UN ទាមទារ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​បកស្រាយរឿង​មិន​ឲ្យ​លោក​ សម រង្ស៊ី ចូលស្រុក

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបកស្រាយពីការចេញវិធានការទប់ស្កាត់មិនឲ្យប្រធានបក្សប្រឆាំងវិលត្រលប់មកកកម្ពុជាវិញមុនពេលបោះឆ្នោត ដោយអះអាងថាសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះគឺមិនសមហេតុផល។

សារព័ត៌មាន The Cambodia daily បានដកស្រង់សម្តីរបស់តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី វ៉ាន ហៀងលី ថារដ្ឋាភិបាលត្រូវបកស្រាយពីការមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រលប់មកកម្ពុជា ដោយលោកស្រីអះអាងថាសេចក្តីសម្រេចនេះគឹមិនសមហេតុផល ពោលគឺគ្មានហេតុផលនិងធ្វើឡើងតាមអំពើចិត្ត។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានបដិសេធក្នុងការឆ្លើយតបទៅនឹងការលើកឡើងនេះដោយបង្វែរសំណួរទៅកាន់រដ្ឋាភិបាលវិញ។

អ្នកនាំពាក្យប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា បានបង្វែរសំណួររបស់វីអូឌីទៅកាន់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី តែវីអូឌីមិនទាន់អាចទាក់ទងលោក កែវ រ៉េមី បាននៅឡើយទេ ដោយទូរសព្ទលោកហៅចូលជាច្រើនលើកតែគ្មានអ្នកទទួល។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាមិនមែនតែតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតែប៉ុណ្ណោះទេ សូម្បីតែលោកនិងប្រជាជនខ្មែរមូយចំនូនក៏ចង់ឲ្យមានការបកស្រាយពីការសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះដែរ។ លោកថាទៅតាមទិដ្ឋភាពផ្លូវច្បាប់ គឺពុំមានច្បាប់ណាមួយចែងពីការហាមប្រាមជនជាតិខ្លួនមិនឲ្យវិលត្រលប់មកស្រុកកំណើតខ្លួនទេ។

លោកមានប្រសាសន៍ថា៖ «អញ្ចឹងហើយអ្វីដែលខ្ញុំចង់ឃើញនោះ គឺចង់ឃើញរដ្ឋាភិបាលមានការបកស្រាយជាក់លាក់ តើអ្វីជាមួលហេតុពិតប្រាកដនូវអ្វីដែលជាការហាមប្រាមមិនឲ្យលោក សម រង្ស៊ី វិលត្រលប់មកវិញ។ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើងជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ ប្រកួតប្រជែងដោយសេរីពហុបក្ស ហើយមិនត្រូវបានផាត់ចោលក្រុមណាមួយឬក៏ជនណាម្នាក់ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាលនោះ»។

លោក សូ ចន្ថា យល់ថាការដែលរដ្ឋាភិបាលចេញបំរាមបែបនេះ គឺវាបានបង្ហាញថារដ្ឋាភិបាលមិនទាន់បានគោរពច្បាប់ពេញលេញភាពមិនពិតប្រាកដនៃប្រជាធិបតេយ្យនៅកម្ពុជា និងការចាត់ទុកគ្នាជាសត្រូវរបស់អ្នកនយោបាយ ជាពិសេសគឺការព្រួយបារម្ភរបស់រដ្ឋាភិបាលចំពោះវិលត្រលប់វិញរបស់លោក សម រង្ស៊ី។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១២ តុលាកន្លងទៅ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី ត្រលប់ចូលស្រុកវិញបាន។

លិខិតនេះត្រូវបានលោក សម រង្ស៊ី បង្ហោះនៅលើហ្វេសបុករបស់ខ្លួនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសថាលោកនឹងវិលចូលស្រុកវិញមុនពេលបោះឆ្នោត ប៉ុន្តែបានទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយនិងសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ