តុលាការ​កោះ​ហៅអតីតសមាជិកគណៈកម្មការបុណ្យលោក កែម ឡី ជា​លើក​ទី​២

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 5:13 PM | កែម ទ្បីនយោបាយ | 0 | 1498 លោក មឿន តុលា និងលោកលោក ប៉ា ងួនទៀង

សាលា​ដំបូង​រាជធានីភ្នំពេញ បានចេញ​ដី​កាកោះ​ហៅអតីតសមាជិកគណៈកម្មការបុណ្យលោក កែម ឡី ជា​លើក​ទី២ បន្ទាប់ពីខកខាន ​ករណី​​បណ្តឹងដោយប្រធានបក្សមួយ ពាក់ព័ន្ធរឿងថវិកាបុណ្យសព លោក កែម ឡី។

អតី​ត​សមាជិក​គណៈ​កម្មាការ​បុណ្យ​លោក​ កែម ឡី មាន​ព្រះ​តេជ​គុណ​ ប៊ុត ប៊ុនតិញ លោក​ ប៉ា ងួនទៀង និង​លោក ម៉ឿន តុលា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ម្តង​រួច​មក​ហើយ​កាល​ពី​ដើម​ខែ​តុលានេះ ​ឲ្យ​ឆ្លើយ​បំភ្លឺពាក់​ព័ន្ធនឹង​លុយ​បុណ្យ​សព​លោក​ កែម ឡី ដែល​ប្តឹង​ដោយ​ប្រធានបក្ស​យុវជន​កម្ពុជា​លោក ពេជ្រ ស្រស់។

ក្នុង​ដី​កាកោះចំនួន​៣​​ចុះ​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​លោក គុជ គឹមឡេង បាន​កោះ​ហៅ​អតី​ត​ប្រធាន​គណៈកម្មាការ​បុណ្យ​សព​ជា​លើក​ទី​២ ឲ្យ​ចូល​មក​ទៅឆ្លើយ​បំភ្លឺនៅ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៧ និង​៨ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ខាង​មុខ ដែលថា ​ពាក់​ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព​លោក ​កែម ឡី និង​បទ​រំលោភ​លើ​ទំនុកចិត្ត ​ដែល​បាន​ប្តឹង​ដោយ​លោក​ ពេជ្រ ស្រស់។

អតី​តគណៈកម្មាការ​បុណ្យ ​ដែល​ត្រូវ​កោះ​ហៅ​លោក ម៉ឿន តុលា មានប្រសាសន៍​ថា ​លោកមិន​ទាន់​ទទួល​បាន​ដី​កា​កោះ​នេះ​នៅ​ឡើយ​ទេ តែ​លោក​ថា ​លោកត្រៀម​​​នឹង​ចូលទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាតាម​ការ​​កោះ​នេះ។

លោក​ថា៖ «ខ្ញុំ​គិត​ថា ​ខ្ញុំ​ត្រៀម​ថា​ នឹង​ទៅ​ឆ្លើយ​ពីព្រោះ រាល់​ការ​ចោ​ទ​ប្រកាន់​ទាំង​អស់​នោះ ​វា​មិន​មែន​ជា​ការ​ពិត ហើយ​យើង​ច្បាស់​ខ្លួន​យើង​ថា ​យើង​អត់​បាន​ប្រព្រឹត្តិ​រឿង​អី​ខុស​ឆ្គង វា​អត់​មានបទ​ល្មើស​អី​មក​លើ​យើង​នោះ​ណា។ អញ្ចឹងយើង​គ្មាន​អី​ដែល​នឹង​ត្រូវ​ខ្លាច​ ឬ​គេច​វេស ​មិន​ឆ្លើយ​នោះ​ទេ​។ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​រង​ចាំ​ពិភាក្សា​ជា​មួយ​មេធាវី​ខ្ញុំ​សិន ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ»

វី​អូ​ឌី ​មិន​ទាន់​អាច​ទាក់​ទង​លោក ប៉ា ងួនទៀង និង​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​នៅឡើយ​ទេ។​ ទោះជាយ៉ាងណា ព្រះ​តេជ​គុណ​ ប៊ុត ប៊ុនតិញ​ ធ្លាប់​បានបញ្ជាក់ជំហរថា មិនចូលបំភ្លឺនៅតុលាការនោះ​ទេ​ ដោយ​ព្រះអង្គ​មាន​ថេរដីកាថា ព្រះអង្គជាសង្ឃ ដូច្នេះ បើមានបញ្ហាអីអាចប្តឹងទៅស្ថាប័នសង្ឃ ដើម្បីរក​ដំណោះ​ស្រាយបាន​​។

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ​លោក លី សុផាណា​ ពី​ចំណាត់​ការ​បន្ត​របស់​​សាលា​ដំបូងរាជធានីបាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី២៥តុលា​នេះ។​

អតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ធ្លាប់បានលើកឡើងថា គណៈកម្មការបុណ្យ បានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ ហើយ​រាល់​បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និងបញ្ចូលផ្ទាល់ទៅកាន់​គណនេយ្យ​ធនាគារ​របស់​ភរិយានៃសពលោក កែម ឡី។ អតីតសមាជិកនៃគណៈកម្មការ ក៏បានច្រានចោលការចោទ លើ​​ភាព​មិនច្បាស់លាស់នៃបណ្តឹង ហើយថា ការប្តឹងនេះ គឺរឿងនយោបាយច្រើនជាង​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required