តុលាកា​រ​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ៥ឆ្នាំ​ ករណីប្រមាថកងទ័ព

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីពេលកន្លងទៅ (រូបភាព Fresh News)

មេដឹកនាំគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ដោយតុលាការចោទថា បានប្រមាថកងទ័ព និងប្រមាថ​មេ​ដឹក​នាំរដ្ឋាភិបាលកម្ពុជា។

ការផ្តន្ទាទោសនេះ ក្រោយពីលោកសរសេរសារបង្ហោះ នៅលើទំព័រហ្វេសប៊ុកថា កូនខ្មែរនិងកងទ័ពជាតិ នឹង​ស្លាប់​នៅ​ក្នុង​សមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង។

នៅក្នុងសវនាការថ្ងៃទី២៥ខែសីហា​នេះ ចៅក្រម លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ ៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ ១០លានរៀល ពាក់ព័ន្ធសំណុំរឿង​បញ្ចេញមតិ​លើហ្វេស​ប៊ុក​ប្រមាថកងទ័ពកម្ពុជា​ ជុំ​វិញ​​ជម្លោះព្រំដែនជាមួយឡាវ​។

លោក រស់ ពិសិដ្ឋ បញ្ជាក់ថា តុលាការបានកំណត់ពេល១ខែ សម្រាប់ឲ្យមេបក្សអំណាចខ្មែររូបនេះ ប្ដឹង​ជំទាស់​ទៅ​​សាលាឧទ្ធរណ៍។

លោក សុក សំអឿន មេធាវីការពារក្ដីឲ្យលោក សួន​ សេរីរដ្ឋា យល់​ថា តុលាការសម្រេចចោទប្រកាន់និង​ផ្តន្ទា​ទោស​​កូនក្ដី​របស់លោក ជារឿងអយុត្តិធម៌ ខណៈធាតុផ្សំនៃបទល្មើសមិន​គ្រប់​គ្រាន់ នឹង​ថាកូន​ក្តី​លោក​​​​មិនបានប្រព្រឹត្តខុស​ដូចកា​រ​ចោទ​ប្រកាន់​នោះទេ​។

លោកនិយាយថា៖ «ធម្មតាកាលណាសម្រេច ​វាផ្ទុយពីសេចក្តីសន្និដ្ឋានរបស់ខ្ញុំ​ យើងវាអត់អស់ចិត្តទេ»

នៅពេលសួរថា លោកមេធាវី នឹងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ដែរឬទេ? លោកថាអាស្រ័យ​លើ​កូនក្តី​និង​ក្រុមគ្រួសារ​។

ភរិយាលោក សួន សេរីរដ្ឋា អ្នកស្រី ណៃ ចរិយា បានរៀបរាប់ទំាងទឹកភ្នែកថា តុលាការសម្រេច​ផ្តន្ទាទោសស្វាមីគាត់ ជា​រឿង​អយុត្តិធម៌ ដោយថា អ្នកស្រីនឹងដាក់ពាក់បណ្តឹង ប្តឹងទៅសាលាឧទ្ធរណ៍ ​ឲ្យជួយ​រកយុត្តិធម៌ជូន​ស្វាមី​នៅ​ពេលឆា​ប់ៗខាងមុខ​នេះ។

អ្នកស្រីនិយាយថា៖ «ប្រជាពលរដ្ឋខ្លាចក្នុងការបញ្ចេញមតិ ម្នាក់ៗប្រហែលជាគាត់លែងហ៊ានបញ្ចេញ​យោបល់ ព្រោះខ្លាច​រដ្ឋាភិបាល​ចោទប្រកាន់ពីបញ្ហានានា សេរីភាពវាដូចជាត្រូវ​គេដេរមាត់ជិតចឹង​ ខ្ញុំអត់​ចង់​​ឲ្យប្រជាធិបតេយ្យនៅក្នុងប្រទេសយើងដើរថយក្រោយទេ ចឹងយើង នឹងធ្វើការតវ៉ារហូត​ដល់ទីបញ្ចប់​»

កាលពីថ្ងៃ២៤សីហាម្សិលមិញ​ លោក សួន​ សេរីរដ្ឋា ពន្យល់ថា ពាក្យ «មេទ័ពចោរ» ដែល​លោកសរសេរនោះថា គ្រាន់តែជាការក្រើនរំឮកដល់កងទ័ពឲ្យគោរពវិន័យ និងកុំឲ្យជន​ជនខិល​ខូច​កេង​យក​ជា​ប្រយោជន៍ផ្ទាល់ខ្លួន។ លោកថា មិនបានលើកឡើងសំដៅដល់បុគ្គលណាទេ។

ករណីនេះ ប្រធានស្ដីទីគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ យល់ថា តុលាការសម្រេចផ្តន្ទាទោស​លោក សួន សេរីរដ្ឋា​ គ្មានមូលដ្ឋា​ន​គ្រឹះ​គ្រប់គ្រាន់នោះទេ ដោយលោកថា ទំនង​ជាធ្វើឡើង​ក្នុង​ន័យ​នយោ​បាយច្រើនជាង។

លោកនិយាយថា៖ «ខ្ញុំយល់ថា វាមិនមែនជារឿង​ត្រឹមត្រូវទេ​ ហើយយើងទទូច​ហើយ ទទូច​ទៀត​ រឿង​របស់លោក សួន សេរីរដ្ឋា​ មិនខុស​ពីរឿង​របស់លោក ហ៊ុន សែន របស់លោក វង សូត្រ និងរបស់លោក ទៀ បាញ់​ ទេ ដែលបានមើលងាយ​ប្រជាពលរដ្ឋ​ខ្មែរ ហើយពាក់ព័ន្ធនឹងការចោទប្រកាន់​ ញុះញ៉ង់ផ្សេងៗ ដូចខ្ញុំជម្រាប​ចឹង វាគ្មានព្យៈសនកម្មឯណា ក្រោយពីអ្វី​ដែលលោក សួន សេរីរដ្ឋា លើកឡើងទេ តុលាការ គួរតែទម្លាក់​ចំណាត់ការនេះចោល​ តែផ្ទុយទៅវិញ ខ្ញុំមើលឃើញថា​ហាក់បីដូចជារង់ចំាអ្នក​ណាម្នាក់ផ្តល់​ចម្លើយជាវិជ្ជមានមួយដល់តុលាការ​ តែទោះបីយ៉ាងណាក៏ដោយ​ ខ្ញុំសង្ឃឹមយ៉ាងមុតមំាថា​ គួរតែលើក​លែងការ​ចោទប្រកាន់នៅពេលដែលប្តឹងតវ៉ានៅសាលាឧទ្ធរណ៍​»

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៣សីហាឆ្នាំ២០១៧នេះ លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់​ចំណុច​ស្ពាន​ព្រែកព្នៅ​ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុកប្រមាថកងទ័ព។

បន្ថែមលើសនេះ ក្នុងពិធិចែកសញ្ញាបត្រមួយ កាលពីពេលកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ព្រមាន​រំលាយគណបក្សនេះចោល ដោយចោទមួយកណីទៀតថា ប្រធានគណបក្សរូបនេះ បាន​ប្រមាថ​ព្រះ​​មហាក្សត្រខ្មែរ។ ប៉ុន្តែលោក សួង សុភ័ណ្ឌ អះអាងថា មិនអាចរំលាយគណបក្សនេះបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ