អ្នកស្រី មឺគែល បន្ត​ឈ្នះ​សម្រាប់​អាណត្តិ​ទី​៤ តែ​បក្ស​ស្ដាំ​និយម​កើន​សំឡេង​នៅ​ក្នុង​សភា

អធិកាបតី​អាល្លឺម៉ង់​អ្នកស្រី អែនជឺឡា មឺគែល បាន​ទទួល​ជោគ​ជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ ជ័យជម្នះ​របស់​អ្នកស្រី សម្បូរ​ទៅ​ដោយ​សមាជិក​សភា​ស្ដាំ​និយមជ្រុល ដែល​ជា​កម្លាំង​ជាតិ​និយម​ថ្មី គិត​ចាប់តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​មក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត អ្នកស្រី មឺគែល ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល ១២​ឆ្នាំ​មក​ហើយ​នោះ ទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣៣​ភាគរយ សម្រាប់​គណបក្ស​​សហភាព​គ្រីស្ទាន​របស់​អ្នក​ស្រី។

ចំណែក​ឯ​គូ​ប្រជែង​របស់​អ្នកស្រី គឺ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម និង​បេក្ខជន លោក Martin Schulz បាន​ទទួល​សំឡេង​គាំ​ទ្រ​យ៉ាង​ប្រកៀក​ប្រកិត​ជាមួយ​អ្នកស្រី មឺគែល។

ប៉ុន្តែ សម្រាប់​ក្រុម​ដែល​ប្រឆាំង​នឹង​ពួក​ឥស្លាម ប្រឆាំង​នឹង​ចលនា​អន្តោប្រវេសន៍ ឬ​គណបក្ស​ AFD វិញ ប្រមូល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ១៣​ភាគរយ ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​ក្លាយ​ជា​កម្លាំង​នយោបាយ​ធំ​លំដាប់​ទី​៣ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

សម្រាប់​ជោគ​ជ័យ​របស់​គណបក្ស​ AFD នេះ ក្រុម​អ្នក​អត្ថាធិប្បាយ​នានា បាន​ហៅ​ជោគ​ជ័យ​របស់​បក្ស​នេះ​ថាជា «ផ្ទាំង​រលក» នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាធារណរដ្ឋ​អាល្លឺម៉ង់។ ចំណែក​កាសែត Bild ដែល​ជា​សារព័ត៌មាន​ធំបំផុត​របស់​អាល្លឺម៉ង់ បាន​ហៅ​ជ័យ​ជម្នះ​របស់​បក្ស​នេះ​ថា «ការ​ញ័រ​រញ្ជួយ​នៅ​ក្នុង​នយោបាយ»។

ក្រុម​អ្នក​គាំទ្រ​បក្ស​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​បក្ស​នៅ​ទីក្រុង​ប៊ែរឡាំង ស្រែក​ហ៊ោ​អបអរ​ដោយ​ក្ដី​រីករាយ ខណៈ​ដែល​ទូរទស្សរន៍​បាន​រាយការណ៍​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

គណបក្ស​ជាតិ​និយម​មួយ​នេះ​ដែល​ទើប​តែ​មាន​អាយុ ៤​ឆ្នាំ និង​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ស្ដាំ​និយម​ ឬ​គណបក្ស​ចរណសិរ្ស​ជាតិ​បារាំង នៅ​ក្នុង​ប្រទេស​បារាំង និង​គណបក្ស UKIP របស់​អង់គ្លេសនោះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​ទេ ប៉ុន្តែ គណបក្ស​នេះ​នៅ​តែ​អាច​កសាង​មូលដ្ឋាន​គាំ​ទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្លា នៅ​តំបន់​ដែល​ជា​អតីតអាល្លឺម៉ង់​ខាង​កើត ឬ​អតីត​រដ្ឋ​កុម្មុយនីស្ដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ