ពលរដ្ឋខេត្តស្ទឹងត្រែងស្នើរដ្ឋាភិបាលបើកទំនប់វារីអគ្គិសនី ខណៈទឹកកំពុងឡើងខ្ពស់លិចភូមិ

ទឹកកំពុងឡើងលិចភូមិជន​ជាតិ​ដើ​មភាគតិច សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង (រូបភាពពី Krama News)

ជន​ជាតិ​ដើ​មភាគតិចដែលរងផលប៉ះពាល់ពីការសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនបន្ថយការតម្លើងកម្ពស់ទឹកក្នុងអាង ខណៈទឹកកំពុងឡើងលិចភូមិកាន់តែខ្លាំង។

កាលពីថ្ងៃទី១៧តុលាឆ្នាំ២០១៧ ក្រុមហ៊ុនដែលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង បានបិទទំនប់ទឹកបំពេញអាង ដើម្បីដំណើរការតួប៊ីន។

ពលរដ្ឋជាជនជាតិភាគតិចម្នាក់ នៅភូមិស្រែគរ លោក ហ្វុក ឃឿន ប្រាប់វីអូឌីនៅថ្ងៃទី២៥តុលានេះ ថា ចាប់តាំងពីក្រុមហ៊ុនបិទទំនប់មក ទឹកបានឡើងខ្លាំង ដោយកន្លែងខ្លះ កម្ពស់ឡើងដល់៥ទៅ៦ម៉ែត និងលិចផ្ទះពលរដ្ឋ ដែលមិនអាចរស់នៅកើតនោះទេ។ លោកបន្តថា ពលរដ្ឋមួយចំនួន ដែលមិនព្រមទទួលយកសំណងចាកចេញ បានត្រៀមខ្លួន និងជម្លៀសចេញទៅរកទីទួលមានសុវត្តិភាពហើយ។

លោកបន្ថែមថា «វាមានផលលំបាកច្រើន ហើយក្នុងនោះ អ្នកភូមិក៏ខូចចិត្តដែរ ដោយសារតែការបាត់បង់ទ្រព្យសម្បត្តិរបស់ គាត់ដែលមានកន្លែងមកដូចជាម៉ាស៊ីន ដូចជា គ្រឿងសង្ហារឹមធ្ងន់ៗ ដែលគាត់មិនអាចលើកទាន់នៅពេល ទឹកឡើងជន់មក ហ្នឹងគឺពួកគាត់ មិនអាចលើកទាន់គឺនៅត្រាំទឹកនៅឡើយ។ អញ្ចឹង បើក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរខេត្តបើគាត់មិនបើកទឹក គឺប្រជាពលរដ្ឋនឹងបាត់បង់យ៉ាងច្រើននូវធនធាន ដែលពួកគាត់មានកន្លងមក»។

ជនជាតិដើមម្នាក់ទៀត នៅភូមិក្បាលរមាស លោក ប្រាច់ រិទ្ធ ឲ្យដឹងថា នៅភូមិក្បាលរមាស មានពលរដ្ឋ៥៨គ្រួសារ ដែលមិនព្រមទទួលយកសំណងចេញចេញ ហើយថា បន្ទាប់ពីក្រុមហ៊ុនបិទទំនប់ បានឲ្យប៉ះពាល់និងបំផ្លាញ ផលដំណាំ ស្រែចំការ និងទ្រព្យមួយចំនួនទៀត ដែលពួកគេ យកចេញមិនទាន់។

លោកបន្តថា បើទោះបីជាមាន ការលិចលង់ខ្លាំងយ៉ាងណា ក៏ដោយ គឺពួកគាត់នៅតែរក្សារជំហរ មិនព្រមចាកចេញនោះទេ ដោយថា ពួកគេ មិនអាចទៅចោលភូមិចាស់ មិនចង់បាត់វប្បធម៌ប្រពៃណី និងអបីយជំនឿផ្សេងៗ។

លោកបន្តថា «យើង មិនយកសំណងរបស់រដ្ឋាភិបាល និងក្រុមហ៊ុន ដោយសារភូមិកំណើតយើងតាំងពីជំនាន់មុន តាំងដូន តាយើងចាស់ៗ ពីមុនដែលគាត់បន្សល់ទុកឲ្យយើង ប្រសិនកាលណាយើងទៅចោលនូវទឹកដី ដែលពួកគាត់ទុកឲ្យសម្រាប់ កូនចៅជំនន់ ក្រោយថែរក្សារមានន័យថា យើងបោះបង់គាត់ចោលទាំងអស់ ហើយនៅពេលហ្នឹងអត្តសញ្ញាណជនជាតិដើមភាគតិចយើង ក៏ត្រូវបាត់បង់ដែរ ដូចជាថ្នូរដូនតា ព្រៃអ្នកតា ព្រៃជំនឿ ក៏ត្រូវបាត់បង់ដែរ ទៅកន្លែងថ្មីគឺអ្វីៗថ្មីទាំងអស់ វាត្រូវបាត់បង់ចាស់ៗ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីតំណាង​ក្រុម​ហ៊ុនវ៉ារីអគ្គិសនីបានទេ ចំពោះបញ្ហានេះ ប៉ុន្តែកាលពីថ្ងៃទី២៤តុលា តំណាងក្រុមហ៊ុនម្នាក់ លោក ឆាយ ម៉េង បានប្រាប់កាសែតក្នុងស្រុកមួយថា ក្រុមបច្ចកទេស​ បានកំណត់នីវ៉ូទឹកទំនប់នេះ ឲ្យឡើងខ្ពស់ជាង៧០ម៉ែត្រ ​ដើម្បីដំណើរការតួប៊ីនទី១ នៅខែវិច្ឆិកាខាងមុខ។

អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ ​​ទទួលស្គាល់ថា ទឹកកំពុងឡើងលិចផ្ទះអ្នកភូមិ ប៉ុន្តែលោកថា ក្រុមហ៊ុននិងអាជ្ញាធរមិនអាចបន្ថយ ​ឬ បើកទំបន់បានទេ ដោយថា នេះជាបច្ចេកទេស ដើម្បីដំណើរការទំនប់វ៉ារីអគ្គិសនី។

តែទោះយ៉ាងណា លោកថា អាជ្ញាធរ បានត្រៀមកំលាំង និងសំភារៈរួចហើយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទាំងនោះដោយថា មិនទុកឲ្យពួកគេចោលនោះទេ។

លោកបន្ថែមថា «យើង អត់បោះបង់គាត់ដែរ យើងនៅតែត្រៀមទាំងកំលាំង ក៏ដូចជាមធ្យោបាយផ្សេងៗ ដើម្បីជួយពួកគាត់។ យើងមានផែនការរួចហើយ នឹងចុះពិនិត្យស្ថានភាព នៃការរស់នៅរបស់ពួកគាត់តាមមូលដ្ឋានថ្មី ដោយឡែកសំណងដែលធ្វើបានត្រៀមប្រគល់ជូនពួកគាត់ យើងអត់បង្ខំ យើងយល់ណាស់ ការសម្រេចគាត់មានការភ័ន្តច្រឡំ ឬក៏គាត់យល់ថាតាមអ្នកណាម្នាក់ ឬ អង្គការណាមួយ! យើងទុកឱកាសឲ្យគាត់ពិចារណាដោយខ្លួនឯង»។

បើតាមពលរដ្ឋ គម្រោងទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២នេះ​ បានធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិចំនួន​៦ភូមិ នៃ​ឃុំ​ចំនួន​ពីរ ​ក្នុង​ស្រុក​​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ចំនួន ៨៤៦គ្រួសារ​ ហើយថារហូតមកដល់ពេលនេះ មានពលរដ្ឋប្រមាណ៨៧%ព្រមទទួលសំណង ខណៈ១០០គ្រួសារទៀតមិនព្រមចាកចេញ។

ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ កន្លងមកក្រុមពលរដ្ឋធ្លាប់ដាក់ញត្តិតាមស្ថាប័នរដ្ឋមួយចំនួនដូចជា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធផ្សេងៗឲ្យជួយដោះស្រាយ ប៉ុន្តែរហូតពេលនេះ មិនមានដំណោះស្រាយនោះទេ ហើយថា អាជ្ញាធរខេត្តតែងតែគំរាមកំហែង និងបង្ខំឲ្យពលរដ្ឋទទួលយកសំណង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ