ក្រុម​អ្នក​រិះគន់​បារម្ភ​រឿង​ភាព​ឯកជន ខណៈ​ថៃ​ជំរុញ​ការ​រឹត​បន្ដឹង​ច្បាប់​អ៊ិនធឺណិត

រដ្ឋាភិបាលយោធាថៃ កំពុងតែជំរុញទៅមុខនូវច្បាប់ជាច្រើន ដើម្បីពង្រឹងសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត ប៉ុន្តែ ក្រុមអ្នករិះគន់និយាយថា ការសម្រេចបែបនេះ អាចបណ្ដាលឲ្យមានការឃ្លាំមើលតាមប្រព័ន្ធអ៊ិនធឺណិតកាន់តែខ្លាំង បង្កជាក្ដីបារម្ភចំពោះភាពឯកជនរបស់បុគ្គលម្នាក់ៗ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចប្រជុំសភាជាសាធារណៈកាលពីថ្ងៃពុធកន្លងមកនេះ ទៅលើការធ្វើវិសោធនកម្មច្បាប់បទឧក្រិដ្ឋកម្មកុំព្យូទ័រ បានទទួលប្រតិកម្មចម្រុះ។ មនុស្សមួយចំនួន បានបង្ហាញក្ដីបារម្ភជុំវិញការកំណត់និយមន័យមិនច្បាស់នៃច្បាប់នេះ ជុំវិញអ្វីគេកំណត់ថាជា “ព័ត៌មានខុសឆ្គង” ដោយសារតែវាត្រូវបានគេប្រើប្រាស់រួមគ្នាជាមួយនឹងបណ្ដឹងឧក្រិដ្ឋ និងបណ្ដឹងបរិហារកេរ្តិ៍ព្រះមហាក្សត្រ។

ត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងកាលពីឆ្នាំ២០០៧ ច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ត្រូវបានតាក់តែងឡើងដើម្បីការពារមនុស្សប្រឆាំងនឹងមេរោគតាមអ៊ិនធឺណិត ការលួចចូលយក និងចម្លងទិន្នន័យ ដោយដាក់ទោសទៅលើជនប្រព្រឹត្តឲ្យជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ១សែនបាត។ ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំមកនេះ ច្បាប់នេះរងការរិះគន់ថា វាត្រូវបានរដ្ឋ និងអ្នកដទៃទៀត ប្រើប្រាស់ធ្វើជាឧបករណ៍គំរាមកំហែងតាមផ្លូវច្បាប់ នៅក្នុងបណ្ដឹងបរិហាកេរ្តិ៍។

ប៉ុន្តែ ប្រធានកិច្ចប្រជុំ លោក ឆាតឆាវ៉ាន់ សុកស៊ុំកិត បាននិយាយថា គណៈកម្មាធិការចង់សម្របសម្រួលគ្រប់គណបក្សនយោបាយ ហើយច្បាប់ថ្មី គួរតែមានលក្ខណៈអាចការពារសិទ្ធិអ្នកប្រើប្រាស់អ៊ិនធឺណិត និងមិនផ្ដល់អំណាចលើសលប់ដល់អាជ្ញាធរស៊ើបអង្កេតនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ