បក្សប្រឆាំង៖ ការជួលដីជាប់ព្រំដែនឲ្យវៀតណាម នៅតែបន្ត ទោះមានការហាមឃាត់ពីរដ្ឋាភិបាល

គណបក្សប្រឆាំងរំឭករដ្ឋាភិបាលឲ្យពង្រឹងប្រសិទ្ធភាពការពារបូរណភាពទឹកដី តាមរយៈទប់ស្កាត់ការជួលដីជាប់ព្រំដែនឲ្យមានប្រសិទ្ធភាព ដោយថាដីមួយចំនួននៅតែបន្តជួលឲ្យទៅប្រទេសជិតខាង ក្រោមរូបភាពលាក់បាំងពីអាជ្ញាធរ បើទោះបីមានវិធានការទប់ស្កាត់ជិត១ឆ្នាំ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញសារាចរហាមជួលឬលក់ដីស្រែចំការឬលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ឲ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង រួមទាំងតំបន់មិនទាន់បានកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនផ្លូវការរួចជាស្ថាពរ។

រដ្ឋាភិបាលបញ្ជាក់ក្នុងសារាចរនោះថា ការជួលដីជាប់ព្រំដែនឲ្យទៅប្រទេសជិតខាង ថាបានបង្កភាពស្មុគស្មាញដល់កិច្ចការរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដេនក្នុងការអនុវត្តការងាររបស់ខ្លួន។

លិខិតចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិស្នើឲ្យប្រធានរដ្ឋាសភា លោក ហេង សំរិន ជំរុញទៅក្រសួងមហាផ្ទៃឲ្យចាត់វិធានការបញ្ឈប់ការជួលដីនៅតាមបណ្តោយព្រំដែនក្នុងខេត្តស្វាយរៀងឲ្យទៅកសិករវៀតណាម។

លិខិតដដែលលើកឡើងទៀតថា ដីដែលនៅតែបន្តជួលនោះនៅស្រុកចន្ទ្រាទំហំ៤៣៦ហិកតា។ ក្នុងនោះ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា នៅឃុំទួលស្ពឺទំហំ១៩៦ហិកតា ឃុំចន្ទ្រាទំហំ២០០ហិកតា និងសង្កាត់ប្រាសាទក្រុងបាវិតទំហំ៤០ហិកតា។

តំណាងរាស្ត្របក្សប្រឆាំងបានចោទថា ដីជាប់ព្រំដែនជាង៤០០ហិកតា ដែលនៅតែបន្តជួលឲ្យវៀតណាមធ្វើស្រែនោះ ជាការឃុបឃិតគ្នាវាងអ្នកជួលនិងអាជ្ញាធរ ដោយប្តូរឈ្មោះអ្នកជួយពីឈ្មោះវៀតណាម មកថាខ្មែរជាអ្នកជួលវិញ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង អះអាងថាលិខិតនោះ រដ្ឋសភានឹងបញ្ជូនក្រសួងមហាផ្ទៃនៅពេលឆាប់នេះ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការបន្ថែម។

អ្នកនាំពាក្យសាលាខេត្តស្វាយរៀងលោក លោក រស់ ផារិទ្ធិ អះអាងថា ដីជាប់ព្រំដែននៅក្នុងខេត្តនេះ លោកថា អាជ្ញាធរបានបញ្ឈប់ការជួលទាំងស្រុងហើយ។ លោកបានច្រានចោលការចោទប្រកាន់ថា អាជ្ញាធរជាអ្នកនៅពីក្រោយការជួលដីជាង៤០០ហិកតានេះ។

ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីរដ្ឋាភិបាលរូបនោះអះអាងថា អាជ្ញាធរពាក់ព័ន្ធនឹងបន្តចុះស្រាវជ្រាវឡើងវិញជុំវិញការរកឃើញរបស់តំណាងរាស្ត្របក្សប្រឆាំងនេះ។

លោកថា៖ «បើមានអញ្ចឹងជាក់ស្តែង យើងត្រូវតែធ្វើលិខិតជំរាបឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុកអីហ្នឹង បញ្ឈប់ការឈប់[ជួលដីឲ្យទៅវៀតណាម ]ជាបន្ទាន់ បើសិនជាមាន»

កាសែតកោះសន្តិភាពបានចុះផ្សាយនៅថ្ងៃទី២៥ខែសីហានេះថា ដីស្រែ៤០០ហិកតានៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅបន្តជួលឲ្យវៀតណាមចិញ្ចឹមបង្គានៅឡើយ។

ប៉ុន្តែអភិបាលស្រុកកំពង់ត្រាច លោក អ៊ុម ស៊ីណាត អះអាងថា ដីដែលពលរដ្ឋខ្មែរនៅបន្តជួលឲ្យវៀតណាមនោះមកដល់ពេលនេះ នៅសល់ប្រមាណជា១០០ហិកតាប៉ុណ្ណោះ ដែលលោកថាអាជ្ញាធរមិនទាន់ចាត់វិធានការបាន។ ប៉ុន្តែលោកថាអាជ្ញាធរនឹងព្យាយាមដោះស្រាយបញ្ចប់ការជួលដីនេះនៅពេលឆាប់ៗ។

លោកថា៖ «វៀតណាមក៏គេថា បងប្អូនខ្មែរក៏បានសន្យាមាត់ហើយនឹងមាត់ហ្នឹង ហើយមកដល់ពេលនេះ ក៏យើងត្រូវពន្យាពេលឲ្យគេ១ឆ្នាំដែរ»

អ្នកស្រាវជ្រាវព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិតសភា លោក សុខ ទូច ធ្លាប់ប្រាប់ VOD ថាដីរាប់ម៉ឺនហិកតា ត្រូវបានគេជួលឲ្យទៅវៀតណាម ដែលលោកថាភាគច្រើនអ្នកជួលនោះជាមន្ត្រីយោធា ដែលមានអំណាចនិងអ្នកខ្លះមានឋានៈពីរដ្ឋមន្ត្រីរហូតដល់ឧបនាយករដ្ឋមន្តី្រទៀតផង។

លោក សុខ ទូច បញ្ជាក់ថាការជួលដីនៅតាមព្រំដែនឲ្យទៅប្រទេសជិតខាងនេះ លោកថាជាគ្រោះថា្នក់សម្រាប់កម្ពុជាទៅថ្ងៃអណាគត បើវិធានការទប់ស្កាត់គ្មានប្រសិទ្ធភាព។

លោកបន្តថា៖ «ខ្ញុំគ្រាន់តែប្រាប់ពីបទពិសោធពីប្រទេសដែលមានជម្លោះ ទី១ ដូចជានៅប៉ាលីស្ទីនជាមួយអ៊ីស្រាអែល គឺកើតចេញពីការជួលដី។ ទី២ យើងមានកិច្ចព្រមព្រៀងថា បើតំបន់ណា អ្នកណាកាន់កាប់យូរ នៅបន្តកាន់កាប់ទៀត។ អញ្ចឹងហើយ បើយើងមានបញ្ហាហ្នឹង គួរកុំឲ្យគេកាន់កាប់។ ហើយចំនុចមួយទៀត ប្រជាជនដែលជួលតិចទេ ពិសេសកងកម្លាំងតែម្តង ពិសេសអ្នកដែលមានឋាននុក្រមធំៗ តួនាទីធំៗ ដែលជួលដីហ្នឹង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថាដីមួយភាគធំនៅក្នុងឃុំជ្រៃធំ ខេត្តកណ្តាល លោកថាត្រូវគេទុកចោលឲ្យនៅទំនេរ ទំនងជាកើតចេញពីវិធានការទប់ស្កាត់ការជួលដីឲ្យទៅវៀតណាមនេះ។

ប៉ុន្តែលោក មាស នី ចាត់ទុកថាជាការល្អ បើបក្សប្រឆាំងបង្ហាញភស្តុងតាងបន្ថែមទៅអាជ្ញាធរក្នុងការជំរុញស្វែងរកដំណោះស្រាយរួមគ្នាពីបញ្ហាការពារបូរណភាពទឹកដីនេះ។ ប៉ុន្តែលោកស្តីបន្ទោសថា ការអូសបន្លាយវិធានការ ទប់ស្កាត់ការជួលដីនៅជាប់ព្រំដែននេះថា ដោយសារភាពធូរលុងនៃការអនុវត្តច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ