វិភាគ៖ អ្វីជាកត្តារារាំង ដល់ការអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល២៤ឆ្នាំមកនេះ?

ដោយ លោក ញឹម សុខន​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 8:40 AM | បទវិភាគ | 0 | 1895 រដ្ឋសភា (គឹម ហុង)

ក្រោយពីមានកិ​ច្ចព្រមព្រៀ​ងសន្តិភាព​ទីក្រុ​​ងប៉ារីស កម្ពុជាបានប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញឡើងវិញ អំឡុងឆ្នាំ១៩៩៣ ពោល គឺមានរយៈពេល២៤ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០១៧នេះ។

មាត្រា៥១ថ្មី ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុ​វត្តនយោបាយប្រជាធិបតេយ្យ​សេរីព​ហុ​បក្ស​។ អំណាច​​បែ​​​ងចែ​ក​ដាក់ពីគ្នា រ​វាង​​​អំណាចនីតិប្បញ្ញត្តិ (រដ្ឋសភា) អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) និ​​ង​​​​អំណា​ចតុ​លាការ»។

ចំណែក មាត្រា​៨០ ក៏ចែងដែរថា «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណា ក៏ដោយ មិ​នអាចត្រូវ​បា​ន​ចោ​ទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ ឃុំខ្លួន ដោយហេតុពីបានសំដែងមតិយោបល់ ឬ បញ្ចេញមតិ ក្នុង​កា​រ​បំ​​​​​ពេ​​ញ​មុខងាររបស់ខ្លួនសោះឡើយ»។

​រីឯមាត្រាខ្លះទៀត​ ក៏បានចែងផងដែរពី សិទ្ធិបោះពុម្ភផ្សាយ សិទ្ធិធ្វើន​យោបា​យ​ ដោយ​​ស្មើ​ភាព​គ្នា ការ​ដណ្តើមអំណាច ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង​​​យុ​ត្តិធម៌ជាដើម។

ប៉ុន្តែជាង២០ឆ្នាំមកនេះ ថ្មីត្បិតតែមានគណបក្សតូចៗជាច្រើន បានចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ជាមួ​យបក្សកាន់អំណាច មានប្រព័ន្ធផ្សព្វផ្សាយចម្រុះ មានអង្គការក្រៅ​រដ្ឋាភិបាលជាច្រើន បាននឹងកំពុ​ងធ្វើ​​សក​ម្មភាព​លើ​កស្ទួ​យ​​សិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោត ក៏ដោយ តែមួយរយៈចុងក្រោយនេះ សំ​ឡេងអ្នករិះគន់រដ្ឋាភិបាល ទាំងនោះ ត្រូវបានបិទខ្ទប់។

ចំណែកនាពេលថ្មីៗនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធ​នា​គារ ទាំង​មា​នអភ័យឯកសិទ្ធិសភា ពោល ចោទប្រកាន់ដូចរដ្ឋាភិបាលដែរ ខណៈការបោះឆ្នោ​តជ្រើ​ស​តាំងតំ​ណាង​រាស្ត្រ ខិតជិតមកដល់។

តើអ្វីជាកត្តារារាំងដល់ការអនុវត្តរដ្ឋធម្មនុញ្ញ រយៈពេល២៤ឆ្នាំមកនេះ?

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា មានកត្តាធំៗពីរ ដែលសភា មិ​នបា​នបំពេញតួនាទីរបស់ខ្លួន ឲ្យបានពេញលេញ រយៈពេល២៤ឆ្នាំកន្លងមក ក្រោយពី​ប្រកាស​ឲ្យប្រើរដ្ឋធម្មនុញ្ញនេះ។

បើតាមលោក ឡៅ ម៉ុងហៃ កត្តាទី១ ក្នុងមួយសប្តាហ៍ រដ្ឋសភា ត្រូវទុកពេលមួយថ្ងៃ ឲ្យរដ្ឋមន្ត្រី ឬនា​យ​ករដ្ឋមន្ត្រី មកឆ្លើយសំនួរ ក្រុមអ្នកតំណាងរាស្ត្រក្នុងសភា ដើម្បីតាមដានការអនុវត្តច្បាប់ និងទី២ សភា ហា​ក់ខកខានពង្រឹងយន្តការ តាមដានការអនុវត្តច្បាប់នានា ដើម្បីធានាយុត្តិធម៌សង្គម។

លោក ឡៅ ម៉ុងហៃ វិភាគថា កត្តាទាំងនេះ ជំរុញឲ្យការអនុវត្តច្បាប់បច្ចុប្បន្ន ហាក់មាន​​រូបភាព​ប្រជា​​ធិប​តេយ្យ ​នៅសម្បកក្រៅ តែខ្លឹមសារខាងក្នុងបែបកុម្មុនិស្ត។ លោកថា របបកុម្មុយនិស្ត បានយកប្រព័ន្ធតុ​លាកា​រ ​ធ្វើជា​​​ឧបករណ៍ កម្ទេចដៃគូប្រកួត ដោយថា អ្នកទាំងនោះជាខ្មាំង។

លោកថា៖ «ទម្រង់ខាងក្រៅ យើងមើលឃើញដូចរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងវាអត់បានអញ្ចឹងទេ គឺប្រព័ន្ធច្បាប់ឬមនោគមន៍វិទ្យាច្បាប់ គឺជំនាន់សូវៀត ឥឡូវនៅវៀតណាម និងនៅ​ចិនដែរហ្នឹង គឺតុលាការគេអត់ឲ្យឯករាជ្យទេ ហើយអត់ឲ្យគោរពសិទ្ធិទេ ឬគោរពតិចតួច ជាក់ស្តែ​ងឃើញអញ្ចឹងមែនគឺប្រើប្រាស់ច្បាប់ដើម្បីកម្ទេចខ្មាំងរបស់បក្ខ»។

លោក ឡៅ ម៉ុងហៃ វិភាគដែរថា ជាគោលការណ៍ បើរបបដឹកនាំមួយ មិនគោរពរដ្ឋធម្មនុញ្ញ លោកថា របបដឹកនាំនោះ នឹងទទួលយកឥទ្ធិពលរបបផ្តាច់ការ ដោយមិនដឹងខ្លួន។

លោកថា៖ «រដ្ឋធម្មនុញ្ញបានកំណត់អំណាច កម្រិតអំណាច បានបែងចែងអំណាច ឥឡូវនេះគេឈប់ គោរពអនុវត្តរដ្ឋធម្មនុញ្ញទៅ វាទៅជាយ៉ាងម៉េច? ទៅជាលែងគោរពច្បាប់ ហើយតាំងពីដើមមក អ្នកប្រា​ជ្ញចែ​ងជា​គោលការណ៍ហើយថា កាលណាអស់ច្បាប់ហើយ គឺប្រទេសហ្នឹងទៅជាប្រ​ទេសផ្តាច់ការ​ហើយ។ ច្បាប់ចប់ ផ្តាច់ការចាប់ផ្តើម អាហ្នឹងពាក្យស្លោកគេ គេចែងអញ្ចឹងមក»។

បើតាមលោក ឡៅ ម៉ុងហៃ តុលាការនៅប្រទេសកុម្មុយនិស្ត ដូចជានៅប្រទេសវៀតណាម និងមហាអំណាចចិនផងនោះ ពួកគេមានតួនាទីពីរ គឺអនុវត្តច្បាប់ផង អនុវត្តគោលការណ៍បក្សផង។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគប្រហាក់ប្រហែលដែរថា ភាពកំសោយ​នៃ​ស្ថា​​ប័នរដ្ឋសភា ជំរុញឲ្យច្បាប់មួយចំនួនបង្កើតឡើងចង មន្ត្រីអនុវត្តច្បាប់​ មិនអាចដកខ្លួ​នចេញ​ពីឥទ្ធិ​ពល រប​ស់អ្នកនយោបាយបាន។

លោកថា៖ «ប្រព័ន្ធតុលាការអនុវត្តបាន វាទាល់តែប្រព័ន្ធតុលាការហ្នឹងឯករាជ្យ បើប្រព័ន្ធតុលាការតែងតាំងចេ​ញពី​រដ្ឋា​ភិបាលទៅកាត់ទោសរ​ដ្ឋាភិបាលយ៉ាងម៉េចកើត។ អាហ្នឹងហើយដែលជាបញ្ហាចោទ២៤ឆ្នាំហើយ រដ្ឋធម្មនុញ្ញយើងនៅមានកម្រិតមួយមិនអាចបំពេញចិត្តពលរដ្ឋយើងបានទេ»។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា រចនាសម្ព័ន្ធដឹកនាំបែបនេះ លោកថា បាន​ផ្តល់អំណោ​យផល​ចំណេ​​ញ​​ច្រើ​នដល់បក្សកាន់អំណាច ហើយថា អ្នកដែលងា​យរងគ្រោះ គឺដៃគូប្រកួត និ​ងពលរដ្ឋដែ​លងា​យ​រង​គ្រោះ​។

លោកថា៖ «បើប្រព័ន្ធតុលាការ នៅក្រោមឥទ្ធិពលរដ្ឋាភិបាល វាបង្កបញ្ហាដូចបច្ចុប្បន្ននេះ ខ្ញុំគិតថា​សង្គមយើ​ងពិបាក​នឹងពង្រឹងច្បាប់ ពិបាកនឹងដឹកនាំប្រទេសទៅជានីតិរដ្ឋណាស់»

លោក ឯម សុវណ្ណារ៉ា បានលើកឧទារណ៍ករណីចា​ប់ខ្លួន មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទាំងមាន​អភ័​យឯកសិទ្ធិសភា និងការចាប់ខ្លួន លោក អ៊ុំ សំអាន ដែលធ្លាប់រិះគន់បញ្ហាព្រំដែនជាដើម។

សរុបជារួម អ្នកវិភាគថា២៤ឆ្នាំ មកនេះ រដ្ឋធម្មនុញ្ញ នូវតែរងការរំលោភបំពាន ប្រជាធិបតេ​​យ្យរីកចម្រើ​នតិច​តួច ប្រព័ន្ធយុត្តិធម៌នៅតែជាឧបករណ៍របស់អ្នកនយោបាយ។

ប៉ុន្តែពួកគេព្រមានថា បើអំពើអយុត្តិធម៌ រីករាលដាល់កាន់តែធំ ហើយគ្មានការធ្វើកំណែទម្រង់ទេ ពួកគេថា​ផ​លវិបាក​នឹងធ្លាក់​លើរដ្ឋាភិបាលវិញ នៅថ្ងៃបោះឆ្នោត៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required