គណបក្សថ្មីមួយថានឹងស្វែងរកការពិតរឿងដោះដូរដីជាមួយវៀ​តណាម

រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ

គណបក្សថ្មីមួយអះអាងថា ខ្លួននឹងស្វែងរកការពន្យល់ពីរដ្ឋាភិបាល រឿងដោះដូរដីភូមិជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដោយថាការសម្រេចនោះអាចនឹងធ្វើឲ្យកម្ពុជាបាត់ទឹកដីដូចពីអតីតកាល។

កាលពីសប្តាហ៍មុនគណៈកម្មាធិការព្រំដែនកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង បានជួបប្រជុំជាមួយភាគីវៀតណាមនៅទីក្រុងហូជីមិញ។ ក្រោយកិច្ចប្រជុំ សារព័ត៌មានវៀតណាមបានផ្សាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាដោះដូរដីភូមិនៅជាប់ព្រំដែន ដើម្បីសម្រួលដល់ការរស់នៅជាក់ស្តែងរបស់ពលរដ្ឋនៃភាគីទាំងពីរ។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ ឲ្យVODដឹងថា នៅថ្ងៃពុធស្អែកនេះលោកនឹងដាក់លិខិតផ្លូវការមួយច្បាប់ទៅក្រសួងការបរទេសកម្ពុជា។ លោកថាខ្លឹមសារក្នុងលិខិតនោះគឺសុំជួបមន្ត្រីក្រសួងការបរទេស និងគណៈកម្មាការព្រំដែនកម្ពុជា ដោយថាដើម្បីឲ្យមន្ត្រីទាំងនោះពន្យល់ពីមូលដ្ឋានច្បាប់ដែលកម្ពុជាព្រមដោះដូរដីភូមិមួយចំនួននៅជាប់ព្រំដែនជាមួយរៀតណាម។

បើតាមលោក ពេជ្រ ស្រស់ ការសុំជួបនេះដោយលោកបារម្ភថា ទឹកដីកម្ពុជាក្រោមដែលវៀតណាមយកទៅគ្រប់គ្រងរហូតសព្វថ្ងៃ លោកថាប្រវត្តិសាស្ត្របង្ហាញដោយសារតែអ្នកនយោបាយខ្មែរជំនាន់នោះអសមត្ថភាពក្នុងការតតាំងជាមួយអាណានិគមនិយមបារាំងនិងអាជ្ញាធរវៀតណាម។ លោកថាការស្វែងរកការបញ្ជាក់ពីរដ្ឋាភិបាល នៅពេលនេះ លោកថាដើម្បីកុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដី។

លោកថា៖ «ខ្ញុំចង់ដឹងឲ្យច្បាស់ ដើម្បីធ្វើជារបាយការណ៍មួយឲ្យប្រជាពលរដ្ឋបានដឹងថា គេ[រដ្ឋាភិបាល]កាត់ដីយ៉ាងម៉េចអីយ៉ាងម៉េច គេដោះដូរដីរបៀបម៉េច ក្នុងបទដ្ឋានគតិយុទ្ធយ៉ាងម៉េចបានគេដោះដូរភូមិគ្នាអញ្ចឹង។ ដើម្បីយើងមើលទៅថា តើគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចរាល់ថ្ងៃហ្នឹង គាត់នៅក្រោយអាយ៉ងរបស់វៀតណាមជាក់ស្តែង ឬគាត់ធ្វើក្នុងបច្ចេកទេសណាមួយដើម្បីឲ្យកម្ពុជាចំណេញ។ អញ្ចឹងយើងត្រូវចូលឲ្យដល់កន្លែងដែលគាត់ធ្វើការហ្នឹងតែម្តង យើងមិនអាចនៅតែពីខាងក្រៅ មើលតែពីខាងក្រៅទៅ ហើយឃើញតែលិខិតស្នាមគាត់មួយសន្លឹកមក យើងឯកភាពតាមទៅ យើងអត់អាចធ្វើអញ្ចឹងបានទេ បាទ!»។

បើតាមរបាយការណ៍របស់ក្រសួងការបទេសគិតត្រឹមខែតុលានេះ ក្រសួងបានធ្វើកំណត់ទូតចំនួន២៤ហើយផ្ញើទៅវៀតណាមឲ្យបញ្ឈប់សកម្មភាពធ្វើជីកស្រះ ធ្វើផ្លូវ និងប៉ុស្តិ៍យាមនៅតំបន់ហាមឃាត់(តំបន់ស)ជាប់ព្រំដែន ប៉ុន្តែអាជ្ញាធរខ្មែរជាប់ព្រំដែនថា វៀតណាមនៅតែបន្តសាងសង់ដដែល។

ប្រធានគណបក្សថ្មីរូបនោះអះអាងទៀតថា នៅពេលបានជួបមន្ត្រីរដ្ឋាភិបាល លោកនឹងសួរផងដែរថា ហេតុអ្វីបានជាកម្ពុជាមិនជំរុញឲ្យវៀតណាមបញ្ឈប់សកម្មភាពត្រង់ចំនុចដែលកម្ពុជាធ្លាប់ស្នើ ហើយបែរជាទៅព្រមព្រៀងរឿងដោះដូរភូមិជាប់ព្រំដែនទៅវិញ។

លោកថា៖ «គេរំលោភដីយើង ហើយយើងនៅតែព្យាយាមធ្វើកំណត់ទូត២៤ទៀត ប៉ុន្តែលទ្ធផលការងារបានត្រឹមថា ដោះដូរភូមិ ប៉ុន្តែអារឿងថារំលោភជីកស្រះជីកអីហ្នឹង អត់ទាន់បាននិយាយ ទៅនិយាយរឿងដោះដូរភូមិ អាចំណុចហ្នឹង ជាចំណុចសង្ស័យរបស់ខ្ញុំ បានជាខ្ញុំប្រកាសធ្វើលិខិតសុំជួបក្រសួងការបទេសនិងគណៈកម្មាធិការព្រំដែនតែម្តង»។

វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយទេ។

គណៈកម្មាធិការព្រំដែនកម្ពុជារហូតមកដល់ពេលនេះ មិនទាន់បានចេញប្រកាសជាសាធារណៈពីលទ្ធផលនៃកិច្ចប្រជុំនោះទេ។ ប៉ុន្តែប្រធានគណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានថា ការសម្រេចដោះដូរភូមិជាមួយវៀតណាមនោះ លោកថាធ្វើឡើងតាមកិច្ចព្រមព្រៀង(MoU)ឆ្នាំ២០១០។ សន្ធិសញ្ញាឆ្នាំ១៩៨២-១៩៨៣ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។

តំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន មានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវរដ្ឋាភិបាលប្តឹង ហើយបច្ចុប្បន្នអ្នកទាំងពីរកំពុងជាប់ពន្ធនាគារ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា ការដោះដូរដីភូមិជាប់ព្រំដែនជាមួយវៀតណាមនេះ លោកថាមិនមែនជារឿងថ្មីទេ ដោយលោកបានរំលឹកថាកាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពេល៥ម៉ោង២០នាទី និយាយពីបញ្ហានេះក្នុងកិច្ចប្រជុំសភាពេញអង្គ។

ប៉ុន្តែលោក ម៉ៅ មុនីវណ្ណា អះអាងថា បើការដោះដូរនោះគ្មានតម្លាភាព តំណាងរាស្ត្របក្សប្រឆាំងនឹងពិចារណា ចេញលិខិតកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរដេញដោលក្នុងសភា។

លោកថា៖ «ខ្ញុំបានស្នើយូរហើយៗ ស្នើសុំឲ្យបង្ហាញថាត្រង់ណាដែលវៀតណាមត្រូវសងមកយើង ហើយត្រង់ណាដែលយើងបាត់បង់់ទៅ។ បើសិនជាអី្វ[ការដោះដូរ]ជាអាថកំបាំង អ្វីដែលមិនច្បាប់លាស់ ជាកាតព្វកិច្ចរបស់តំណាងរាស្ត្រ ត្រូវតែសួរហើយ»។

បើតាមការអះអាងរបស់លោក ហ៊ុន សែន ពលរដ្ឋវៀតណាមដែលរស់នៅតាមព្រំដែនចូលដីកម្ពុជាជាង២ពាន់ហិកតា ចំណែកពលរដ្ឋកម្ពុជាវិញបានចូលទៅដីវៀតណាមជាង១ពាន់ហិកតា ដូចនេះវៀតណាមត្រូវរកដីជាង១ពាន់ហិកតាសងមកកម្ពុជាវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ