បទយកការណ៍៖ អ្នកធ្វើដំណើរតាមផ្លូវនៅរាជធានីភ្នំពេញត្អូញត្អែរពីការកកស្ទះចរាចរណ៍

សកម្មភាព​ចរាចរណ៍​នៅ​កម្ពុជា​កន្លង​មក

រាជធានីភ្នំពេញត្រូវបានរដ្ឋាភិបាលដាក់ឈ្មោះថាជា «ទីក្រុងគុជ»។ តែទន្ទឹមនោះ ទីក្រុងនេះត្រូវបានមហាជនមួយចំនួនរិះគន់ឥតឈប់ឈរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដើមចមដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរិះគន់ ដោយសារភ្លៀងខ្លំាងស្ទះលូរំដោះទឹកនិងបណ្តាលឲ្យលិចផ្ទះសំបែងពលរដ្ឋ។ លើសពីនេះទៀត ពេលធ្វើដំណើរតាមដងផ្លូវមួយចំនួន គឺមានការកកស្ទះចរាចរណ៍ជាដើម បើទោះបីជារដ្ឋាភិបាលបានធ្វើស្ពានអាកាសមិនតិចជាង៤កន្លែង សម្រាប់សម្រួលកុំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងណាក៏ដោយ។

អង្គុយលើម៉ូតូក្បែរចិញ្ចឹមផ្លូវម្តុំផ្សារស្ទឹងមានជ័យចាស់ អ្នកដំណើរ កញ្ញា ឆាយ ស្រីលក្ខណ៍ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ជារឿងរាល់ថ្ងៃ។ កញ្ញាថា ករណីនេះធ្វើឲ្យនាងធុញទ្រាន់និងខាតពេលវេលា៖ «ឃើញអ្នកខ្លះបត់អត់ដឹងស្ទះចរាចរណ៍ បត់ខ្វែងគ្នា ខ្លះអត់គោរពច្បាប់ចរាចរណ៍ចេះតែបត់ ដ៏ស្ទះម្តងៗមានតែកន្លះម៉ោង មានអារម្មណ៍ថាធុញ ឆ្លងថ្នល់ម្តងៗ ខាតពេលវេលា»។

អ្នកដំណើរមួយចំនួនបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ចរាចរណ៍នៅភ្នំពេញមានការកកស្ទះចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៨.៣០ព្រឹក ម៉ោង១២ថ្ងៃត្រង់ និងម៉ោង៤.៣០ដល់ម៉ោង៧ល្ងាច។ ពួកគេថាតំបន់ដែលកកស្ទះទំាងនោះរួមមាន នៅផ្សារនាគមាសដល់ស្តុបផ្សារដើមគ ពីវត្តស្ទឹងមានជ័យដល់ផ្សារស្ទឹងមានជ័យថ្មី ក្បែរផ្លូវបំបែកចំការដូង ម្តុំលូប្រាំផ្លូវវេងស្រេង  ផ្លូវលេខ២៧១ក្បែរវិទ្យាល័យសាមគ្គីរហូតដល់ស្តុបណូគា (Nokia) ម្តុំស្ពានអាសកាសក្បាលថ្នល់ចាស់ឆ្ពោះទៅកៀនស្វាយ ម្តុំស្ពានអាកាសពេទ្យលោកសង្ឃឆ្ពោះទៅផ្លូវត្រឡោកបែក ម្តុំវត្តទឹកថ្លាដល់ស្តុបផ្សារដីហុយ និងម្តុំរង្វង់មូលក្បាលស្ពានជ្រោយចង្វារទិសខាងលិចផងដែរ។

លោក ចាន់ ជឿន បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅម្តុំលូប្រាំ ផ្លូវវេងស្រេង ថាការកកស្ទះចរាចរណ៍ ដោយសារអាជ្ញាធរដាក់ទ្រូងផ្លូវ ខ្លះទៀតយកចំនីផ្លូវរដ្ឋប្រកបមុខរបរ និងខ្លះទៀតធ្វើដំណើរមិនគោរពច្បាប់ចរាចរណ៍ជាដើម៖ «ស្ទះទ្រូងផ្លូវដោយសារជៀសគ្នាអត់បាន ដោយសារទ្រូងផ្លូវ ទើសផ្លូវបត់បែនច្រើន ធ្វើឲ្យស្ទះដំណើរធ្វើការផង ដំណើររកស៊ីផង ធ្វើឲ្យយើងពិបានរកផ្លូវបត់បែន ផ្លូវវាឆ្ងាយ»។

អ្វីដែលគួរឲ្យកត់សំគាល់ទៀតនេះ លោកថានៅពេលមេឃភ្លៀងខ្លំាងម្តងៗនៅកន្លែងមួយចំនួនក្នុងរាជធានីភ្នំពេញទឹកលិចត្រឹមជង្គុង ជាហេតុធ្វើឲ្យកកស្ទះចរាចរណ៍ច្រើនម៉ោងផងដែរ។

ខណៈស្ទះចរាចរណ៍ទៅមុខមិនរួច លោក សុខ ចេង បានបន្ទោសការកកស្ទះចរាចរណ៍នេះថាមកពីរដ្ឋាភិបាល    អសមត្ថភាពក្នុងការរៀបចំរចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ដោយថាករណីនេះជាដើមចមធ្វើឲ្យកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ៖ «ដោយសារអសមត្ថិភាពរបស់រដ្ឋាភិបាល មិនបានរៀបចំរចនាសម្ព័ន្ធឲ្យល្អ ដ៏អញ្ចឹងស្ទះ ចំាមើលតែមួយសន្ទុះទៀតដឹងហើយ ផ្លូវហ្នឹងម៉េច»។

ការស្ទះចរាចរណ៍នេះមិនមែនកើតឡើងតែពេលភ្លៀងខ្លាំងឬចំពេលដែលពលរដ្ឋនាំគ្នាចេញទៅធ្វើការនោះទេ គឺការស្ទះចរាចរណ៍ក៏កើតមានផងដែរ នៅពេលសមត្ថកិច្ចបិទផ្លូវដើម្បីការពារគណៈប្រតិភូរដ្ឋាភិបាល។

អ្នកលក់ដូនៅម្តុំវត្តទឹកថ្លា កត់សំគាល់ថា នៅព្រឹកថ្ងៃទី២៥  ខែតុលានេះ ក៏មានការកកស្ទះចរាចរណ៍ជិត១ម៉ោង ដោយថាអាជ្ញាធរបិទចរាចរណ៍រយៈពេលខ្លី ខណៈប្រមុខរដ្ឋាភិបាលធ្វើដំណើរទៅក្រៅប្រទេស៖ «ព្រឹកមិញចាប់ពីម៉ោង៦ព្រឹក គឺគេ(អាជ្ញាធរ)មិនឲ្យយើងលក់រហូតដល់ម៉ោង៨ព្រឹកមិញ សម្តេចចេញទៅក្រៅបានយើងអាចលក់បាន សម្រាប់ខ្ញុំលក់ដូរពិបាក និយាយរួម គេបិទ គេមិនមែនបទតែផ្លូវទេ គេបិទមិនឲ្យលក់ដូរទៀត ស្ទះកាលណាមានក្បួនគេអត់ឲ្យលក់ដូរទេ ហើយយើងរឹងទទឹង(លក់ដូរ) គេចាប់យើងយកទៅខ័ណ្ឌបាត់ហើយ»។

សរុបមកវិញការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនេះ អ្នកដំណើរថាដោយសារកក្តាមេឃភ្លៀងស្ទះលូលិចផ្លូវមួយចំនួន នាំឲ្យអ្នកដំណើសម្រុកឡើងមកផ្លូវខ្ពស់ៗ ការដាក់របាំងទ្រូងផ្លូវ ការយកចំណីផ្លូវរដ្ឋលក់ដូរអនាធិតេយ្យ អ្នកបើកបរមួយចំនួនមិនគោរពច្បាប់ចរាចរណ៍និងការបិទផ្លូវរយៈពេលខ្លីសម្រាប់ទុក គណៈប្រតិភូជាន់រដ្ឋាភិបាលធ្វើដំណើរជាដើម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក  មាន ចាន់យ៉ាដា ច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនដែលថារដ្ឋាភិបាលអសមត្ថិភាពក្នុងការទប់ស្កាត់ការកកស្ទះចរាចរណ៍ ដោយលោកថារដ្ឋាភិបាលកំពុងធ្វើកិច្ចការនេះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការកកស្ទះចរាចរណ៍នៅភ្នំពេញផងដែរ៖ «យើងមានវិធានការធំៗច្រើន គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសផ្លូវក្រវ៉ាត់ក្រុងជុំវិញរាជធានី ដើម្បីរុញឡានធំមិនឲ្យចូលរាជធានី ទីពីរពង្រឹងសណ្តាប់ធ្នាប់លក់ដូរ ហើយនិងសណ្តាប់ធ្នាប់ចិញ្ចឹមថ្នល់ ទីបីយើងបានពង្រាយបន្ថែមនៅកម្លំាងប៉ូលីសចរាចរណ៍ឈរនៅលើដងផ្លូវ នៅកន្លែងផ្លូវខ្វែងដែលមិនទាន់មានភ្លើងស្តុប កក្តាទំាងអស់ហ្នឹងហើយ ដែលជាកក្តាដែលយើងបានខិតខំប្រឹងប្រែង ដើម្បីចូលរួមកាត់បន្ថមបញ្ហាកកស្ទះ»។

យ៉ាងណាក៏ដោយលោក មាន ចាន់យ៉ាដា ស្នើឲ្យប្រជាពលរដ្ឋចូលរួមរំដោះចរាចរណ៍ជាមួយអាជ្ញាធរ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

អ្នកដំណើរនៅម្តុំរង្វង់មូលស្ពានជ្រោយចង្វាយត្រើយខាងលិច លោក ស៊ន រ៉ាវុទ្ធ ស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រីកផ្លូវ ទប់ស្កាត់អ្នកលក់ដូរអនាធិតេយ្យ និងធ្វើស្ពានអាកាសឲ្យបានច្រើនជាងនេះ ទើបអាចកាត់បន្ថយការកកស្ទះចរាចរណ៍បាន៖ «ចង់ស្នើឲ្យរដ្ឋាភិបាលធ្វើស្ពានខ្ពស់ៗ កែច្នៃផ្លូវយើងឲ្យបានខ្វាត់ខ្វែងវាល្អ ដើម្បីឲ្យចរាចរណ៍យើងវាស្រួលបើកបរទៅវិញទៅមក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ