អាស៊ាន​ថ្លែង​រួម​អំពី​ស្ថានការណ៍​​នៅ​ភូមា តែ​ម៉ាឡេស៊ី​ដក​ខ្លួន​ថយ​វិញ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​ថា ប្រទេស​នេះ​មិន​ចូល​រួម​ក្នុង​​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​សមាគម​អាស៊ាន ស្ដី​ពី​ស្ថានការណ៍​នៅ​រដ្ឋ​រ៉ាក់ឃីន ប្រទេស​ភូមា​នោះ​ទេ។

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​រាយការណ៍​ថា សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​សមាគម​អាស៊ាន ដែល​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ក្រៅ​កិច្ច​ប្រជុំ​នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​នោះ បាន​បង្ហាញ​នូវ​កង្វល់​របស់​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ជុំ​វិញ​ស្ថានការណ៍​វវិត្តន៍​នៅ​ភាគ​ខាង​ជើង​រដ្ឋ​រ៉ាក់ឃីន នៅ​ក្នុង​ប្រទេស​ភូមា។

សេចក្ដី​ថ្លែងការណ៍​នោះ បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃទី​២៥ ខែ​សីហា ទៅ​លើ​កង​សន្តិសុខ​ភូមា ព្រម​ទាំង​សកម្មភាព​ហិង្សា​ទាំង​អស់ ដែល​បង្ក​ឲ្យ​ជន​ស៊ីវិល​បាត់​បង់​ជីវិត ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង និង​ការ​រត់​ភៀស​ខ្លួន​មនុស្ស​រាប់​ម៉ឺន​នាក់។

ទោះជាយ៉ាងណា រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ប្រទេស​ម៉ាឡេស៊ី​យល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ាន​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានការណ៍​ជាក់​ស្ដែង​នោះ​ឡើយ។

ប្រមុខកាទូត​ម៉ាឡេស៊ី​រូប​នេះ បាន​លើក​ឡើង​ថា សេចក្ដី​ថ្លែងការណ៍​នោះ​ក៏​បាន​លុប​ចោល​ផង​ដែរ​នូវពាក្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា ក្នុង​ឋានៈ​ជា​សហគមន៍​រង​គ្រោះ។

លោក​បន្ថែម​ថា ខណៈ​ដែល​ម៉ាឡេស៊ី​ថ្កោល​ទោស​អំពើ​ហិង្សា​ថ្ងៃ​ទី២៥ ខែ​សីហា ប៉ុន្តែ ម៉ាឡេស៊ី​យល់​ថា ប្រតិបត្តិការ​បោស​សម្អាត​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ភូមា​នោះ មាន​លក្ខណៈ​មិន​សមរម្យ​នោះ​ឡើយ ហើយ​ថា ប្រតិបត្តិការ​របស់​អាជ្ញាធរ​ភូមា​បាន​នាំ​ទៅ​រក​ការ​ស្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់ និង​បណ្ដាល​ឲ្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជាង ៤​សែន​នាក់​រត់​ភៀស​ខ្លួន។

លោក អានីហ្វាហ៍ និយាយ​ថា ម៉ាឡេស៊ី​ មាន​ក្ដី​បារម្ភ​អំពី​សេចក្ដី​ថ្លែងការណ៍របស់​អាស៊ាន ប៉ុន្តែ លោក​ថា ក្ដី​កង្វល់​របស់​អាស៊ាន មិន​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នោះ​ឡើយ។ លោក​ថា ហេតុ​នេះ សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន មិន​ផ្អែក​លើ​សំឡេង​រួម​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ