បក្ស​ប្រឆាំ​ង​ស្នើ គ.ជ.ប បន្ថែម​​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​៣​ថ្ងៃទៀត

ប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត (ពៅ មេត្តា)

គណបក្សសង្គ្រោះជាតិបានស្នើទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការបន្ថែមពេលចុះឈ្មោះបោះឆ្នោតរយៈពេល៣ថ្ងៃទៀត ដើម្បីទុកឱកាសឲ្យអ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត អាចទៅចុះឈ្មោះបាន។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានឲ្យអ្នកសារព័ត៌មានដឹងក្រោយពីបញ្ចប់កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៥ វិច្ឆិកានេះថា គណបក្សបានស្នើទៅកាន់ គ.ជ.ប ក្នុងការបន្ថែមពេលយ៉ាងតិច៣ថ្ងៃទៀត ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត បានទៅចុះឈ្មោះ។ ការស្នើសុំនេះ ក៏ព្រោះគណបក្សនេះមើលឃើញថា ថ្វីត្បិតតែចំនូនអ្នកចុះឈ្មោះនៅពេលនេះមានការថយចុះ ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋនៅទៅចុះនៅឡើយ។ លោកបន្ថែមថា ការសុំឲ្យបន្ថែមនេះ ក៏ព្រោះចង់ឲ្យប្រជាពលរដ្ឋមានឱកាសទទួលបានការអនុវត្តសិទ្ធិរបស់ខ្លួន។

លោកថា៖ «សុំពន្យារពេលបីថ្ងៃ សម្រាប់ការចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ណាដែលមានប្រជាពលរដ្ឋចាប់ពី៥០នាក់ឡើងទៅ ក្នុង១ថ្ងៃនៅតែមានទៅចុះឈ្មោះទៀត ឧទាហរណ៍នៅទីក្រុងភ្នំពេញអី មាន៩ពាន់នាក់ ម្សិលមិញ ហើយមានខេត្តមួយចំនួនទៀតពី១៥០០ ទៅ៣ពាន់នាក់ ឃើញនៅមានចំនួនច្រើន អញ្ចឹងយើងស្នើសុំឲ្យ គ.ជ.ប ពន្យារការចុះឈ្មោះចំនួន៣ថ្ងៃ។ ៣ថ្ងៃហ្នឹង គឺផ្តោតអារម្មណ៍ទៅលើកន្លែងណាដែលមានអ្នកចុះឈ្មោះចាប់ពី៥០នាក់ឡើងទៅ»។

ចំពោះការស្នើនេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប នឹងយកសំណើនេះទៅពិចារណា និងថាការសម្រេចយ៉ាងណានោះ នឹងចេញនៅចុងខែនេះ ពេលដែលបិទបញ្ចប់ការចុះឈ្មោះ ក៏ប៉ុន្តែលោកបានឲ្យដឹងថាបញ្ហាថវិកានិងពេលវេលា ជាអ្វីដែល គ.ជ.ប ត្រូវប្រឈមសំរាប់ដំណើរការចុះឈ្មោះនេះ។

លោកថា៖ «ចំណុចនេះ គ.ជ.ប ពុំទាន់មានការសម្រេចយ៉ាងណានោះទេ ចម្លើយនៅតែចង់ជម្រាបថា លុះត្រាតែធ្វើការបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតបាន គ.ជ.ប វាយតម្លៃក្នុងការសម្រេចចិត្ត។ … នេះហើយដែលជាបញ្ហា គ.ជ.ប នៅពេលដែលទទួលពាក្យមួយម៉ាត់ថា ពន្យារថ្ងៃភ្លាមណា គ.ជ.ប ត្រូវចំណាយលុយប៉ុន្មានបន្ថែមទៀត ពីព្រោះ៩០ថ្ងៃហើយ នៅតែមិនអញ្ចើញមកចុះ ហើយ៣ថ្ងៃ តើគាត់អញ្ចើញមកចុះអត់? នេះជាបញ្ហា! សំណើ អនុសាសន៍ចេះតែស្នើមក តែលទ្ធភាពជាក់ស្តែងនិងជំហានបឋមដែលសមាជិក គ.ជ.ប លោកបានចុះទៅខេត្តនោះណាហាក់បីដូចជាអស់ហើយ នៅសល់តែអ្នកអត់នៅក្នុងភូមិទេដែលអត់បានចុះនិងចាស់ទុំបន្តិចបន្តួចនិងអ្នកមានបញ្ហាឯកសារតិចតួច»។

ការចុះឈ្មោះបោះឆ្នោតគឺនៅសល់រយៈពេលត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី២៤ វិច្ឆិកា គ.ជ.ប បានទទួលចុះឈ្មោះប្រជាពលរដ្ឋជាង៧លាន៥៣ម៉ឺននាក់ហើយ ឬស្មើនឹង៧៧.៩៩% នៃអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុប។

កាលពីម្សិលមិញ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA ក៏បានស្នើសុំពន្យារពេលចុះឈ្មោះបោះឆ្នោតនេះដែរ ដោយស្ថាប័ននេះរកឃើញថារាជធានី-ខេត្ត យ៉ាងតិចចំនួន១៣ ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាម និងខេត្តមួយចំនួនទៀត ចំនួនអ្នកទៅចុះឈ្មោះនៅទាបនៅឡើយ។ ស្ថាប័ននេះរកឃើញផងដែរថា ដោយសារតែកង្វះព័ត៌មាន ខ្វះឯកសារ ការបង្កការលំបាកពីអាជ្ញាធរក្នុងការបំពេញបែបទបញ្ជាក់ឯកសារ សម្រាប់បម្រើឲ្យកិច្ចការបោះឆ្នោត និងបញ្ហាមួយចំនួនទៀត ទើបធ្វើឲ្យប្រជាពលរដ្ឋអាក់ខានទៅចុះឈ្មោះបោះឆ្នោតនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ