះថា ការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា នេះគ្រាន់ចង់ទម្លាក់កំហុសដល់ពលរដ្ឋដែលនៅតំបន់ព្រៃឈើ ដែលអាស្រ័យផលពីព្រៃឈើប៉ុណ្ណោះ ដែលអ្នកស្រីបន្ដថា ព្រៃឈើដែលរងការបាត់បង់នោះ ដោយសារអ្នកមានអំណាច ក្រុមហ៊ុនដីសម្បទានរបស់រដ្ឋាភិបាល សមត្ថកិច្ចពាក់ព័ន្ធ និងពលរដ្ឋដែលមកពីតាមបណ្ដាខេត្ដផ្សេងៗ។ អ្នកស្រីបន្ដថា ពលរដ្ឋដែលរស់នៅក្បែព្រៃឈើនោះ ពួកគាត់គ្មានជួញដូរ ដែលបង្កឲ្យមានភាពមហន្ដរាយដល់ព្រៃឈើនោះទេ។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកស្រីទទួលស្គាល់ថា មានពលរដ្ឋខ្លះនៅក្បែនោះបានកាប់ព្រៃឈើ ប៉ុន្ដែជាលក្ខណៈគ្រួសារនិងកាប់ឆ្កាព្រៃធ្វើចំការដំណាំ។

អ្នកស្រីបន្ដថា៖ “ច្រើនតែអ្នកចំណូលទេ ហើយរួមផ្សំគំនិប៉ូលិសប៉េអឹម ដូចថាចាប់ម៉ាស៊ីនយកលុយដឹកឈើយកលុយឲ្យលុយហើយទៅទៀតទៅកុំចោទប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមួយចំនួនបានធ្វើដែរ មិនថាអត់ទេ ប៉ុន្ដែច្រើនមកពីតែអាជ្ញាធរហើយអ្នកមកពីឆ្ងាយដូចជាអ្នកកំពតជាដើម ហើយសាហាវទៀតផងសព្វថ្ងៃច្រើនតែអ្នកពីក្រៅទេ“។

ជាមួយគ្នានោះដែរនៅតាមបណ្ដាញសង្គមហ្វេសប៊ុកក៏បានលើកឡើងថា ប្រជាពលរដ្ឋនៅតំបន់ព្រៃឈើគ្មានលទ្ធភាពកាប់បំផ្លាញឈើនោះ មានតែមន្ដ្រីអ្នកមានបុណ្យសក្ដិធំៗជាដើម។ ពួកគេបន្ដថា ក្រុមឈ្មួញឬអ្នកមានអំណាចនោះ បានកាប់បំផ្លាញព្រៃឈើនោះជាលក្ខណៈទ្រង់ទ្រាយធំ ដឹកចេញក្រៅប្រទេស ទើបបង្កមហន្ដរាយដល់ព្រៃឈើធ្ងន់ធ្ងរដូចរាល់ថ្ងៃនេះ។

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឡោ រស្មី បានទេនៅរសៀលថ្ងៃទី២៥ខែសីហារនេះ ដោយលោកប្រាប់ថាជាប់រវល់ដឹកនាំអង្គប្រជុំ បន្ទាប់ពីដាក់សំនួរជូនលោក។

ទោះជាយ៉ាងណា របាយការណ៍ក្នុងខែកក្កដាឆ្នាំ២០១៥ អង្គការការពារព្រៃឈើអន្តរជាតិឈ្មោះហ្វរ៉ែស្តធ្រែនស៍ បានរកឃើញថា ការបាត់បង់ព្រៃឈើច្រើនលើសលប់នៅកម្ពុជា គឺកើតឡើងដោយសារតែក្រុមហ៊ុនឯកជនមួយចំនួនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនគ្រប់គ្រងលើដីសម្បទានសេដ្ឋកិច្ច ដែលទទួលបានពីរដ្ឋាភិបាល ទៅកាប់បំផ្លាញព្រៃឈើក្នុងនោះក៏មានការកាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារផងដែរ។ អង្គការហ្វរ៉ែស្តធ្រែនស៍កត់សម្គាល់ថា ការបាត់បង់ព្រៃឈើដ៏មហិមានៅកម្ពុជាគឺជាការបង្ហាញឲ្យឃើញពីបរាជ័យជាប្រព័ន្ធនៃការអនុវត្តច្បាប់ការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជានិងពីការកើតឡើងអំពើពុករលួយនៅក្នុងវិស័យនេះ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required