ប្រទេសកម្ពុជា គ្រោងរៀបចំឲ្យមានព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដោយលើកឡើងថា ព្រឹត្តិការណ៍នេះ ជាកំណែទម្រង់ សម្រាប់ត្រៀមលក្ខណៈ ក្នុងការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤ ខែតុលា ក្រសួងអប់រំឲ្យដឹងថា ក្រសួង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំឲ្យមានការប្រកួតកីឡាជាតិលើកទី១ ដែលមានរយៈពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ តុលានេះ រហូតដល់ថ្ងៃទី៥ វិច្ឆិកា នៅពហុកីឡាដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ និងនៅខេត្តកំពង់ចាម។
ព្រឹត្តិការណ៍កីឡាជាតិលើកទី១ នឹងចាប់ផ្តើមបើកនៅថ្ងៃទី២៨ ខែតុលា ដោយមានការលោតឆ័ត្រយោង ការសម្តែងក្បាច់គុណ សិល្បៈចម្រៀង និងអាយ៉ៃផងដែរ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ក្រសួងអប់រំ បានអះអាងថា ការបង្កើតឲ្យមានព្រឹត្តិការណ៍នេះ ជាកំណែទម្រង់នៃការប្រកួត និងជាការសាកល្បង ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាជាតិ និងហ្វឹកហ្វឺនជំនាញកីឡា ឲ្យមានចំណេះដឹង និងបទពិសោធន៍ សម្រាប់ត្រៀមក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្រសួងអប់រំបានឲ្យដឹងដែរថា កីឡាសម្រាប់ការប្រកួត នឹងមានចំនួន១៥ប្រភេទ ត្រូវជា១៨៩វិញ្ញាសា និងមានកីឡាករ កីឡាការិនីចូលរួមប្រមាណ ២ ៦៣៧នាក់៕