គ.ជ.ប ស្នើ​រដ្ឋាភិបាល​ ចេញលិខិត​បញ្ជាក់​ទីលំ​នៅដល់​ប្រជា​ជន ដើម្បីចុះឈ្មោះបោះឆ្នោត

គ.ជ.ប

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជម្រុញឲ្យក្រសួងមហាផ្ទៃធ្វើការណែនាំទៅអជ្ញាធរឃុំ សង្កាត់ ក្នុងការយកចិត្តទុកដាក់ និងពង្រឹងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ឲ្យបានម៉ឹងម៉ាត់ត្រឹមត្រូវ។

ការចេញលិខិតរបស់គ.ជ.ប គឺធ្វើឡើងបន្ទាប់ពីបក្សប្រឆាំងបានដាក់លិខិតស្នើសុំជួយអន្តរាគមន៍ករណី ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃមួយចំនួនត្រូវបានអជ្ញាធរឃុំ សង្កាត់នៅតាមបណ្តោយព្រំដែនបដិសេធក្នុងការចេញលិខិរបញ្ជាក់ទីសំណាក់ឲ្យពួកគាត់។

ក្នុងលិខិតចុះថ្ងៃទី២៤ ខែតុលា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើរដល់ក្រសួងមហាផ្ទៃឲ្យធ្វើការណែនាំទៅដល់មន្ត្រីឃុំសង្កាត់របស់ខ្លួន ឲ្យពង្រឹងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ ជូនប្រជាពលរដ្ឋក្នុងគោលដៅនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ។

ក្នុងលិខិតនោះសរសេរថា៖ « .. បានសង្កេតឃើញថា នៅមានមេឃុំ ចៅសង្កាត់មួយចំនួនតូចមិនទាន់បានអនុវត្តត្រឹមត្រូវល្អិតល្អន់តាមនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោតនេះនៅឡើយ ទោះបីជាប្រជាពលរដ្ឋមានសាក្សី និងបំពេញគ្រប់លក្ខខណ្ឌស្របតាមការកំណត់មកធានាហើយ តែនៅទាមទារឯកសារផ្សេងបន្ថែមដែលច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងប្រកាសរបស់ក្រសួងមហាផ្ទៃមិនបានតម្រូវ»

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនគណបក្សសង្គ្រោះជាតិបានលើកឡើងថាពលករខ្មែរធ្វើការនៅថៃប្រមាណ៦០០នាក់ បានសុំចុះឈ្មោះនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៩និងថ្ងៃទី១៦ខែតុលា ប៉ុន្តែអាជ្ញាធរឃុំមិនព្រមចុះឲ្យដោយសារពលរដ្ឋទាំងនោះមិនមានឯកសារបញ្ជាក់លំនៅឋាននៅក្នុងដែនដីនោះ។

គ.ជ.ប ចាប់ផ្តើមចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីដែលត្រូវឲ្យពលរដ្ឋចុះឈ្មោះថ្មីទាំងអស់គ្នាចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ