NGOs សម្តែងការខកចិត្តចំពោះអាជ្ញាធរដែលរារាំងមិនឲ្យយុវជនផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

អង្គការសង្គមស៊ីវិលប្រមាណ១០ បង្ហាញការខកចិត្តចំពោះអាជ្ញាធរ ដោយថាបានបង្ករការរំខាននិងរារាំងមិនឲ្យយុវជនធ្វើសកម្មភាពផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យអុំទុកនិងតាមបណ្តារាជធានីខេត្តនាពេលកន្លងមក។

ក្នុងសេចក្តីប្រកាសព័ត៌មានរូមចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គការទាំងនោះឲ្យដឹងថា កាលពីអំឡុងពេលថ្ងៃបុណ្យអុំទូកថ្ងៃទី ១៣-១៤-១៥ កន្លងមកនេះមានយុវជនស្ម័គ្រចិត្តនិងយុវជនមកអង្គការនានាប្រមាណ៦០នាក់ បាននាំគ្នាធ្វើសកម្មភាពចុះអប់រំនិងផ្សព្វផ្សាយ ដល់ពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែត្រូវសន្តិសុខសណ្តាប់ធ្នាប់នៃពិធីបុណ្យអុំទូក រារាំងមិនឲ្យផ្សព្វផ្សាយ និងបានឃាត់ខ្លួនដកហូតទូរសព្ទដៃរបស់យុវជនមួយក្រុម ដោយឲ្យផ្តិតមេដៃបញ្ឈប់សកម្មភាពចុះផ្សព្វផ្សាយថែមទៀត។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ករណីអាជ្ញាធររារាំងយុវជនមិនឲ្យធ្វើយុទ្ធនាការចុះឈ្មោះបោះឆ្នោតនេះ គឺធ្វើឲ្យប៉ះពាល់ដល់ដំណើរចុះឈ្មោះបោះឆ្នោត ដោយថាពលរដ្ឋមួយចំនួនមិនបានដឹងពីដំណើរចុះឈ្មោះបោះឆ្នោតនោះទេ ខណៈដែលពលរដ្ឋជាង២លាននាក់ទៀតមិនទាន់បានចុះឈ្មោះបោះឆ្នោតឡើយ។

លោកបន្ថែមថា៖ «យើងជួយ គ.ជ.ប ដើម្បីឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត បើមិនឲ្យយើងផ្សព្វផ្សាយ មិនឲ្យយើងជូនដំណឹងទៅប្រជាពលរដ្ឋ អាហ្នឹងវាជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយជាពិសេសប៉ះពាល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ»។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានទេចំពោះករណីនេះ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង៧លាន ៥៣ម៉ឺននាក់ ឬស្មើនឹង ៧៧.៩៩ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។

ទោះជាយ៉ាងណា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅក្រោម ៥ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកានេះ ដែលនាំឲ្យមានក្ដីបារម្ភថា ការចុះបញ្ជីពលរដ្ឋមិនអាចសម្រេចតាមការគ្រោងទុករបស់ គ.ជ.ប. នោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អង្គការទាំងនោះក៏បានសំដែងការខកចិត្តចំពោះ គ.ជ.ប ដែរ ដោយថា គ.ជ.ប មិនអាចការពារយុទ្ធនាចុះអប់រំនិងការផ្សព្វផ្សាយជាមួយការប្រើប្រាស់ឧបករណ៍បំពងសម្លេង ដែលក្រុមអង្គការយល់ថាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត។

ក្រុមអង្គការទាំងនោះបានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសត្រូវផ្តល់កិច្ចសហការឲ្យបានទូលំទូលាយជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានា ជំរុញយុទ្ធនាការអប់រំ ផ្សព្វផ្សាយនិងផ្តល់ព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានច្រើនជាអតិបរិមា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ