គ.ជ.ប ស្នើឲ្យកម្លាំងប្រដាប់អាវុធពង្រឹងសន្តិសុខលើដំណើរការបោះឆ្នោត

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក កាលពីពេលកន្លងទៅ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំរុញឲ្យកម្លាំងប្រដាប់អាវុធបង្កើនកិច្ចការពារលើដំណើរការបោះឆ្នោត ខណៈគណបក្សមិនកាន់អំណាចមួយចំនួនគំរាមធ្វើយុទ្ធនាការទប់ស្កាត់មិនឲ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោត។

កន្លងទៅមន្រ្តី គ.ជ.ប ធ្លាប់អះអាងថា ជនបរទេសមិនចេះនិយាយភាសាខ្មែរសោះក៏អាចចុះឈ្មោះបោះឆ្នោតបានដែរ ឲ្យតែពួកគេមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែការអះអាងនេះ ត្រូវគណបក្សសង្រ្គោះជាតិប្រកាសទប់ស្កាត់ជនអន្តោប្រវេសន៍ទាំងនោះ តាមរយៈអង្កេតការណ៍ឃ្លាំមើលដើម្បីបានភស្តុតាងប្តឹងទៅតុលាការ។

ចំណែកគណបក្សអំណាចខ្មែរធ្លាប់ប្រកាសធ្វើយុទ្ធការទប់ស្កាត់មិនឲ្យជនជាតិវៀតណាមខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោតបានផងដែរ ។

ទោះជាយ៉ាងណាក្នុងពិធីប្រជុំមួយនៅព្រឹកនេះ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានស្នើឲ្យក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវចាត់វិធានការផ្លូវច្បាប់លើជនណាដែលលោកថា បង្កបញ្ហាដល់ដំណើរបោះឆ្នោត ដោយលោកបានលើកពីករណីហិង្សាកាលពីការបោះឆ្នោតឆ្នាំ២០១៣។

លោកបន្ថែមថា៖ “ដូច្នេះខ្ញុំស្នើសុំឯកឧត្តម លោក ជំទាវ លោកស្រី[កងកម្លាំងប្រដាប់អាវុធ]ទាំងអស់មេត្តាចាត់វិធានការតាមផ្លូវច្បាប់រក្សាឲ្យបាននូវស្ថានភាពនយោបាយស្ងប់ស្ងាត់ទាំងមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត”។

ក្រោយការថ្លែងចប់របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ចឲ្យត្រៀមកម្លាំង ដើម្បីការពារលើដំណើរការបោះឆ្នោតចាប់ពីដំណើរការចុះឈ្មោះរហូតដល់ចប់ការបោះឆ្នោត។

លោកបន្ថែមថា៖ “អាស្រ័យដូចនេះ គ្រប់រចនាសម្ព័ន្ធដឹកនាំទាំងអស់ ដោយផ្អែកលើច្បាប់នៃការបោះឆ្នោតនិងគោលការណ៍ផ្សេងៗរបស់ គ.ជ.ប ត្រូវយកចិត្តទុកតាមដានតាមសភាពការណ៍និងការវិវត្តផ្សេងៗឲ្យបានដិតដល់ ព្រមទាំងសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់ថ្នាក់និងអង្គភាពពាក់ព័ន្ធផ្សេងៗ ដើម្បីមានវិធានការទាន់ពេលវេលា”។

ចំណែកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា មានប្រសាសន៍ថា កម្លាំងមានសមត្ថកិច្ចបានត្រៀមខ្លួនរួចហើយ ដើម្បីអនុវត្តនូវភារកិច្ចរបស់ខ្លួនក្នុងការការពារលើដំណើរការរៀបចំការបោះឆ្នោតពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គ.ជ.ប គួរតែខិតខំរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវតាមច្បាប់ ជាជាងប្រើកម្លាំងប្រដាប់អាវុធមកទប់ស្កាត់ការតវ៉ា។

លោកបន្ថែមថា៖ “ប្រសិនណាជាការអនុវត្តនោះវាត្រឹមត្រូវហើយទៅតាមគោលការណ៍ច្បាប់ហើយ ខ្ញុំថាវាអត់មានហេតុការណ៍អីដែលអាចកើតមានរហូតទៅដល់ត្រូវការកងកម្លាំង ប្រដាប់អាវុធ ឬក៏យោធាទៅជួយទប់ស្កាត់នោះទេ។ ហើយការចុះឈ្មោះនេះ យើងដឹងហើយថា វាចាំបាបច់ត្រូវតែធានាថា មានតែពលរដ្ឋខ្មែរទេដែលមានសិទ្ធិចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត”។

គួររំលឹកថាកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ឆ្នាំ២០១៣ ប្រជាពលរដ្ឋរាប់រយនាក់នៅខេត្តកណ្តាលនិងរាជធានីភ្នំពេញបានរារាំងជនជាតិវៀតណាមមិនឲ្យចូលបោះឆ្នោត រហូតមានអំពើហិង្សារកើតឡើង ហើយសមត្ថកិច្ចបានឃាត់ខ្លួនពលរដ្ឋមួយចំនួនដែលពាក់ព័ន្ធករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ